ព័ត៌មានជាតិ
សមាគមធនាគារ និង មីក្រូហិរញ្ញ៖ រហូតមកទាល់បច្ចុប្បន្នពុំទាន់មានពលករចំណាកស្រុកពីថៃដាក់ពាក្យស្នើសុំរៀបចំឥណទានឡើងវិញនៅឡើយទេ
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) កំពុងបានការតាមដាននូវការការត្រឡប់មកវិញនៃពលករចំណាកស្រុកពីថៃ ខណៈពុំទាន់ទទួលបានរបាយការណ៍នៃការដាក់ពាក្យស្នើសុំរៀបចំឥណទានពីក្រុមគ្រួសារដែលរងផលប៉ះពាល់នៅឡើយទេ។

កាលពីចុងខែឧសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពានាវដល់សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា (CMA) ពិនិត្យលទ្ធភាពក្នុងការ ជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីប្រទេសថៃវិញ ចំពោះអ្នក ដែលមានជាប់ជំពាក់កម្ចីជាមួយធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈ ពេលកំណត់ណាមួយដែលអាចធ្វើទៅបាន។
នៅក្នុងបទសម្ភាសជាមួយ«កម្ពុជាថ្មី» លោក តូច ចៅចេក បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនិងការវិលត្រឡប់មកវិញរបស់ពលករចំណាកស្រុកពីថៃ ឃើញថា ក្នុងមួយថ្ងៃអាចមានក្នុងរង្វង់ពី ៨០០-១០០០ នាក់ ក្នុងនោះពលករមួយចំនួនក៏មានសំណាងដែរ ដោយត្រឡប់មកវិញភ្លាម មានការងារធ្វើភ្លាម និងមួយចំនួនទៀត ក៏មិនទាន់អាចជួបការលំបាកអ្វីដែរ ដោយសារពួកគេអាចសល់នូវថវិកាមួយចំនួនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោកបានសង្កត់ធ្ងន់ថា៖«រហូតមកដល់ពេលបច្ចុប្បន្ននេះយើងនៅមិនទាន់មានចំណុចណាដែលគួរឱ្យចាប់អារម្មណ៍ថា ពលករដែលត្រឡប់មកពីថៃវិញពិបាកសង ឬក៏មកសុំកម្មវិធីជំនួយពីធនាគារ គឺនៅមិនទាន់មាននៅឡើយទេ។ ប៉ុន្តែធនាគារក៏មានយន្តការរួចជាស្រេច ដូច្នេះប្រសិនបើមានពលរដ្ឋស្នើសុំយន្តការណាមួយពីធនាគារ នោះយើងនឹងចុះទៅវិភាគ និងពិនិត្យជាក់ស្តែង ប្រសិនបើពួកគេពិតជាពលករដែលទើបត្រឡប់មកពីថៃវិញមែន និងជួបការលំបាកពិតមែន នោះធនាគារនឹងមានយន្តការនៅការបន្ធូរបន្ថយណាមួយ»។

លោកថា «ជារួមកម្មករដែលទៅធ្វើការចំណាកស្រុកនៅប្រទេសថៃនោះ ភាគច្រើនជាកម្មករពេញកម្លាំង ដូច្នេះអ្នកដែលខ្ចីឥណទានភាគច្រើនគឺជាសាច់ញាតិរបស់គាត់នៅស្រុកខ្មែរ ចឹងគាត់ក៏មិនមែនមានចំណូលតែពីក្រៅស្រុកមួយដែរ គាត់ក៏មានចំណូលក្នុងស្រុកដែរ គិតមកដល់ពេលនេះ រយៈពេល ១ ខែ នេះ យើងគិតថា ឱ្យមានផលវិបាកណាស់ណានៅមិនទាន់មានគួរឱ្យកត់សម្គាល់នោះទេ»។
ទន្ទឹមនេះ លោក តូច ចៅចេក ក៏បានបន្ថែមដែរ ឆ្លើយតបទៅនិងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រួលដល់ពលករចំណាកស្រុកពីថៃ នេះដែរ សមាគមធនាគារនៅកម្ពុជា ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុក៏បានគាំទ្រដល់សំណើនេះ ហើយក៏មានយន្តការមួយចំនួនដើម្បីជួយសម្រួលដល់ពលករចំណាកស្រុកចូលមកកម្ពុជាវិញ។
យោងតាមលោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី១ ខែកក្កដាមកថា រហូតមកទាល់ពេលនេះពុំទាន់មានរបាយការណ៍ជាក់ស្តែងនៃពលករដែលបានដាក់ពាក្យសុំការជួយសម្រួលបន្ទុកនៃការបង់ប្រាក់តាមរយៈយន្តការរៀបចំឥណទានឡើងវិញឡើយ។ លោកថា រាល់សមាជិកសមាគមស្វាគមន៍ចំពោះពលករដែលបានដាក់ពាក្យស្នើសុំ។

លោកបានថ្លែងបញ្ចាក់ថា៖«គិតត្រឹមខែឧសភាឆ្នាំ២០២៥ វិស័យមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញជូនអតិថិជនរហូតដល់១៦ម៉ឺននាក់ឬ១០ ភាគរយនៃអតិថិជនសរុបក្នុងវិស័យ ដែលគិតជាទំហំឥណទានសរុបចំនួនជាង៦៣០លានដុល្លារ ឬ ជាង១០ភាគរយនៃទំហំឥណទានសរុបជាង៥ពាន់លានដុល្លារ»។
សមាគមទាំងពីរ នឹងបន្តសហការជាមួយធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីធានាថា គ្រឹះស្ថានហិរញ្ញវត្ថុនៅតែចូលរួមយ៉ាងពេញលេញនិងទូលំទូលាយក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពរបស់ប្រជាជន ទៅតាមលទ្ធភាពជាក់ស្តែង និងការដឹកនាំចង្អុល បង្ហាញរបស់ធនាគារជាតិ នៃកម្ពុជា និងរាជរដ្ឋាភិបាល»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នេះ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្នមានពលករកម្ពុជា ប្រមាណ១លាន៣សែន៨ម៉ឺននាក់ កំពុងបម្រើការងារនៅតាមប្រទេសនានា ចំនួន៧ ដោយពួកគេបានផ្ញើថវិកាមកសាច់ញាតិនៅកម្ពុជា ជាមធ្យមប្រមាណជិត៣ពាន់លានដុល្លារក្នុង១ឆ្នាំ។ ក្នុងនោះ ថៃ បានក្លាយជាប្រទេសដែលស្រូបទាញកម្លាំងពលកម្មពីកម្ពុជា ច្រើនជាងគេ ដែលបច្ចុប្បន្នមានរហូតដល់ជាង១លាន២សែននាក់ និងបានផ្ញើថវិកាត្រឡប់មកប្រទេសកម្ពុជាវិញ ជាមធ្យមប្រមាណា២ពាន់១រយលានដុល្លារក្នុង១ឆ្នាំ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


