ព័ត៌មានជាតិ
១ ខែឧសភា មានពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ជាង ១ ម៉ឺន ៣ ពាន់នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស
នៅក្នុងខែឧសភា ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ប្រមាណជាង ១ ម៉ឺន ៣ ពាន់នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស ដែលធ្វើឱ្យបុគ្គលស្វ័យនិយោជន៍កើនឡើងដល់ទៅជាង ៥១ ម៉ឺននាក់។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២០ មិថុនា នេះថា ចំនួនប្រជាពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ចុះឈ្មោះចូលជាសមាជិក ប.ស.ស មានការកើនឡើងជាបន្តបន្ទាប់ដោយសារប្រជាពលរដ្ឋបានយល់ដឹងពីអត្ថប្រយោជន៍ពេលដែលមានប័ណ្ណ ប.ស.ស នេះ ដូចជាទទួលបានសេវាពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ នៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស ទូទាំងប្រទេស ដោយឥតគិតថ្លៃ។ ការទទួលបានប្រាក់បំណាច់មាតុភាព និងការទទួលបានប្រាក់វិភាជន៍បូជាសពដោយគ្រាន់តែចំណាយត្រឹម ១៥ ៦០០ រៀល ក្នុង ១ ខែ ប៉ុណ្ណោះ។

លោកបណ្ឌិត បានបញ្ជាក់ថា ជាក់ស្តែងចាប់តាំងពីរាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តគោលនយោបាយថ្មីដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ រហូតមកដល់ខែឧសភា ឆ្នាំ ២០២៥ នេះ មាន សមាជិក ប.ស.ស បានកើនឡើងដល់ ៣ ១៣៨ ៨២២ នាក់ ស្រី ១ ៧២៩៥៨៨ នាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍ចំនួន ៥១២ ៤០៥ នាក់ ស្រី ៣១១ ៩២២ នាក់ មានការកើនឡើង បើធៀបនឹងខែមេសា មានចំនួនត្រឹមតែ ៤៩៨ ៥៤៦ នាក់ ស្រី ៣០៣ ៤១៩ នាក់ កើនឡើង ១៣ ៨៥៩ នាក់ ក្នុងចំណោម សមាជិក ប.ស.ស សរុបចំនួន ៣ ០៦០ ៣៩២ នាក់ ស្រី ១ ៦៨៦ ៨៨៧ នាក់។

លោកបណ្ឌិត បានបន្ថែមថា ចំនួនសមាជិក ប.ស.ស មានការកើនឡើងជាបន្តបន្ទាប់ នេះបង្ហាញពីការមានជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើសេវា ប.ស.ស ព្រោះពួកគាត់គិតថា មាន ប.ស.ស ជួយកាត់បន្ថយការចំណាយក្នុងគ្រួសារពេលមានជំងឺមកមន្ទីរពេទ្យ ដោយសារការចំណាយជាបន្ទុករបស់ ប.ស.ស។ ដូចនេះ ប.ស.ស ជាក្តីសង្ឃឹមរបស់ពួកគាត់។

តែយ៉ាងណាក៏ដោយ មួយរយៈចុងក្រោយនេះ ពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍មួយចំនួន បានរអ៊ូរទាំថា ការធ្វើ ប.ស.ស តឹងតែង និងពិបាកធ្វើជាងមុន ខណៈពីមុនមិនមានការទាមទារច្រើនដូចបច្ចុប្បន្ននោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានពន្យល់ថា «ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថា ការធ្វើប័ណ្ណ ប.ស.ស មានភាពស្មុគស្មាញនោះ ប្រហែលជាសំដៅលើការតម្រូវឱ្យមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចេញដោយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តែបច្ចុប្បន្ននេះការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានភាពងាយស្រួល ដោយលោកអ្នកអាចអញ្ជើញទៅកាន់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ធនាគារអេស៊ីលីដា ធនាគារ ABA ធនាគារវីង និងធនាគារវឌ្ឍនៈ ពេលទៅដល់អាចស្នើសុំវិញ្ញាបនបត្របានហើយ កាន់តែពិសេសទៀតនោះ គឺធ្វើតាមរយៈទូរស័ព្ទ ដោយគ្រាន់តែធ្វើការអាប់ឡូតរូបថត និងឆ្លើយជាមួយនឹងលក្ខខណ្ឌមួយចំនួនទៅគេ នឹងទទួលហើយ នឹងចេញវិញ្ញាបនបត្រ។ ពេលចេញវិញ្ញាបនបត្រហើយ អាចយកមកធ្វើប័ណ្ណ ប.ស.ស ជាបុគ្គលស្វ័យនិយោជន៍នៅគ្រប់សាខា ប.ស.ស ទាំងអស់ បានហើយ»។

លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា ក្រៅពីមានវិញ្ញាបនបត្រហើយ ប្រជាពលរដ្ឋមិនត្រូវមានអាយុលើសពី ៦០ ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំចុះបញ្ជី។ មានប្រកបមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សរ៍ និងមិនមានប្រើប្រាស់បុគ្គលិកនៅក្នុងសកម្មភាពមុខរបររបស់ខ្លួន និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមានសុពលភាព៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


