ព័ត៌មានជាតិ
ក្នុងពេលពិភពលោកពោរពេញដោយអំពើហិង្សា កម្ពុជារៀបចំកិច្ចសន្ទនាអន្តរសាសនា ដើម្បីស្ថាបនាសន្តិភាព
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនៅកម្ពុជា បានរៀបចំ កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិរវាងពុទ្ធសាសនា និងគ្រីស្តសាសនាលើកទី ៨ នៅរាជធានីភ្នំពេញ ដោយផ្តោតលើប្រធានបទ “ពុទ្ធបរិស័ទ និងគ្រីស្តបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មដោយភាពធន់” ចាប់ពីថ្ងៃទី ២៦-៣០ ខែ ឧសភា ឆ្នាំ ២០២៥។ កិច្ចសន្ទនានេះ មានការ និមន្ត/អញ្ជើញចូលរួមពីសម្តេចព្រះសង្ឃកម្ពុជា សម្តេចសង្ឃអន្តរជាតិ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាលោក ចាយ បូរិន និងតំណាងព្រះសហគមន៍កាតូលិកផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនៅកម្ពុជា បានឱ្យដឹងថា ក្នុងពិភពលោកដែលពោរពេញដោយអំពើហិង្សា ភាពបែកបាក់ និងវិបត្តិនៃបរិស្ថាន កិច្ចសន្ទនានេះនឹងស្វែងយល់ពីការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនានិងគ្រីស្តសាសនា ដែលផ្អែកលើមេត្តាករុណា សេចក្តីស្រឡាញ់ និងយុត្តិធម៌ អាចចូលរួមព្យាបាលសង្គម ដែលកំពុងបែកបាក់ កសាងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងបង្កើតសហគមន៍ដែលមានភាពធន់។
កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងពុទ្ធសាសនានិងគ្រីស្តសាសនានេះ ជាការអញ្ជើញសកលមួយដ៏មានអត្ថន័យ ដើម្បីអំពាវនាវឱ្យមានការសហប្រតិបត្តិការជាថ្មីម្តងទៀតរវាងសាសនាដើម្បីកសាងពិភពលោកមួយដែលពោរពេញដោយយុត្តិធម៌ និងមេត្តាករុណា។ ប្រទេសកម្ពុជា ដែលក្នុងអតីតកាលធ្លាប់ជាប្រទេសដែលរងការខូចខាតដោយសង្គ្រាមក្នុងតំបន់ ពេលនេះបានក្លាយជាសក្ខីភាពរស់មួយបញ្ជាក់ថា ការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងសាមគ្គីផ្លូវវិញ្ញាណអាចយកឈ្នះការលំបាក និងកសាងសន្តិភាពជាអចិន្ត្រៃយ៍បាន។

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់ថ្លែងថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាព លើជំនឿសាសនាយ៉ាងទូលំទូលាយ ដល់ប្រជាជនទូទៅដែលឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្មសាសនិក នៃគ្រប់និកាយសាសនា និងប្រឆាំងនូវរាល់ទង្វើរើសអើង សំដៅទប់ស្កាត់ការយកសាសនាធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។ សម្តេចគូសបញ្ជាក់ថា៖«សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលកម្ពុជាទទួលបានគឺជាសម្បត្តិដែលត្រូវថែទាំឱ្យបានគង់វង្ស»។
កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិនេះចាប់ផ្តើមក្នុងឆ្នាំ ១៩៩៥ នៅកោះតៃវ៉ាន់ និងបានរៀបចំឡើងជាបន្តបន្ទាប់នៅប្រទេស ជាច្រើន ដូចជា ឥណ្ឌា ជប៉ុន អ៊ីតាលី និង ថៃ។ ក្នុងឆ្នាំ ២០២៣ កិច្ចសន្ទនាលើកទី៧បានប្រព្រឹត្តឡើងនៅទីក្រុងបាងកក ដោយផ្តោតលើប្រធានបទ “សេចក្តីករុណា និងសេចក្តីស្រឡាញ់ ដើម្បីព្យាបាលរបួសមនុស្សលោក និងភពផែនដី” ខណៈឆ្នាំ ២០២៥ ធ្វើឡើងនៅកម្ពុជា។
ក្នុងក្តីសង្ឃឹម និងការសហការរវាងជំនឿ ខណៈពេលដែលពិភពលោកកំពុងប្រឈមនឹងអំពើហិង្សា និងជម្លោះសាសនាជាច្រើន កិច្ចសន្ទនាអន្តរសាសនានេះ ត្រូវបានគេចាត់ទុកថាជាជំហានសំខាន់មួយក្នុងការស្ថាបនាសន្តិភាពនិងការគាំទ្រការរួមរស់ដោយ គោរពគ្នាទៅវិញទៅមក៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


