ព័ត៌មានជាតិ
តំណាងព្រះសហគមន៍កាតូលិក ចាត់ទុកកម្ពុជាជាគំរូសន្តិភាពសម្រាប់តំបន់ និងពិភពលោក
លោក អូលីវីយេ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកឡើងថា ប្រទេសកម្ពុជា គឺជាគំរូយ៉ាងពិសេស សម្រាប់តំបន់ និងក្នុងសាកលលោកដែលជាប្រទេសមួយមានសុខសន្តិភាពខាងផ្នែកសាសនា និងសន្តិភាព សុវត្ថិភាពគ្រប់ទីកន្លែង។

ក្នុងនាមព្រះសហគមន៍កាតូលិកនៅកម្ពុជា លោក អូលីវីយេ បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំកម្ពុជាដែលអនុញ្ញាតឱ្យមានការរៀបចំ “កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី ៨រវាងពុទ្ធសាសនា និងគ្រីស្តសាសនា”។ វេទិកានេះរៀបចំឡើង ដោយផ្តោតលើប្រធានបទ “ពុទ្ធបរិស័ទ និងគ្រីស្តបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មដោយភាពធន់” ចាប់ពីថ្ងៃទី ២៦-៣០ ខែ ឧសភា ឆ្នាំ ២០២៥ ដើម្បីចែករំលែកអំពីគុណតម្លៃរួម ភាពផ្សេងគ្នា ការយោគយល់គ្នា លើកកម្ពស់ សាមគ្គីធម៌ក្នុងនាមជាបងប្អូនរួមជាតិ និងរួមចំណែកធ្វើឱ្យមានសុខដុមរមនាសាសនា។
តាមរយៈវេទិកានេះ លោកបានលើកសរសើរថា នៅក្នុងប្រទេសកម្ពុជាផ្លូវសន្តិភាពនេះមិនត្រឹមតែនិយាយទេ គឺវារស់រវើក និងមានសុខសន្តិភាពពេញលេញ ជាពិសេសការសន្ទនាអន្តរសាសនា។ លោកថ្លែងថា៖«សូមអរគុណសន្តិភាពសម្រាប់ប្រទេសកម្ពុជា ដែលជាគំរូយ៉ាងពិសេស សម្រាប់តំបន់ និងក្នុងសាកលលោកដែលជាប្រទេសមួយមានសុខសន្តិភាពខាងផ្នែកសាសនា និងសន្តិភាពសុវត្ថិ ភាពគ្រប់ទីកន្លែង»។

កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ បានប្រមូលផ្តុំអ្នកចូលរួមប្រមាណជា ២០០នាក់ មកពីស្ថាប័ន ផ្សេងៗ ប្រតិភូអន្តរជាតិដែលជាតំណាងប្រទេសទាំង ២០ ក្នុងតំបន់ ដែលរួមមានបណ្ឌិត សាស្ត្រាចារ្យ តំណាងសម្តេចសង្ឃតាមប្រទេសសរុបចំនួន ៤១អង្គ/នាក់ បានចែករំលែក និងបង្ហាញលទ្ធផលស្រាវជ្រាវទាក់ទងជាមួយសន្តិភាព និងការសម្រុះសម្រួលក្នុងបរិបទអន្តរសាសនាក្នុងតំបន់ និងក្នុងពិភពលោក។

លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីនោះ មានប្រសាសន៍ថា កិច្ចសន្ទនានេះប្រព្រឹត្តទៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងស្ថិតក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធានា និងលើកកម្ពស់ជាបន្តបន្ទាប់។
លោកបន្ថែមថា៖«កិច្ចសន្ទនានេះ ពិតជាមានសារៈសំខាន់ណាស់ មិនគ្រាន់តែបានចូលរួមចំណែកធ្វើឱ្យមានការយល់ដឹងអំពីគុណតម្លៃរួម ភាពផ្សេងគ្នា ការយោគយល់គ្នា លើកកម្ពស់ សាមគ្គីធម៌ក្នុងនាមជាបងប្អូនរួមជាតិ និងរួមចំណែកធ្វើឱ្យមានសុខដុមរមនាសាសនានៅព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែកិច្ចសន្ទនានេះនឹងផ្តល់វិភាគទានដ៏សំខាន់ដល់សុខដុមរមនាសាសនានៅក្នុងតំបន់ និងពិភពលោកផងដែរ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


