ព័ត៌មានជាតិ
រោងចក្រវេចខ្ចប់ចេក កែច្នៃជ័រកៅស៊ូ-ផ្លែឈើ និងកែច្នៃដំឡូងមី កំពុងមានវត្តមានក្នុងខេត្តរតនគិរី
អភិបាលខេត្តរតនគិរីបានបង្ហាញពីវឌ្ឍនភាពការអភិវឌ្ឍក្នុងខេត្ត រួមទាំងវត្តមានរោងចក្រសហគ្រាសកំពុងដំណើរការ ដែលបានបង្កើតការងារជាច្រើនដល់ដល់ពលរដ្ឋក្នុងមូលដ្ឋាន។
លើកឡើងក្នុងពិធីសម្ពោធ “អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី” នៅព្រឹកមិញនេះ ក្រោមវត្តមាននាយករដ្ឋមន្ត្រីកម្ពុជា លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានលើកពីវត្តមាននៃរោងចក្រសហគ្រាស ដែលកំពុងដំណើរការក្នុងខេត្តរតនគីរីមានចំនួន ៧ ក្នុងនោះមានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន ៣ រោងចក្រវេចខ្ចប់ចេកចំនួន ២ រោងចក្រកែច្នៃជ័រកៅស៊ូ-ផ្លែឈើ ចំនួន ១ និងរោងចក្រកែច្នៃដំឡូងមីចំនួន ១។
ក្រៅពីនេះ នៅទូទាំងខេត្តក៏មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មមានចំនួន ៣២៩ មូលដ្ឋាន មានកម្មករសរុបចំនួន ១ ៥៩៩នាក់។

ក្នុងឱកាសនោះ លោកអភិបាលខេត្តបានរំលេចពីការអភិវឌ្ឍក្នុងខេត្តរតនគិរីដែលសម្រេចបានក្នុងនោះ មានការសាងសង់វិមានឯករាជ្យដែលសម្រេចបាន ៨០%, ការសាងសង់ផ្លូវបេតុង និងផ្លូវកៅស៊ូនៅជុំវិញបឹងកន្សែង, ការសាងសង់អគារមន្ទីរសុខាភិបាលខេត្ត នៅក្នុងបរិវេណអតីតព្រលានយន្តហោះខេត្តក្នុងទឹកប្រាក់ជាង ៣ លាន ដុល្លារសហរដ្ឋអាមេរិច, ការកសាងរូបសំណាកគ្រួសារដំរី រូបសំណាកសត្វអក, ការសាងសង់អាស្រមលោកតា ប៊ូ ជួង លោកតា ខាំឡែន, បន្តសាងសង់បណ្ណាល័យសាធារណៈនៅបរិវេណណបឹងកន្សែង និងការតម្លើងទូរទស្សន៍ LED ទំហំ ៥ម៉ែត្រ x ៨ម៉ែត្រ នៅបរិវេណបឹងកន្សែង ដើម្បីចាក់ផ្សាយព្រឹត្តិការណ៍ផ្សេងៗរបស់ថ្នាក់ដឹកនាំ។

លោកអភិបាលខេត្តក៏បានលើកឡើងពីម្រោងដែលកំពុងដំណើរការសិក្សា និងសាងសង់បន្ថែមទៀតរួមមាន ផ្លូវក្រវ៉ាត់ព្រំដែន, អាកាសយានដ្ឋានលំផាត់ស្ថិតក្នុងភូមិសាស្ត្រស្រុកលំផាត់លើផ្ទៃដី ១.៩០៥ ហិកតា, គម្រោងវិនិយោគវារីអគ្គីសនីស្រែពកក្រោម ៣ និងស្ថានីយថាមពលដើរដោយពន្លឺព្រះអាទិត្យ ដែលមានសមត្ថភាពផលិតថាមពលសរុប ៨០០ មេហ្កាវ៉ាត់, ការកសាងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ និងការបង្កើតច្រកទ្វារព្រំដែនជាមួយខេត្តអត្តពឺនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងច្រកទ្វារព្រំដែនជាមួយខេត្តកន្ទុមនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, គម្រោងសាងសង់អគារសាលាខេត្តថ្មី ដែលស្ថិតនៅបរិវេណអតីតព្រលានយន្តហោះខេត្ត, គម្រោងពង្រឹងផ្លូវជាតិលេខ ៧៨។
លោកអភិបាលខេត្តបញ្ជាក់ទៀតថា បច្ចុប្បន្នរដ្ឋបាលខេត្តរតនគិរីកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តភូមិភាគឦសាន ដោយបានពិនិត្យ ផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាព ទិន្នន័យ សក្តានុពលផ្ទៃដីកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគ និងដើម្បីឆ្លើយតបចំពោះកម្មវិធីពិសេសជំរុញការវិនិយោគខេត្តទាំងបួន ភូមិភាគឦសាន (២០២៥-២០២៨) របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានប្រសិទ្ធផល និងមានប្រសិទ្ធភាពខ្ពស់។
លើការជំរុញការដាំដុះដំណាំកសិឧស្សាហកម្ម ខេត្តរតនគិរីដែលស្ថិតនៅភូមិភាគឦសាន ក៏កំពុងទទួលបានការវិនិយោគលើការដាំដុះដំណាំយុទ្ធសាស្រ្តសំខាន់ៗក្នុងនោះលើដំណាំកៅស៊ូគ្របដណ្តប់លើផ្ទៃដីចំនួន ៧០.៩៩៦ហិកតា, ស្វាយចន្ទីចំនួន ៩៨.៤៣៦ហិកតា, ដំឡូងមីចំនួន ១៨.៣០៨ហិកតា, ធុរេនជាង ១.២០០ ហិកតា, ចេកអំបូងលឿងជាង ៤.០០០ហិកតា និងកសិដ្ឋានចិញ្ចឹមគោចំនួន ២៨.៦៤២ ក្បាល។
គួរបញ្ជាក់ថា ខេត្តរតនគិរីបច្ចុប្បន្នមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចសរុបចំនួន ២៧ ក្រុមហ៊ុន ក្នុងនោះវិនិយោគដោយក្រុមហ៊ុនវៀតណាមមានចំនួន ១៣ ចិនចំនួន ៣ ឥណ្ឌាចំនួន ១ និងក្រុមហ៊ុនក្នុងស្រុកចំនួន ១០៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


