ព័ត៌មានជាតិ
នាយទាហានវ័យក្មេងកម្ពុជា៤រូប នឹងទៅសិក្សានៅសាលាបណ្ឌិតសភាយោធានៅប្រទេសជប៉ុន នៅខែក្រោយ
នាយទាហានវ័យក្មេងរបស់កម្ពុជាចំនួន៤រូប នឹងទៅសិក្សានៅសាលាបណ្ឌិតសភាយោធានៅក្នុងប្រទេសជប៉ុន នៅក្នុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ នាយទាហានវ័យក្មេងទាំង៤រូបនេះ គឺអនុសេនីយទោ អ៊ិន វីរៈបញ្ញា មកពីសាកលវិទ្យាល័យការពារជាតិ ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅក្នុងប្រទេសជប៉ុន។ ដោយឡែក ពលបាលត្រី ឈិន ដារីយ៉ាន ពលបាលទោ ហួរ ម៉េងឡេង មកពីសកលវិទ្យាល័យការពារជាតិ ទៅសិក្សាថ្នាក់បរិញ្ញាបត្រ ខណៈពលទោ ទិញ ស៊ុនហុង មកពីបញ្ជាការដ្ឋានជាតិកងកម្លាំងពិសេសប្រឆាំងភេរវកម្ម ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងប្រទេសជប៉ុន។

នាយទាហានវ័យក្មេងរបស់កម្ពុជាចំនួន៤រូបនេះ ត្រូវបានស្ថានទូតជប៉ុនប្រចាំកម្ពុជា រៀបចំជប់លៀង និងជូនដំណើរទៅសិក្សានៅប្រទេសជប៉ុនកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានរំលឹកថា ទំនាក់ទំនងរវាងសាលាបណ្ឌិតសភាយោធាជប៉ុន និងប្រទេសកម្ពុជា បានចាប់ផ្តើមនៅពេលដែលនិស្សិតកម្ពុជាដំបូង២រូប បានទៅសិក្សាវគ្គនាយទាហានសកម្មរបស់សាលាបណ្ឌិតសភាយោធាជប៉ុនក្នុងខែមេសា ឆ្នាំ២០០១ ហើយនិស្សិតម្នាក់ទៀត បានទៅសិក្សានៅវគ្គទី១នៃវគ្គអនុបណ្ឌិតនៅក្នុងឆ្នាំ២០០២។ លោកបន្តទៀតថា ចាប់តាំងពីពេលនោះមក និស្សិតកម្ពុជា២រូប ត្រូវបានបញ្ជូនទៅសិក្សានៅសាលាបណ្ឌិតសភាយោធាជប៉ុនជារៀងរាល់ឆ្នាំ ហើយនិស្សិតកម្ពុជាសរុបចំនួន៥២នាក់ហើយ ត្រូវបានបញ្ជូនទៅសិក្សានៅវគ្គនាយទាហានសកម្ម និងវគ្គអនុបណ្ឌិតនៃសាលាបណ្ឌិតសភាយោធាប្រទេសជប៉ុន។

លោក UENO Atsushi បានមានប្រសាសន៍ថា៖ «ចាប់ពីឆ្នាំ២០២៤ យើងខ្ញុំបានបង្កើនចំនួននិស្សិតកម្ពុជាដែលទទួលចូលរៀនក្នុងវគ្គសិក្សាទៀងទាត់នៃសាលាបណ្ឌិតសភាយោធាជប៉ុនពី២នាក់ ទៅ ៣នាក់ ដោយសារនិស្សិតកម្ពុជាទាំងអស់ជំនាន់មុន ធ្វើបានល្អក្នុងការសិក្សា និងដើម្បីឆ្លើយតបទៅនឹងសំណើរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា»។ ដូច្នេះហើយ លោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សង្ឃឹមថា និស្សិតកម្ពុជាចំនួន៤នាក់ដែលត្រៀមចេញទៅសិក្សានៅសាលាបណ្ឌិតសភាយោធាជប៉ុននៅក្នុងខែមសា ខាងមុខនេះ នឹងដើរតាមគន្លងរបស់និស្សិតជំនាន់មុន ដោយខិតខំសិក្សា និងកសាងមិត្តភាពមិនត្រឹមតែជាមួយនិស្សិត បេក្ខជន មន្រ្តី កងកម្លាំងស្វ័យការពារជាតិជប៉ុនប៉ុណ្ណោះទេ ថែមទាំងជាមួយនិស្សិតអន្តរជាតិមកពីប្រទេសនានាផងដែរ ដើម្បីទទួលបានបទពិសោធន៍សិក្សាប្រកបដោយផ្លែផ្កា។

ចំណែក លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា ឆ្នាំ២០២៥នេះ គឺជាឆ្នាំវិសេសវិសាលដែលក្រសួងការពារជាតិជប៉ុនបានតែងតាំងលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាអនុព័ន្ធយោធាជប៉ុនលើកដំបូងប្រចាំនៅប្រទេសកម្ពុជា។ លោកនាយឧត្តមសេនីយ៍ បានអះអាងថា នេះ គឺជាដំណឹងល្អក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់ក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធាMCCG និងក្រុមការងារស្ថានទូតជប៉ុនប្រចាំកម្ពុជាដែលបានសហការយ៉ាងជិតស្និតក្នុងការជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ដើម្បីទៅសិក្សាវគ្គផ្សេងៗនៅក្នុងប្រទេសជប៉ុន ដូចជា វគ្គបណ្ឌិតសភាយោធា វគ្គអនុបណ្ឌិត វគ្គបញ្ជាការសេនាធិការជាដើម។ លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ចំពោះសមិទ្ធផលជាង២០ឆ្នាំកនកកន្លងមកនេះ ការជ្រើសរើសសិក្ខាកាមទៅសិក្សានៅប្រទេសជប៉ុន គឺប្រកបដោយតម្លាភាព ដោយជ្រើសរើសបេក្ខជនដែលមានសមត្ថភាព ឆន្ទៈ វិន័យ និងសីលធម៌ល្អ។

លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានអះអាងថា៖« ក្រោយពីបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ក្រសួងការពារជាតិកម្ពុជា បានយកចិត្តទុកដាក់រៀបចំឱ្យចំគោលដៅតាមជំនាញរៀងៗខ្លួន ទាំងចំណុះក្រសួងការពារជាតិ និងចំណុះអគ្គបញ្ជាការដ្ឋាន ដើម្បីងាយស្រួលក្នុងការចូលរួមចំណែកក្នុងកំណែទម្រង់ស៊ីជម្រៅនៃកងយោពលខេមរភូមិន្ទ»។ ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ភួង ស៊ីផាន មានជំនឿចិត្តយ៉ាងមុតមាំថា នាយទាហានដែលបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងជួយជំរុញកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងប្រទេសទាំង២កម្ពុជា-ជប៉ុនឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?