ព័ត៌មានជាតិ
លោក ហង់ជួន ណារ៉ុន លើកទឹកចិត្តកូនខ្មែរសិក្សាស្រាវជ្រាវ “នីតិអន្តរជាតិសមុទ្រ” ឱ្យបានច្រើន
សៀវភៅ “នីតិអន្តរជាតិសមុទ្រ” ត្រូវបានបកប្រែ និងបោះពុម្ព ចែកជូនដល់តំណាង គ្រឹះស្ថានឧត្តមសិក្សា សាស្ត្រាចារ្យ និស្សិត និងសិក្សាអ្នកស្រាវជ្រាវនាពេលនេះ ក្នុងគោលដៅដើម្បីចែករំលែកចំណេះដឹងសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកនីតិអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ និងបម្រើដល់ផលប្រយោជន៍សង្គមជាតិ។ សៀវភៅជាច្រើនក្បាល ត្រូវបានចែកជូនតំណាងគ្រឹះស្ថានឧត្តមសិក្សា អ្នកសិក្សា ក្រោមអធិបតីភាព លោកឧបនាយកដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២៥ ដែលរៀបចំទីតាំងនៅ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

មានប្រសាសន៍នាឱកាសនេះ លោក ហង់ជួន ណារ៉ុន បានរំឭកឡើងវិញ ពីមូលហេតុដែលជំរុញឱ្យសរសេរសៀវភៅនេះឡើង គឺការចង់បន្តពង្រឹងនិងពង្រីកចំណេះដឹងខាងផ្នែកនីតិអន្តរជាតិ ហើយការជ្រើសរើសយកនីតិអន្តរជាតិសមុទ្រនេះ គឺដោយមើលឃើញពីសារៈសំខាន់នៃការយល់ដឹងឱ្យបានច្បាស់ពីនីតិសមុទ្រ ខណៈមិនសូវមានឯកសារ ឬការសិក្សាស្រាវជ្រាវស៊ីជម្រៅលើប្រធានបទនេះពីមុនមកឡើយ។
ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យ អ្នកសិក្សាស្រាវជ្រាវទាំងអស់ បន្តស្វែងយល់ដោយខ្លួនឯងបន្ថែមទៀតនូវខ្លឹមសារលម្អិត និងការពន្យល់យ៉ាងក្បោះក្បាយដែលមានកត់ត្រានៅក្នុងសៀវភៅ “នីតិអន្តរជាតិសមុទ្រ” ដោយសង្ឃឹមថាអ្នកសិក្សា នឹងទទួលបានចំណេះដឹងជាច្រើនពីសៀវភៅមួយក្បាលនេះ និងសូមបន្តចែករំលែកចំណេះដឹង និងរៀនសូត្រពេញមួយជីវិត ជាពិសេសត្រូវយកចំណេះដឹងមកប្រើប្រាស់ដើម្បីបម្រើដល់ផលប្រយោជន៍សង្គមជាតិ។

នៅក្នុងស្នាដៃនេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានប្រើប្រាស់មេរៀនចំនួន៣១ ដើម្បីសិក្សាវិភាគ និងឆ្លុះបញ្ចាំងទិដ្ឋភាពជាច្រើនតាំងពីសាវតារ ការអនុវត្ត និងលក្ខខណ្ឌផ្សេងៗ ដែលជួយឱ្យអ្នកអានទូទៅយល់ដឹងច្បាប់សមុទ្របានកាន់តែទូលំទូលាយ និងឈានទៅសិក្សាស៊ីជម្រៅបន្ថែមទៀត។
ការជំរុញឱ្យសិក្សាពីនីតិអន្តរជាតិសមុទ្រនេះ ក៏ស្របពេលដែលកម្ពុជា-ថៃ កំពុងបន្តដោះស្រាយដោយសន្តិវិធី ករណីដែនសមុទ្រត្រួតស៊ីគ្នា នៅឈូងសមុទ្ររបស់ប្រទេសទាំងពីរ ។
នីតិអន្តរជាតិសមុទ្រ គឺជាមែកធាងដ៏មានវ័យចំណាស់ជាងគេ ក្នុងចំណោមមែកធាងដទៃទៀតនៃនីតិអន្តរជាតិ។ មូលដ្ឋានគ្រឹះនៃនីតិពាណិជ្ជកម្មសមុទ្របុរាណមាន ទំនាក់ទំនងជាមួយក្រមសមុទ្ររ៉ូឌាដែលកើតមានតាំងពីសតវត្សរ៍ទី៨មកម៉្លេះ។ ឫសគល់ នៃនីតិសមុទ្រ មានអត្ថិភាពចាប់ពីសតវត្សរ៍ទី១៧ តាមរយៈសៀវភៅរបស់បញ្ញវន្តជនជាតិហូឡង់ម្នាក់ឈ្មោះ ហ៊ូហ្គោ ក្រូទៀស ក្រោមចំណងជើងថា «សេរីភាពសមុទ្រ»។ គោលគំនិតសេរីភាពសមុទ្រ បានក្លាយជា គោលការណ៍គន្លឹះនៃនីតិសមុទ្រ។ វិធានមូលដ្ឋាននៃនីតិសមុទ្របានវិវត្តយ៉ាងខ្លាំងចាប់ពីឆ្នាំ១៩៣០ មក ពោលគឺចាប់ ពីពេលដែលអង្គការសម្ព័ន្ធប្រជាជាតិបានចាប់ផ្តើមធ្វើក្រមនីយកម្មទាក់ទងនឹងនីតិសមុទ្រ។

ប្រទេសជាច្រើននៅលើពិភពលោកនេះ រួមនិងអង្គការសហប្រជាជាតិបានខិតខំប្រឹងប្រែងយ៉ាង យកចិត្តទុកដាក់ក្នុងការធ្វើយ៉ាងណាឱ្យមានភាពងាយស្រួលគ្រប់គ្រងសមុទ្រនៅលើពិភពលោក ។ ដើម្បីផ្តល់ភាពងាយស្រួលការគ្រប់គ្រងសមុទ្រអង្គការសហប្រជាជាតិបានបង្កើតអនុសញ្ញាមួយ ហៅថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ដែលអនុសញ្ញានេះត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
អនុសញ្ញា(នីតិសមុទ្រ)នេះគ្រប់ដណ្តប់លើការកំណត់ព្រំដែន, នាវាចរណ៍, យុត្តាធិការ, ធនធានសមុទ្រ, បរិស្ថាន, ការស្រាវជ្រាវ និងទិដ្ឋភាពផ្សេងៗទៀតនៃការគ្រប់គ្រងសមុទ្រ។ អនុសញ្ញានីតិសមុទ្រនេះ ត្រូវបានគេចាត់ទុកថាជា ឧបករណ៍ច្បាប់សំខាន់បំផុតនៃសតវត្សរន៍ទី ២០៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅ អយុធ្យា បន្តកើនឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


