ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ឥទ្ធិពល នៃសន្តិភាព ជំរុញឲ្យមានការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ ដែលប្រជាជនលើពិភពលោកប្រាថ្នាចង់បាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ឥទ្ធិពលនៃសន្តិភាពបានជំរុញឲ្យមានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រនិងអាណាចក្រដែលប្រជាជនលើពិភពលោកប្រាថ្នាចង់បាន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅ វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ស្ថិតក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ពិធីនេះមានការអញ្ជើញ/និមន្តចូលរួមនាឱកាសនោះរួមមាន៖ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តកំពត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ២,០០០នាក់។

លោក ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងធ្វើរបាយការណ៍នៃការកសាងវត្ត វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ដែលវត្តនេះបានចាប់ផ្តើមកសាងរហូតមកដល់ពេលនេះ គឺមានអាយុកាលប្រមាណ៣៣ឆ្នាំហើយ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ពិតណាស់ គុណតម្លៃនៃសន្តិភាព គឺជាកាលានុវត្តន៍ភាពដ៏មហស្ចារ្យដល់ដំណើរ អភិវឌ្ឍន៍ឥតឈរ និងសម្រេចបាននូវដំណើរការកែទម្រង់ស៊ីជម្រៅក្នុងវិស័យនានា ប្រកបដោយប្រសិទ្ធភាព ដែលបានចូលរួមចំណែកក្នុងការស្ដារ កសាង និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការគិតគូរជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ទន្ទឹមនឹងនេះ សម្តេច បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណដល់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង រួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានមកចូលរួមចាប់មគ្គផលក្នុងការកសារព្រះវិហារ សមិទ្ធផលនានា នៅវត្ត វត្តសុវណ្ណគិរីសាគរ (ហៅវត្តចង្ហោន) ដែលចំណាយថវិកាសាងសង់អស់ជាង ២២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ជាមួយគ្នានោះ សម្តេចកិត្តិសង្គហបណ្ឌិត បានចូលរួមត្រេកអរ អនុមោទនាជាមួយព្រះតេជគុណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទជិតឆ្ងាយ ជាពិសេសប្រជាពលរដ្ឋទាំងអស់ដែលបានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតសម្រាប់បម្រើឱ្យសេចក្តីត្រូវការនៅក្នុងទីវត្តអារាមនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធ សាសនិក និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

សម្តេច បានបន្តបន្ថែមថា ទីវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកន្លែងសិក្សារៀនសូត្រ ព្រះធម៌ វិន័យ និងផ្សព្វផ្សាយ អប់រំកាយ វាចាចិត្តដល់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង។ នេះហើយគឺជា ឥទ្ធិពលនៃសន្តិភាពដែលបានជំរុញឲ្យមានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រនិងអាណាចក្រដែលប្រជាជនលើពិភពលោកប្រាថ្នាចង់បាន៕
អត្ថបទ ៖ វិមាន

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


