ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ចាត់វិធានការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្ការជំងឺគ្រុនឈាម នារដូវវស្សា
មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី ចាប់ផ្តើមធ្វើសកម្មភាពចុះបាញ់ថ្នាំសម្លាប់មូស ដើម្បីបំបាត់ជម្រកមូសខ្លានៅតាមទីប្រជុំជន និងតាមខ្នងផ្ទះរបស់ប្រជាជន ជាពិសេសកន្លែងដែលមានហានិភ័យខ្ពស់ ក្នុងការកាត់បន្ថយការឆ្លង ករណីឈី និងស្លាប់ដោយសារជំងឺគ្រុនឈាម។ សកម្មភាពចុះបាញ់ថ្នាំសម្លាប់មូសនេះ ធ្វើឡើងនារដូវវស្សាបានមកដល់ ដែលជាឱកាសសម្រាប់មូសបង្កកំណើតនៅក្នុងពាង អាងទឹក សំបកកង់ឡាន សំបកដូង ថូផ្កា និងនៅតំបន់ដែលមានទឹកដក់ជាដើម។

លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ថា ខណៈរដូវវស្សាឈានចូលមកដល់ ភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃ គឺជាឱកាសការចាប់កំណើតពពួកសត្វមូសខ្លាដែលអាចបង្កហានិភ័យកើតជំងឺគ្រុនឈាមទៅលើទារក កុមារ និងមនុស្សគ្រប់វ័យ។ លោកបញ្ជាក់ថា ដើម្បីទប់ស្កាត់និងបង្ការជំងឺគ្រុនឈាមនារដូវវស្សានេះ មន្ទីរសុខាភិបាលខេត្ត បានរៀបចំចាត់មន្ត្រីជំនាញ ចុះបាញ់បំពង់ផ្សែងបង្ការជំងឺគ្រុនឈាមក្នុងក្រុងសែនមនោរម្យ ចែកចេញជា៤សង្កាត់រួមមាន សង្កាត់ស្ពានមានជ័យ សង្កាត់រមនា សង្កាត់មនោរម្យ និងសង្កាត់សុខដុម ចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទី ៧ ខែ មិថុនាឆ្នាំ២០២៥។

លោកបន្តថា៖«លើសពីនោះ បើសិនជានៅតាមបណ្តា ភូមិ ឃុំ ស្រុក ដែលសង្ស័យមានកើតជំងឺគ្រុនឈាម ហើយផ្តល់ដំណឹងមកកាន់មន្ទីរសុខាភិបាលខេត្ត ក្នុងនាមមន្ត្រីជំនាញនឹងចាត់កម្លាំងឱ្យចុះទៅបាញ់បំពង់ផ្សែងដើម្បីបង្ការជំងឺគ្រុនឈាមភ្លាមៗឱ្យទាន់ពេលវេលាផងដែរ»។
បើតាមប្រធានមន្ទីរសុខាភិបាល គ្រុនឈាមគឺជាជំងឺមួយដ៏កាចសាហាវ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសទៅលើកុមារអាយុក្រោម១៥ឆ្នាំ គឺមានរោគសញ្ញានៃជំងឺនេះស្ដែងចេញដូចជា កម្ដៅឡើងខ្ពស់ ចាប់ពី(៣៩ អង្សាសេឡើងទៅ និងមានចេញកន្តួលក្រហមលើស្បែក ឈឺសាច់ដុំ ឈឺក្នុងពោះ ក្រហមជុំវិញរង្វង់ភ្នែក និងមានចេញឈាមតាមអញ្ចាញធ្មេញ និងច្រមុះរន្ធគូទជាដើម»។

ភ្ជាប់ជាមួយនឹងវិធានការបាញ់ថ្នាំ មន្ទីរសុខាភិបាលខេត្ត ក៏បានចេញលិខិតជូនដំណឹងនិងផ្សព្វផ្សាយ ទៅកាន់ប្រជាពលរដ្ឋឱ្យបង្កើនការពារ តាមលំនៅឋានរបស់ខ្លួន តាមរយៈសម្អាតអនាម័យជុំវិញផ្ទះ ដើម្បីលុបំបាត់ជម្រកមូសខ្លា។
យោងតាមរបាយការណ៍លទ្ធផលស្តីអំពីការទប់ស្កាត់ជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤នៃក្រសួងសុខាភិបាល ក្នុងឆ្នាំ ២០២៣ ករណីជំងឺគ្រុនឈាមមានចំនួន ៣៥ ៣៩០ នាក់ និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់។ ឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនសរុប ១៨ ៩៨៧ នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ១៦ ៤០៣នាក់ ឬ ថយ ៤៦% និងករណីស្លាប់ចំនួន៤៦នាក់ គឺមានការថយចុះជាងឆ្នាំមុនចំនួន ៥៣ នាក់ ឬ ថយ ៥៤%៕
អត្ថបទ៖ រៀម សុខហេង
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង


