ព័ត៌មានជាតិ
ផែរណបតាមដងទន្លេចំនួន ៧ ជំរុញដឹកជញ្ជូនតាមផ្លូវទឹក កាត់បន្ថយថ្លៃដើមទំនិញ
កំពង់ផែស្វយ័តភ្នំពេញ មានផែចំណត និងចំណតរណបតាមបណ្តោយទន្លេមេគង្គ និងទន្លេសាបចំនួន ៧ ដែលបានកំពុងជំរុញការដឹកជញ្ជូនតាមផ្លូវទឹក កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងការខូចខាតផ្លូវ។
ផែចំណត និងរណបទាំង ៧ មាន ៦ កំពុងដាក់ឲ្យដំណើរការ និង ១ កំពុងដំណើរការសាងសង់។
ផែកុងតឺណ័រ LM 17 (ខេត្តកណ្តាល)
ចំណតផែកុងតឺន័រ LM១៧ ស្ថិតនៅតាមដងទន្លេមេគង្គក្រោមក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល មានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ចំណតផែនេះ ជាទីតាំងយុទ្ធសាស្ត្រ ផ្តល់ចំណតផែដើម្បីតភ្ជាប់ទំនិញពីកម្ពុជាទៅអន្តរជាតិតាមដងទន្លេមេគង្គឆ្ពោះទៅប្រទេសវៀតណាម និងចូលក្នុងប្រទេសកម្ពុជាវិញ។

ចំណតផែពហុបំណង LM26 (ខេត្តព្រៃវែង)
ចំណតផែរណបពហុបំណង LM២៦ ស្ថិតនៅតាមដងទន្លេមេគង្គក្រោម ក្នុងឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ជាទីតាំងតំបន់យុទ្ធសាស្ត្រនៅជិតព្រំដែនកម្ពុជា-វៀតណាម។ ចំណតផែរណបពហុបំណង LM២៦ ជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញទំនិញកសិផល និងកសិឧស្សាហកម្ម ដូចជាស្រូវ និងដំឡូងមី ទៅទីផ្សារប្រទេសជិតខាង។ បន្ថែមពីលើនេះ ចំណតផែរណបពហុបំណង LM២៦ ជាចំណុចនាំចូលដ៏សំខាន់សម្រាប់ធ្យូងថ្ម ដែលមានសារៈសំខាន់សម្រាប់តំបន់សេដ្ឋកិច្ចពិសេសក្បែរៗនោះ។

ចំណតផែអ្នកដំណើរ និងទេសចរណ៍ TS1 (ភ្នំពេញ)
ចំណតផែអ្នកដំណើរ និងទេសចរ TS១ ស្ថិតនៅតាមដងទន្លេសាបក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណតផែអ្នកដំណើរ និងទេសចរ TS១ ដើរតួនាទីជាច្រកទេសចរណ៍សម្រាប់អ្នកទេសចរគយគន់ទេសភាពមាត់ទន្លេក្នុងទីក្រុង។ ចំណតនេះ ជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់ធ្វើដំណើរកម្សាន្តតាមដងទន្លេ។

ចំណតផែពហុបំណង TS 3 (ភ្នំពេញ)
ចំណតផែពហុបំណង TS៣ ជាទីស្នាក់ការកណ្តាលនៃកំពង់ផែស្វយ័តភ្នំពេញ ដែលស្ថិតតាមបណ្តោយទន្លេសាបក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណតផែនេះ ជាចំណតផែប្រវត្ថិសាស្រ្ត និងធ្លាប់ទទួលការលើកដាក់ទំនិញគ្រប់ប្រភេទចេញចូលក្នុងរាជធានីភ្នំពេញ។ នាពេលបច្ចុប្បន្ន ចំណតផែពហុបំណង TS៣ ក៏បានប្រែក្លាយជាចំណតផែសម្រាប់នាវាទេសចរណ៍ដ៏មមាញឹក។

ចំណតផែពហុបំណង TS 11 (ភ្នំពេញ)
ចំណតផែរណបពហុបំណងTS១១ ស្ថិតនៅតាមដងទន្លេសាបក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាទីតាំងយុទ្ធសាស្ត្រដើម្បីគាំទ្រដល់កំណើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងការដឹកជញ្ជូនទំនិញចេញចូលក្នុងទីក្រុង ដូចជា សម្ភារសំណង់ និងវាយណភ័ណ្ឌជាដើម។

ចំណតផែរណបពហុបំណង UM2 (ខេត្តត្បូងឃ្មុំ)
ចំណតផែរណបពហុបំណង UM២ ជាផែរណបរបស់កំពង់ផែស្វយ័តភ្នំពេញ ស្ថិតនៅតាមដងទន្លេមេគង្គលើក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់ខេត្តកំពង់ចាម។ ចំណតផែនេះ ជាទីតាំងយុទ្ធសាស្រ្តនៃការដឹកជញ្ជូន ដែលបានតភ្ជាប់ផលិតផលកសិកម្ម និងកសិឧស្សាហកម្មរបស់ខេត្តភាគខាងជើង និងឦសាននៃប្រទេសកម្ពុជាទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជា និងនាំចេញទៅប្រទេសវៀតណាម។

ចំណតផែរណបពហុបំណង UM1 (ខេត្តកណ្តាល)
ចំណតផែរណបពហុបំណង UM1 ក៏ទើបប្រកាសចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងមកនេះ ដែលមានទីតាំងស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ ៦។
ចំណតផែរណបពហុបំណង UM១ គឺចំណតផែដែលស្ថិតនៅក្រោមផែនការអភិវឌ្ឍរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងនៅតាមដងទន្លេមេគង្គលើក្នុងភូមិសាស្រ្តក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណតផែនេះ នឹងក្លាយជាទីតាំងជាយុទ្ធសាស្ត្រដើម្បីបម្រើឱ្យវិស័យឧស្សាហ៍កម្មចម្រុះ ដោយជុំវិញដោយរោងចក្រ និងតំបន់អចលនទ្រព្យដ៏សម្បូរបែប ហើយដែលត្រូវបានរៀបចំយ៉ាងល្អសម្រាប់ផ្គត់ផ្គង់សម្ភារសំណង់ និងកាត់ដេរ។

ជាមួយគ្នានេះ កំពង់ផែស្វយ័តភ្នំពេញ ក៏មានគម្រោងពង្រីកផែរណបចំនួន ៧ បន្ថែមទៀត ដែលក្នុងនោះនៅខេត្តកំពង់ឆ្នាំងមានចំនួន ២ កន្លែង ខេត្តកណ្តាលចំនួន ២ កន្លែង ខេត្ត សៀមរាបចំនួន ១ កន្លែង ខេត្តកំពង់ចាមចំនួន ១ កន្លែង និងខេត្តក្រចេះចំនួន ១ កន្លែង៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


