ព័ត៌មានជាតិ
ផ្លូវយុទ្ធសាស្រ្តពីរខ្សែនៅខេត្តស្ទឹងត្រែង កំពុងពិនិត្យសិក្សាលើកកម្ពស់ជាផ្លូវកៅស៊ូ
ផ្លូវយុទ្ធសាស្រ្តចំនួនពីរខ្សែនៅខេត្តស្ទឹងត្រែង ត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពុងដាក់សំណើដើម្បីលើកកម្រិតគុណភាពជាផ្លូវកៅស៊ូ ដោយប្រើប្រាស់ថវិកាអភិវឌ្ឍភូមិភាគឦសានរបស់រាជរដ្ឋាភិបាល។
លោក សរ គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានឲ្យកម្ពុជាថ្មីដឹងថា ខណៈកំណាត់ផ្លូវជាតិលេខ ៧ ពីស្ពានសេកុងដល់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀលខេត្តស្ទឹងត្រែង ដែលមានប្រវែង ៥៨ គីឡូម៉ែត្រ បានសាងសង់រួចរាល់ ១០០% នៅមានផ្លូវយុទ្ធសាស្ត្រចំនួនពីរទៀតស្ថិតនៅក្នុងគម្រោងស្ថាបនា ក្នុងនោះមានផ្លូវជាតិលេខ ៧៨C ពីដុងក្រឡទៅស្រុកសៀមប៉ាងដែលមានប្រវែង ៤៥ គីឡូម៉ែត្រ និងផ្លូវលេខ ៩២ ទៅទឹកធ្លាក់សុភមិត្រប្រវែង ២៧ គីឡូម៉ែត្រ។

កំណាត់ផ្លូវជាតិលេខ ៧ (រូបឯកសារ)
បើតាមលោក សរ គឹមណាត ផ្លូវយុទ្ធសាស្រ្តទាំងពីរខ្សែនេះ មន្ទីរគ្រោងលើកសំណើដើម្បីលើកកម្រិតជាផ្លូវកៅស៊ូដោយប្រើប្រាស់មូលនិធិអភិវឌ្ឍភូមិភាគឦសាន។ តាមរយៈគម្រោងផ្លូវនេះនៅពេលស្ថាបនារូចរាល់ នឹងរួមចំណែកជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តនៅភូមិភាគឦសាន និងលើកកម្ពស់ជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង។
ខេត្តស្ទឹងត្រែងមានចម្ងាយ ៤៥៥ គីឡូម៉ែត ពីរាជធានីភ្នំពេញ។ ខេត្តមានផ្លូវជាតិសំខាន់ៗឆ្លងកាត់ចំនួន ៣ ខ្សែ មានផ្លូវជាតិលេខ ៧ ពីព្រំប្រទល់ខេត្តក្រចេះដល់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀលដែលមានប្រវែង ៨៦,៦ គីឡូម៉ែត្រ ផ្លូវជាតិលេខ ៩ ពីព្រំប្រទល់ខេត្តព្រះវិហារដល់ក្រុងស្ទឹងត្រែងប្រវែង ៧២,៩ គីឡូម៉ែត្រ និងផ្លូវជាតិលេខ ៧៨ ចាប់ពីអូរពង់មាន់ក្រុងស្ទឹងត្រែងដល់ស្ពានស្រែពក ខេត្តរតនគិរីមានប្រវែង ៦៥ គីឡូម៉ែត្រ។
កន្លងទៅកំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីស្ពានសេកុងទៅច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានរងការខូចខាតជាច្រើនឆ្នាំ បង្កការលំបាកដល់ការធ្វើដំណើរ។
ដោយសារមើលឃើញពីសារសំខាន់ និងការខូចខាតនៃកំណាត់ផ្លូវជាតិដ៏មានសក្ដានុពលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានទម្លាក់ថវិកាឲ្យកងវិស្វកម្មជួសជុលឡើងវិញ ដោយក្រាលកៅស៊ូពីរស្រទាប់ DBST និងពង្រីកទទឹងរហូតដល់ ១០ ម៉ែត្រ។
បើតាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង កំណាត់ផ្លូវជាតិលេខ ៧ ដែលបានស្ថាបនារួចរាល់នេះ ដំបូងឡើយគ្រោងប្រើប្រាស់ថវិការបស់រដ្ឋាភិបាលចិន ដើម្បីលើកកម្រិតទៅជាបេតុងកៅស៊ូ (AC) ចាប់ពីព្រំប្រទល់ខេត្តក្រចេះរហូតដល់ច្រកត្រពាំងក្រៀលជាមួយឡាវ ប៉ុន្តែដោយមិនចង់រង់ចាំយូរ រដ្ឋាភិបាលបានទម្លាក់ថវិកាដើម្បីជួសជុលបណ្ដោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ។
លោក សរ គឹមណាត បានអះអាងថា ក្រោយលើកកម្ពស់គុណភាពបានល្អប្រសើរឡើងវិញ ឃើញថាចរាចរណ៍ដឹកទំនិញនិងការធ្វើដំណើរមានកំណើនជាង ៦០% ខណៈមុនការជួសជុលស្ថាបនាឡើងវិញដែលផ្លូវរងការខូចខាតជាច្រើនឆ្នាំស្ទើរតែគ្មានលំហូរអ្នកដំណើរទាល់តែសោះ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


