ព័ត៌មានជាតិ
រដ្ឋាភិបាលស្នើពលរដ្ឋគោរពច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរារណ៍ក្នុងពិធីបុណ្យចូលឆ្នាំ
គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក អំពាវនាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

ក្នុងសេចក្ដីអំពាវនាវចុះថ្ងៃទី១ ខែមេសា គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ បានណែនាំគោលការណ៍ចំនួន៨ចំណុចក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខាងមុខដើម្បីសុវត្ថិភាពចរាចរណ៍ និងអ្នកប្រើប្រាស់ផ្លូវដោយ អំពាវនាវឱ្យបើកបរតាមច្បាប់កំណត់ បើកបរដោយមិនស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង គោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រូវលេងគប់ទឹក ប៉ាត់ម្សៅដល់អ្នកប្រើប្រាស់ផ្លូវ និងកុំផ្ទុកទំនិញលើសច្បាប់កំណត់ជាដើម។
ក្នុងលិខិតនោះ៖ «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្ដីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្ដីអំពាវនាវនេះដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្ដីសុខក្សេមក្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ»។

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ឋាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិឧត្តមសេនីយ៍ត្រី ថី វិសាល ក៏បានស្នើពលរដ្ឋចូលរួមគោរពច្បាប់ ចេះយោគយល់អធ្យាស្រ័យគ្នាលើដងផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខផងដែរ ដោយលោកថាទៅបីជាបានពង្រាយនគរបាលចរាចរណ៍ដើម្បីពិនិត្យ និងសម្រួលចរាចរណ៍ក្ដីតែមិនអាចល្អឥតខ្ចោះនោះទេ។
ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះលោក ថី វិសាល បានលើកឡើងថា៖ «សូមបងប្អូនចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោកទាំងអស់គ្នា សូមកុំបើកបរលើសល្បឿនកំណត់សូមបើកបរឱ្យស្របផ្លូវ។ ហើយបើទទួលទានគ្រឿងស្រវឹងសូមកុំបើកបរ ហើយសូមយោគយល់អធ្យាស្រ័យគ្នាឱ្យបានខ្ពស់ដោយសារតែក្នុងអំឡុងពេលហ្នឹងគឺមានលំហូរចរាចរណ៍ច្រើនហើយអាចមានការកកស្ទះខ្លះ»។
នៅរៀងរាល់ពិធីបុណ្យជាតិសំខាន់ៗគ្រោះថ្នាក់ចរាចរណ៍នៅតែបញ្ហាដែលកើតមានជារៀងរាល់ឆ្នាំ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៤ថ្ងៃកាលពីឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស៣៧នាក់ និងបណ្ដាលឱ្យមនុស្ស៨៨នាក់រងរបួស។

កន្លងទៅអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ដោយជំរុញឱ្យមានការបង្កើតកម្មវិធីអប់រំពីចរាចរណ៍ឱ្យបានច្រើន និងទូលំទូលាយ ពង្រឹងការអនុវត្តន៍ច្បាប់ជាពិសេសអំឡុងពេល និងក្រោយពេលបុណ្យជាតិនៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ ដាក់រថយន្តគិលានសង្គ្រោះប្រចាំការជិតតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ជាដើម។
បន្ថែមលើនេះវិស័យឯកជនត្រូវបង្កើត ជូនដំណឹង និងណែនាំជាប្រចាំពីសុវត្ថិភាពចរាចរណ៍ដល់បុគ្គលិកខ្លួន ខណៈប្រព័ន្ធផ្សព្វផ្សាយ និងឧស្សាហកម្មកំសាន្តក៏អាចចូលរួមផ្សព្វផ្សាយឱ្យបានច្រើនក្នុងពេលអំឡុងពិធីបុណ្យជាតិធំៗពីសុវត្ថិភាពចរាចរណ៍ផងដែរ។

នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី(AIP) លោក គឹម បញ្ញា ថាបច្ចុប្បន្នទាំងរដ្ឋាភិបាល និងឯកជនបានឆ្លើយតបច្រើនទៅនឹងសេចក្ដីថ្លែងការណ៍រួមនេះ តែលោកនៅតែជំរុញការអនុវត្តច្បាប់ឱ្យបានទាំងពេលបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យជាតិធំៗនានា ខណៈនៅតាមទីវត្តអារ៉ាម ព្រមទាំងព្រះសង្ឃផងអាចឱ្យឱវាទក្រើនរម្លឹកពុទ្ធបរិស័ទពីគ្រោះថ្នាក់ចរាចរណ៍បន្ថែមលើវិធានការរបស់រដ្ឋដែលមានស្រាប់។
លោកថា៖ «ខ្ញុំគិតថាបើយើងធ្វើបានត្រង់ពីរចំណុចនេះបន្ថែមទៀត ការអនុវត្តន៍ច្បាប់ និងការផ្សព្វផ្សាយនៅហ្នឹងវត្តអារ៉ាមពេលបុណ្យទាន។ ខ្ញុំគិតថាជារឿងល្អជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានកាន់តែច្រើនជាពិសេសយើងអាចបញ្ឈប់នូវនិន្នាការម្ដងកើនម្ដងចុះទៅជាថយចុះរហូតតាមគោលដៅដែលយើងរំពឹងទុកថាចង់ឃើញចំនួនអ្នកស្លាប់នឹងរបួសជាទូទៅក្នុងអំឡុងពេលបុណ្យទាន់កាន់តែទាប»។

របាយការណ៍គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ឱ្យដឹងថាក្នុងឆ្នាំ ២០២៤ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន ៨៩៦លើក ខេត្តព្រះសីហនុចំនួន ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក ដែលមូលហេតុនៃការបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% និងកត្តាផ្សេងៗ ៤%៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


