ព័ត៌មានជាតិ
លោក ហេង សួរ ៖ កម្ពុជាប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ដោយមើលឃើញទិសដៅ និងបេសកកម្មនៃគំនិតផ្ដួចផ្ដើមកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ អាចបំពេញបន្ថែម និងជួយជំរុញរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យរយៈពេលវែង ទើបរាជរដ្ឋាភិបាលកម្ពុជាបានឯកភាពមិនរួញរាក្នុងការដាក់កម្ពុជាចូលជាប្រទេសត្រួសត្រាយផ្លូវ និងប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃទៀត។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានរដ្ឋាភិបាល ស្ថាប័នអន្តរជាតិ កម្មករនិយោជិត និយោជក និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវទស្សនវិស័យរួមគ្នា ក្នុងការជំរុញការអនុវត្តកាតាលីករសកលស្ដីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល បរិយាបន្ន និងមិនទុកនរណាម្នាក់ចោលនោះឡើយ។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់បែបនេះ នៅក្នុងវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក (Asia Pacific Global Accelerator Policy Forum) ដែលធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ក៏ដូចជាទីភ្នាក់ងារអង្គការសហប្រជាជាតិពាក់ព័ន្ធនានា ដែលបានផ្ដួចផ្ដើម និងសម្របសម្រួលឱ្យមានយន្តការ “កាតាលីករសកលស្ដីពីការងារសមរម្យនិងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌” ដែលបង្កើតឡើងក្នុងគោលបំណងគាំទ្រប្រទេសត្រួសត្រាយផ្លូវក្នុងការតាក់តែង និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍របស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការពហុភាគី ការអភិវឌ្ឍប្រកបដោយចីរភាព និងការវិយោគលើការគាំពារសង្គម និងការងារសមរម្យ។

លោករដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផ្ដោតទៅលើគោលនយោបាយអាទិភាពសំខាន់ៗ ដូចជាគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលគាំទ្រដល់ការបង្កើតការងារ, ការអភិវឌ្ឍជំនាញតាមវិស័យសម្រាប់យុវជនដែលងាយរងគ្រោះចំនួន១.៥លាននាក់ ដោយផ្តោតលើយេនឌ័រ, ការពង្រីកការគាំពារសង្គមរួមទាំងការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍, ការចុះបញ្ជីកម្មករនិយោជិត និងសហគ្រាសក្រៅប្រព័ន្ធ, ការធ្វើឱ្យប្រសើរឡើងនូវទីផ្សារការងារប្រកបដោយបរិយាបន្នតាមរយៈឌីជីថលូបនីយកម្ម និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជន។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអនុវត្តនិងជំរុញផែនទីបង្ហាញផ្លូវ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងខិតខំធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍជំនាញ និងការគាំពារសង្គម សម្រាប់ កម្មករនិយោជិត យុវជន ពលករទេសន្ដរប្រវេសន៍ និងអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រី និងជនមានពិការភាពមានឱកាសសិក្សា និងអភិវឌ្ឍខ្លួនបន្ថែមនៅអំឡុងពេលអន្តរកាលនេះ សំដៅទាញយកប្រយោជន៍ជាអតិបរិមាក្នុងការផ្លាស់ប្ដូរបរិបទសកល៕




-
ចរាចរណ៍១១ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា១ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម