ព័ត៌មានជាតិ
តើកម្ចីកើនឡើងជាសញ្ញាវិជ្ជមាន ឬអវិជ្ជមាន? មន្រ្តីសមាគមធនាគារលើកយកចំណុចគន្លឹះៗយកទៅពិចារណា
តាមទិន្នន័យពីធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ទំហំឥណទាន ឬកម្ចីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាមានប្រមាណជិត ៦០ ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ ២០២៤ កន្លងទៅនេះ។
មន្រ្តីសមាគមធនាគារនៅកម្ពុជា បានបកស្រាយពីស្ថានភាពបំណុលនៅកម្ពុជា រួមទាំងពន្យល់ពីផលជះនៃឥណទានកើនឡើង ជាសញ្ញានាំផលវិជ្ជមានឬអវិជ្ជមាន?

លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា នៅឆ្នាំ ២០២៤ នេះ ឥណទានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ កើនឡើងក្នុងល្បឿនយឺត ប្រមាណជា ៣% ប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២៣ ដែលមានកំណើនប្រមាណ ៥%។ ក្នុងនោះអតិថិជនប្រើប្រាស់សេវាឥណទាន មានប្រមាណជាង ៤ លានគណនី ឬប្រមាណជា ៥លាននាក់។

លោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុ និងទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជា
ការថមថយនេះ លោក សុខ ចាន់ បានពន្យល់ថា គឺដោយសារកត្តាតម្រូវការនិងផ្គត់ផ្គង់។ ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំនិងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី។ ហើយចំពោះកត្តាផ្គត់ផ្គង់វិញ គឺដោយសារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់ និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។
យ៉ាងណាមិញ បើតាមមន្រ្តីសមាគមធនាគាររូបនេះ បើក្រឡេកមើលមួយជ្រុងទៀត ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដោយមានអត្រាកំណើន ១៦,៣%។ ជាមួយនឹងស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។
លោកបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ បញ្ញើអតិថិជនក្នុងប្រព័ន្ធធនាគារ មានរហូតដល់ ៥៧ ពាន់លានដុល្លារ ។
លោក សុខ ចាន់ បានលើកពីបំណុល ដែលធៀបបំណុល ជាមួយនឹងតម្លៃទ្រព្យ ឬទ្រព្យសុទ្ធ។ ឧទាហរណ៍ លោកពន្យល់ថា «យើងថាបំណុលយើងមានការកើនឡើង ប៉ុន្តែតម្លៃទ្រព្យរបស់យើង ដែលកើតចេញពីបំណុលក៏មានភាពប្រសើរឡើងច្រើនជាងមុន នេះឆ្លុះបញ្ចាំងថា ស្ថានភាពបំណុលរបស់យើងវិជ្ជមាន ព្រោះវាបានបង្កើនតម្លៃទ្រព្យសកម្មរបស់យើង»។
ជាឧទាហរណ៍ដ៏សាមញ្ញមួយ ដែលគឺថា «ខ្ញុំជំពាក់ធនាគារចំនួន ៥០ ០០០ ដុល្លារ ដើម្បីយកទៅទិញ្ញផ្ទះ ហើយតម្លៃទ្រព្យ ឬផ្ទះរបស់ខ្ញុំមានតម្លៃ ៦០ ០០០ ដុល្លារ ដូចនេះតម្លៃទ្រព្យសម្បត្តិសុទ្ធរបស់ខ្ញុំនៅ ១០ ០០០ ដុល្លារ។ យើងនិយាយថាយើងជំពាក់កាន់តែច្រើន ប៉ុន្តែយើងក៏មានទ្រព្យសម្បត្តិកាន់តែច្រើនផងដែរ»។

តើឥណទានកើនឡើងជាសញ្ញាវិជ្ជមាន ឬអវិជ្ជមាន?
លោក សុខ ចាន់ បានបកស្រាយថា យើងត្រូវក្រឡែកមើលអំពីការវិភាជន៍ឥណទាននោះទៅកាន់វិស័យណាខ្លះ និងការប្រើប្រាស់ឥណទាននោះត្រឹមត្រូវដែរឬទេ ហើយគុណភាពឥណទានមិនល្អមានកម្រិតណា? និយាយរួម ឥណទានក្នុងវិស័យធនាគារ បែងចែកទៅស្ទើរតែគ្រប់វិស័យទាំងអស់។
នៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំចុងក្រោយនេះ ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តោតទៅលើវិស័យផលិត (Productive Sector) ច្រើនដូចជា កម្មន្តសាល សហគ្រាសធុនតូច និងមធ្យម កសិកម្ម ដឹកជញ្ជូន ការលក់រាយ លក់ដុំ កម្ចីទិញផ្ទះផ្ទាល់ខ្លួនជាដើម។ បន្ថែមលើនេះ គុណភាពឥណទានមិនដំណើរការ បានកើនឡើងបន្តិចបន្តួចប្រមាណជា ៦% ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន។
លោកបានលើកឡើងពីសារអប់រំថា មនុស្សគ្រប់គ្នាខ្ចីប្រាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ និងបំពេញនូវគោលដៅជីវិតរៀងៗខ្លួន។ ប៉ុន្តែត្រូវយល់ថា ឥណទាន ឬកម្ចី ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ) ផ្សារភ្ជាប់ជាមួយនឹងការប្រាក់ ដែលត្រូវបង់សងត្រឡប់ប្រចាំខែទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុវិញ។
ការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុបានល្អប្រសើរ នៅពេលប្រើប្រាស់ប្រាក់កម្ចីទាំងនោះបានត្រឹមត្រូវ។ នេះបើតាមលោក សុខ ចាន់។
ផ្ទុយទៅវិញ ប្រសិនបើយើងប្រើប្រាស់ប្រាក់កម្ចីនោះខុសគោលដៅ និងមិនត្រឹមត្រូវ វានឹងជាបន្ទុកដែលនាំឱ្យមានបញ្ហាហិរញ្ញវត្ថុ។
លោក សុខ ចាន់ ក៏បានលើកយកសុភាសិតមួយរបស់លោក Benjamin Franklin ថា៖ “ត្រូវប្រយ័ត្នប្រយែងចំពោះការចំណាយ អ្នកដឹងទេថា «ចំណុចធ្លុះតូចមួយ ក៏អាចឱ្យកប៉ាល់ធំអស្ចារ្យលិចបានដែរ»។ កុំទៅខ្ចីលុយគេដោយគិតថា ងាយស្រួល ព្រោះរាល់ប្រាក់កម្ចីសុទ្ធតែមានហានិភ័យផ្នែកហិរញ្ញវត្ថុ។
លោកលើកបំណុលមាន ០២ ប្រភេទ៖ បំណុលល្អ និងអាក្រក់។ បំណុលល្អ រួមមាន៖ ទិញផ្ទះ ឥណទានអប់រំ ឥណទានអាជីវកម្ម។ បំណុលអាក្រក់៖ របស់របរដែលធ្លាក់តម្លៃដូចជារថយន្ត គ្រឿងអេឡិចត្រូនិកដូចជា ម៉ាស៊ីនត្រជាក់ និងទូរសព្ទទំនើបៗជាដើម។ របស់របរដែលមិនមានតម្លៃតបស្នងមកវិញ ដូចជា៖ សំបុត្រកុន វិស្សមកាល ទិញរបស់ថ្លៃដើម្បីបង្ហាញគេជាដើម៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?