ព័ត៌មានជាតិ
ជនជាតិដើមភាគតិចគ្រឹង កាប់គោកាប់ជ្រូកសែនអ្នកតាព្រៃភ្នំ ដើម្បីសុំឱ្យជាពីជំងឺ ក្រោយគ្រូពេទ្យព្យាបាលមិនជាសះស្បើយ
នៅតាមគ្រប់ភូមិ ឃុំនៃស្រុកនីមួយៗក្នុងខេត្តរតនគិរី តែងតែមានការសែនព្រេនទៅអារុក្ខអារក្សអ្នកតា។ ជាក់ស្តែង គ្រួសារជនជាតិដើមភាគតិចគ្រឹងមួយនៅក្នុងភូមិតាកាម៉ាល់ ឃុំ អូរជុំ ស្រុក អូរជុំ ខេត្តរតនគិរី បានរៀបចំពិធី«កាប់គោ និងជ្រូកសែនអារក្ខភ្នំ»។ ការធ្វើដូច្នេះ គឺដើម្បីជាការសុំទោសក្នុងការកាប់ដើមដែលជាលំនៅរបស់អារក្ខភ្នំ ពីព្រោះពួកគាត់ឈឺរយៈពេល៥ឆ្នាំមកហើយ ទោះទៅព្យាបាលនៅមន្ទីរពេទ្យទាំងក្នុង និងក្រៅប្រទេស ក៏នៅតែមិនជាសះស្បើយ ចុងក្រោយ ពេទ្យឱ្យទៅផ្ទះវិញដោយប្រាប់ថាអស់លទ្ធភាពព្យាបាលហើយ។

លោក ម៉ន ប៉ាញូ ជនជាតិដើមភាគតិចដែលរៀបចំពិធីសែនព្រេនជូនអារុក្ខអារក្ខអ្នកតាភ្នំនេះ បានរៀបរាប់ឱ្យដឹងថា កាលពីឆ្នាំ ២០១៨ គាត់ និងប្រពន្ធ បានកាប់ព្រៃភ្នំ មានឈើតូច ធំ ស្អេកស្កះ នៅក្នុងនោះ ក៏មានដើមជ្រៃក្រឹម មានទំហំធំខ្ពស់ស្រឡះត្រង់ទៅលើ មានមែកសាខាយ៉ាងត្រឈឹងត្រឈៃដុះអមជាមួយដើមផ្សេងទៀតចំនួន៧ដើមជុំវិញ ហើយមានវល្លិ៍ដុះប្រតោងគ្នាឡើងទៅលើ។ ចាប់តាំងពីកាប់ដើមឈើទាំងនោះរួចមក គាត់នៅសុខៗក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺ ដោយមិនដឹងពីមូលហេតុពិតប្រាកដ ដោយមានអាការៈថប់ដង្ហើម ហត់អស់កម្លាំង ដេកមិនសូវលក់ ហូបបាយពុំបាន រហូតដល់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទៅព្យាបាលនៅមន្ទីរពេទ្យ ទិញថ្នាំពេទ្យមកលេប បានធូរស្រាលពីជំងឺ តែនៅពេលលេបថ្នាំ លុះអស់ថ្នាំ ជំងឺក៏រើឡើងវិញ។

គិតតាំងពីឆ្នាំនោះមក គឺ៧ឆ្នាំគត់ គាត់ទៅព្យាបាលជំងឺនៅទីក្រុងភ្នំពេញ រហូតទៅដល់ប្រទេសវៀតណាម រហូតពេលនេះ ពេទ្យនៅគ្រប់ទីតាំងលែងទទួលព្យាបាលតទៅទៀត។ នៅពេលអស់សង្ឃឹម ហើយគិតថាខ្លួននឹងស្លាប់ដោយសារជំងឺនេះ គាត់ក៏ទៅរកគ្រូទស្សន៍ទាយ ដែលជាអ្នកស្នងអារក្សឱ្យជួយមើលថា មានទាស់ខុសនឹងខ្មោច ឬអារុក្ខ អារក្ខ អ្នកតាណាដែរ ឬទេ។ គ្រូស្នងអារក្សនោះ បានឱ្យទៅរកខ្សែកអង្គាំមួយខ្សែពាក់១យប់ ហើយដល់ព្រឹកឡើងដោះយកទៅជូនគាត់ ឱ្យគាត់មើល គឺត្រូវត្រង់អារក្សភ្នំ កន្លែងគាត់កាប់ចម្ការនោះ។ គ្រូទស្សន៍ទាយ បានឱ្យគាត់រៀបចំពិធីសុំទោសដែលកាប់បំផ្លាញលំនៅរបស់គេ ដោយត្រូវសែនគោចំនួន១ក្បាល និងជ្រូក១ ពែរមួយត្រួតចំនួន១ ពែរ២ត្រួតចំនួន២ និងពែរផ្ទះចំនួន១ ទើបមិនប្រកាន់ទោសអូសដំណើរ និងលែងប្រកាន់ខឹងតទៅទៀត លែងធ្វើឱ្យឈឺថ្កាត់។

