ព័ត៌មានជាតិ
ពីកិច្ចប្រជុំកំពូលពិភពលោក លោក ហង់ជួន ណារ៉ុន ថ្លែងថាសន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់
នៅក្នុងកិច្ចប្រជុំកំពូលពិភពលោកលើកទី២ សម្រាប់ការអភិវឌ្ឍសង្គម, លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍គ្រប់ទម្រង់។

លោកបានលើកឡើងបែបនេះ នៅកិច្ចប្រជុំកំពូលពិភពលោកលើកទី២ សម្រាប់ការអភិវឌ្ឍសង្គម នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងដូហា ប្រទេសកាតា ដែលសមាសភាពគណៈប្រតិភូកម្ពុជារួមមាន ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងផែនការ, និងក្រុមប្រឹក្សាជាតិគាំពារសង្គម។
កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីសំណាក់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងរដ្ឋមន្ត្រី ដែលជាតំណាងប្រទេសសមាជិកអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិទូទាំងពិភពលោក ដែលជាដៃគូសន្ទនា និងដៃគូពាក់ព័ន្ធ។
ក្នុងនាមតំណាង នាយករដ្ឋមន្រ្តីកម្ពុជា, លោក ហង់ជួន ណារ៉ុន បានថ្លែងបទអន្តរាគមន៍នាឱកាសកិច្ចប្រជុំកំពូលនេះ ដោយបានលើកឡើងថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍គ្រប់ទម្រង់។ លោកបញ្ជាក់ថា៖« ការប្តេជ្ញាចិត្តចំពោះសន្តិភាពរបស់កម្ពុជា មានលក្ខណៈជាសកល ដោយជាថ្មីម្តងទៀត កម្ពុជាសូម ចូលរួមអបអរសាទរចំពោះកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា និងការសម្រេចបាននូវការចុះហត្ថលេខាជាប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួររវាងកម្ពុជា-ថៃ ដែលទាំងនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីថាមពលនៃការបន្តកិច្ចសន្ទនា និងចំណងការទូតដើម្បីបញ្ចប់អរិភាព និងកសាងស្ថិរភាពសម្រាប់ការអភិវឌ្ឍ»។

បច្ចុប្បន្ន កម្ពុជាបាននិងកំពុងបន្តបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ ឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) រួមមាន (១) កិច្ចគាំពារសង្គមជាសិទ្ធិអធិបតេយ្យ៖ ស្ថេរភាពសង្គមគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ យើងប្តេជ្ញាចិត្តលុបបំបាត់ភាពក្រីក្រដោយកំណត់យកកិច្ចគាំពារសង្គមមិនត្រឹមតែជាបេះដូងនៃគោលនយោបាយរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាសិទ្ធិអធិបតេយ្យភាព និងសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋគ្រប់រូប។
(២) ការវិនិយោគលើមូលធនមនុស្ស និងការងារសមរម្យ៖ យើងត្រូវតែធានាលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពសម្រាប់ទាំងអស់គ្នា។ ការអប់រំគឺជាភាពស្មើគ្នាដ៏ធំបំផុត ហើយប្រជាជនរបស់យើងគឺជាធនធានដ៏ធំបំផុតរបស់យើង។ យើងកំពុងវិនិយោគយ៉ាងច្រើនលើយុវជនរបស់យើង ដោយផ្តោតលើការអប់រំស្ទែម (STEM) និងការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) ដើម្បីឱ្យពួកគេមានជំនាញដែលស្របទៅនឹងតម្រូវការទីផ្សារ ដើម្បីជំរុញឧស្សាហូបនីយកម្មរបស់យើង។
(៣) ភាពធន់នឹងអាកាសធាតុ បរិយាបន្ន និងសមភាពយេនឌ័រ៖ សមភាពយេនឌ័រ និងបរិយាបន្នគឺជាកត្តាចម្បងឈានទៅរកការរីកចម្រើនប្រកបដោយចីរភាព។ គោលការណ៍នេះនាំយើងទៅរកការពារសិទ្ធិជនពិការ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិច និងការពង្រឹងសុខុមាលភាពជាសកល។ ចក្ខុវិស័យទី (៤) ការទាញយកអត្ថប្រយោជពីបច្ចេកវិទ្យា និងសកម្មភាពអនុវត្ត៖ យើងត្រូវទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យារួមទំាងបញ្ញាសិប្បនិម្មិត បម្រែបម្រួលឌីជីថល ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងសមភាព៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


