ព័ត៌មានជាតិ
សម្តេចតេជោ៖ មនោសញ្ចេតនាជាង៣០ឆ្នាំរវាងគ្រួសារសម្តេច និងថាក់ស៊ីន ត្រូវបានបំផ្លាញដោយសារការបែកធ្លាយនូវការសន្ទនា
ក្រោយមានភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងរយៈកាលចុងក្រោយនេះ, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារសម្តេច និងគ្រួសារត្រកូល ថាក់ស៊ីន ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ។

សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី ២០ ខែមិថុនានេះ បានបង្ហោះសារអមដោយរូបថតរបស់ក្រុមគ្រួសារសម្តេច និងក្រុមគ្រួសារនាយករដ្ឋមន្រ្តីថៃ ឱ្យដឹងថា នៅពេលទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) មកកាន់កម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការ ក៏មានកម្មវិធីគ្រួសារដោយ នាយករដ្ឋមន្ត្រីថៃ និងស្វាមីបានមកទទួលទានអាហារនៅផ្ទះរបស់សម្តេច។
សម្តេចបន្តថា មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់សម្តេចបានរក្សាបន្ទប់ពីរជូនបងប្អូនទាំងពីរនាក់។ បន្ទប់មួយសម្តេចដាក់ឈ្មោះថា បន្ទប់ ថាក់ស៊ីន និងបន្ទប់មួយទៀតមានឈ្មោះថា បន្ទប់ យ៉ីងឡាក់។ នាពេលនោះ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថត និងថតជាវីដេអូនៅបន្ទប់ទាំងពីរនេះ។

យ៉ាងណាមិញសម្តេចបានសរសេរថា៖«មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថមកលើរូបខ្ញុំ និងនាយករដ្ឋមន្ត្រីកម្ពុជាថាគ្មានវិជ្ជាជីវះ»។
ការលើកឡើងនេះ បន្ទាប់ពីកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្រ្តីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានបែកធ្លាយជាសាធារណៈ កាលពីថ្ងៃទី១៨ ខែមិថុនា ដែលធ្វើឱ្យសង្គមថៃមានភាពរង្គោះរង្គើរ ខណៈពលរដ្ឋខ្មែរវិញក៏មានការជជែកវែកញែកទៅលើរឿងនេះ។ ក្រោយការបែកធ្លាយនេះសម្តេចតេជោ និងនាយករដ្ឋមន្រ្តីថៃ បានចេញមកទទួលស្គាល់ថាជាសំឡេងរបស់ខ្លួននៅក្នុងកិច្ចសន្ទនានោះ។

គោលបំណងនៃកិច្ចសន្ទនានោះ ដើម្បីឈានទៅរកភាពប្រក្រតីឡើងវិញ ដោយនាយករដ្ឋមន្រ្តីថៃ ចង់ឱ្យភាគីកម្ពុជាបើកច្រកព្រំដែនឡើងវិញ។ យ៉ាងណាមិញ សម្តេចតេជោ បានឆ្លើយតបដោយទាមទារឱ្យភាគីថៃបើកច្រកទ្វារព្រំដែនជាប្រក្រតីឡើងវិញទាំងអស់ ព្រោះថៃជាអ្នកបិទច្រកព្រំដែនជាឯកតោភាគីមុន។
គួរជម្រាបជូនបន្តិចថា សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ មុនលោក ថាក់ស៊ីន ធ្វើជាជានាយករដ្ឋមន្ត្រីមកម៉្លេះ។

ចំណែកកូនស្រីពៅរបស់លោក ថាក់ស៊ីន គឺ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលជាប្រធានគណបក្សភឿថៃ មុនឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែ មីនា ឆ្នាំ ២០២៤ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