សាច់ញាតិ អ្នកភូមិ ចាស់ទុំក្នុងភូមិ បានជួយរៀបចំរណ្តាប់ផ្សេងៗដែលចាំបាច់ ពិសេសដើមចេក ស្រាពាង គ្រឿងសំណែន មានគោ ត្រូវទៅចាប់យកពីចម្ការដែលចិញ្ចឹមទុក និងទិញជ្រូក មាន់ ត្រូវដឹកតាមគោយន្តនៅពេលព្រឹកម៉ោង ៩៖០០ ព្រឹក ឆ្ពោះទៅចម្ការ។ នៅពេលទៅដល់ ត្រូវទៅរកដងទឹក កាប់ដុស ចាប់គោចងទុក រួចទៅរកកាប់ដើមម្កាក់ព្រៃ ឬដើមពោន ដែលមានទំហំប៉ុនកំភួនដៃ ប្រវែង១ម៉ែត្រ មានរូបរាងដូចជាឈើឆ្កាងទុក និងទៅរកវល្លិ៍ភ្នំ វិញវាធ្នាក់សម្រាប់ទាក់កគោ។

នៅពេលធ្វើរួចរាល់ ក្មេងៗដែលមានកម្លាំងទៅយកចបកាប់ជីករណ្តៅទុកសម្រាប់ដាំបង្កោលចងគោរួចរាល់ ទើបចាស់ទុំយកឈាមមាន់ដែលសម្លាប់រួច និងថាស១ អង្ករ២កូនចាន មានទៀនដែលលុញដោយដៃដោតនៅតាមចាននីមួយៗ ទើបទៅអង្គុយជុំគ្នាជាមួយអ្នកដែលឈឺនោះ ហើយក្រវាស់អង្ករ និងច្រូចឈាមមាន់នៅក្នុងរណ្តៅ ប្រាប់ទៅអារក្សឱ្យមកទទួលយកសំណែនទាំងនេះ កុំប្រកាន់ខឹងតទៅទៀត ជួយឱ្យជាសះស្បើយ។ ប្រាប់អស់ចិត្ត ទើបចាប់គោមកចងនៅបង្កោល និងជ្រូករស់ ក្រវាសអង្ករជាលើកទី២ បន្ទាប់មកសែនស្រាពាង ដោយហៅគ្នាមកជួបជុំ យកឈើតូចៗប៉ុនជើងធូបមកកូរនៅមាត់ស្រាពាង ដោយម្នាក់និយាយពាក្យជាភាសាគ្រឹងឱ្យបានជាសះស្បើយ និងឱ្យអារក្សមកទទួលផឹកស្រា ជាការចប់នៅវគ្គទី១។

នៅវគ្គទី២ គឺសម្លាប់គោ និងជ្រូក ដុតរោលរោម ហើយដាក់មាន់ សាច់គោជាមួយគ្រឿងស្ងោរក្នុងឆ្នាំង លុះឆ្អិនល្អហើយទៅយកសាច់ទាំងនោះទៅសែននៅកន្លែងដើមឈើនោះ ជាមួយពែរ និងស្រាពាង សែនម្តងទៀត ជាការស្រេចបាច់។ រួចហើយ ទើបនាំគ្នាផឹកស្រា ហូបសាច់គោឱ្យអស់ក្នុង១យប់ និង១ថ្ងៃ នាំគ្នាចងអង្រឹងដេកនៅចម្ការជាមួយអ្នកជំងឺ លុះព្រឹកឡើងទើបនាំគ្នាទៅយកក្បាលគោពីកន្លែងសែននោះ មកសម្អាតស្ងោរចែកគ្នាហូប ផឹកស្រា អស់ទើបនាំអ្នកជំងឺ និងសាច់ញាតិ វិលត្រឡប់ទៅផ្ទះវិញ។សំណែនទាំងអស់នេះ សែននៅទីកន្លែងរួច ត្រូវហូបឱ្យអស់ ដោយមិនឱ្យយកទៅផ្ទះវិញទេ ប្រសិនបើយកសាច់គោ ឬសាច់ជ្រូកទៅផ្ទះ មានជំនឿថា អារក្សនឹងតាមទៅធ្វើឱ្យជំងឺរើឡើងវិញ មិនបានជាសះស្បើយឡើយ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


