Connect with us

ព័ត៌មានជាតិ

បរិបទជម្លោះព្រំដែន ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តពលរដ្ឋបន្តជឿជាក់លើរដ្ឋាភិបាលកម្ពុជា

បានផុស

នៅ

ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានលើកទឹកចិត្តដល់ពលរដ្ឋកម្ពុជា ត្រូវបន្តជឿជាក់លើការដឹកនាំរដ្ឋាភិបាលកម្ពុជា ដែលបានកម្តល់ផលប្រយោជន៍ជាតិជាធំ។ ឯកឧត្តម បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាសហធិបតី ក្នុងពិធីបើក «វេទិកាយុវជនថ្នាក់ជាតិនៅកម្ពុជា ឆ្នាំ២០២៥» នៅមជ្ឈមណ្ឌលម៉ានី ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សនិស្សិត យុវជន និងមន្រ្តីសរុបប្រមាណ ៥៣៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកាលៈទេសៈនេះ ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តប្រជាជនគ្រប់រូប ជាពិសេសយុវជន ត្រូវបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវប្តេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល រក្សាភាពអត់ធ្មត់ជា អតិបរមា សេចក្តីថ្លៃថ្នូរ និងការពារឱ្យខានតែបាននូវសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។

នាឱកាសនេះដែរ ឯកឧត្តម បានធ្វើបាឋកថាពិសេសស្ដីពី “Nation and People First” ដោយបានគូសរំលេចនូវគោលគំនិត ការដាក់អត្ថប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនជាអាទិភាព ដើម្បីបណ្តុះឱ្យយុវជនកម្ពុជាមានមោទនភាពជាតិ មានទំនួលខុសត្រូវជាពលរដ្ឋល្អ និងមានការឯកភាពគ្នាក្រោមស្មារតីសន្តិភាព ស្នេហាជាតិ និងការអភិវឌ្ឍ។ គោលគំនិតនេះ ឆ្លុះបញ្ចាំងពីកាតព្វកិច្ច និងសីលធម៌ដ៏ប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់រូបក្នុងការបម្រើ និងការពារសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ។ នេះជាមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំប្រកបដោយនិរន្តរភាព និងសមូហភាព ជាជាងភាពអាត្មានិយម។

ឯកឧត្តមបញ្ជាក់ថា៖«យុវជនត្រូវឈានមុខក្នុងការចូលរួមចំណែកដោះស្រាយបញ្ហា តាមរយៈការងារស្ម័គ្រចិត្ត ការអនុវត្តគម្រោង ការចែករំលែកទស្សនៈ គំនិត និងភាពវិជ្ជមាន ហើយរាល់សកម្មភាពតូចៗរបស់ យុវជនគ្រប់រូប គឺជាផ្នែកមួយនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០»។

នាឱកាសនោះ ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖«ស្ថិតក្នុងបរិការណ៍បច្ចុប្បន្ន អធិបតេយ្យភាពជាតិ មិនមែនមានអត្ថន័យត្រឹមតែការការពារទឹកដីនិងព្រំដែននោះទេ គឺព្រមទាំងជាការការពារវប្បធម៌ គុណតម្លៃ លំហឌីជីថល បរិស្ថាន និងអត្តសញ្ញាណជាតិ។ ដើម្បីសម្រេចគោលដៅនេះ ចំណេះដឹងខ្ពង់ខ្ពស់ នវានុវត្តន៍មិនទាន់គ្រប់គ្រាន់នោះទេ យុវជនត្រូវមានទឹកចិត្តស្នេហាជាតិ ឥរិយាបថល្អ និងការតាំងចិត្តខ្ពស់ចំពោះបុព្វហេតុជាតិ»។

ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃ វេទិកាយុវជនកម្ពុជា ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីកៀរគរយុវជនប្រកបដោយថាមពលក្លៀវក្លា គំនិតច្នៃប្រឌិត និងការតាំងចិត្តមុតមាំ មកជួបជុំគ្នាក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធ និងជំនឿជាក់លើភាពខ្លាំងរបស់កម្ពុជា “អនាគតជាតិ” ដែលស្ថិតនៅលើសមត្ថភាព បេះដូង និងកម្លាំងចិត្តរបស់យុវជនយើង។

គួរជម្រាបថា វេទិកាយុវជនកម្ពុជាឆ្នាំ២០២៥ នាពេលនេះ ត្រូវបានរៀបចំឡើងឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ស្តារសេដ្ឋកិច្ច ក៏ដូចជាពង្រឹងខឿនការពារជាតិ បន្ទាប់ពីរងផលប៉ះពាល់ពីការអូសបន្លាយជម្លោះព្រំដែនជាមួយប្រទេសជិតខាងខណៈកិច្ចព្រមព្រៀងសន្តិភាពទើបតែត្រូវបានចុះហត្ថលេខាកាលពីថ្មីៗនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម