Connect with us

ព័ត៌មានជាតិ

អ្នកតាមដានយល់ថា ថៃកំពុងព្យាយាមបង្វែររឿង​ឈ្លានពានសម្លាប់ទាហានខ្មែរ

បានផុស

នៅ

ថៃនៅតែ​មិន​ទទួលស្គាល់ និង​មិន​មាន​ចំណាត់ការ​លើ​អ្នក​ទទួល​ខុសត្រូវដែលលួច​ចូលដីខ្មែរ​បាញ់​សម្លាប់​ទាហានខ្មែរកាលពី​ថ្ងៃទី​២៨ ខែ​ឧសភាកន្លង​ទៅ បើ​ទោះ​បី​កម្ពុជា​ទាម​ទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ក្ដី។ អ្នក​តាម​ដាន​យល់​ថាពេល​នេះ​ថៃ​កំពុង​បង្វែរ​អំពើ​ឧក្រិដ្ឋឈ្លានពាន​នេះ​ទៅ​ជា​រឿង​ថ្មី​ផ្សេងទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ជិត​១ខែ​ហើយ​ដែល​ថៃ​គ្មាន​ការ​បកស្រាយ​ពីករណី​ដែល​ចូល​មក​បាញ់​សម្លាប់​ទាហាន​ខ្មែរ​នៅ​ព្រំដែន​មុំ​បី ​ខេត្ត​ព្រះវិហារ ទោះបី​ជា​កម្ពុជា​ដាក់​កំណត់​ទូត​ឱ្យ​បកស្រាយ​ និង​រក​អ្នក​ទទួល​ខុស​ត្រូវក្ដី។ លោកយល់​ថាការមិន​បកស្រាយនិង​ទទួល​ខុស​ត្រូវ​នេះ​គឺ​បានបញ្ជាក់​ថា​ថៃ​មិន​ទទួល​ស្គាល់ថា​ខ្លួន​ខុស​ និង​រំលោភលើ​សន្និសញ្ញាអន្តរជាតិទេ ដូច្នេះ​ហើយ​ទើប​​ប្រឹង​បង្កើត​រឿង​ថ្មីៗ​ផ្សេង​ទៀតឱ្យ​កាន់​តែ​ច្រើន។

លោកបណ្ឌិត យង់ ពៅ៖ «ថៃ​ដាច់​ខាតមិន​ទទួល​ស្គាល់​នូវ​ទង្វើ​ច្រឡោងខាម​ ឃោឃៅ​ រំលោភឈ្លានពានទៅលើដែនអធិបតេយ្យកម្ពុជា​ទេ! បើសិន​បើ​ភាគី​ថៃ​ទទួល​ស្គាល់​នោះថៃ​នឹង​ជាន់​កែង​ខ្លួន​ឯង​ទៅ​លើការ​រំលោភសន្និសញ្ញាអន្តរជាតិ១៩០៤-១៩០៧​ សន្និសញ្ញាបារាំង-សៀម។ អ៊ីចឹង​ថៃ​នឹង​មិន​ទទួល​ស្គាល់​ចំណុច​នេះ​ទេ! អ៊ីចឹង​ហើយ​នេះ​ជា​ចំណុច​ដែល​ថៃ​ចេះ​តែរុញ​បញ្ហា​ឱ្យ​កាន់​តែ​ជ្រៅបន្ថែម​លើ​បញ្ហា​ដែល​មាន​សម្រាប់»។

លោក​ជំរុញ​ដល់​រដ្ឋាភិបាលបន្ត​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​យុត្តិធម៌អន្តរជាតិ ពង្រឹងសមត្ថភាពការពារព្រំដែន និងជំរុញ​ភាព​សាមគ្គី​របស់ខ្មែរដើម្បី​ទប់ទល់​នឹង​នយោបាយ​ឈ្លានពាន​របស់ថៃ។

សម្រាប់អ្នកតាមដានភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជ័យ តិច យល់ថាកម្ពុជា​គួរតែ​បង្កើនសម្ពោធអន្តរជាតិ​បន្ថែមទៀត​លើ​ថៃ​ក្នុង​ករណី​ដែល​ឆ្មក់​ចូល​មក​បាញ់​សម្លាប់​ទាហាន​ខ្មែរនេះតាមរយៈអាស៊ាន និង​អង្គការ​សហប្រជាជាតិ​ជាដើម។ ដោយ​ឡែកក្នុងពេល​ដែល​រៀបចំ​បណ្ដឹង​ទៅ​ ICJ ការ​ដាក់​បញ្ជូល​ករណី​ចូល​មក​បាញ់​សម្លាប់​ទាហាន​ខ្មែរ​នេះ​ក៏​ជា​ភស្ភុតាងសំខាន់​មួយ​ផងដែរ។

លោក​ថា៖ «កម្ពុជា​ត្រូវ​រៀបចំ​នូវ​ចលនាជាតិ​ដើម្បី​តវ៉ា​នូវ​ករណី​នេះ​ ដូចជា​ការ​បង្កើត​នូវ​យុទ្ធនាការ​សារព័ត៌មាន​ឱ្យ​បាន​ផុស​ផុល​ទាំង​សារព័ត៌មាន​ក្នុង​ស្រុក និង​ក្នុង​តំបន់​និង​សារព័ត៌មាន​ល្បី​ៗ​នៅ​ក្នុង​ពិភព​លោក​ដើម្បី​បង្ហាញនូវ​ចេនាដ៏អាក្រក់​និង​ឃោឃៅរបស់​ថៃ​ដែលបាញ់​សម្លាប់​ទាហាន​ខ្មែរ​ដល់​លេណដ្ឋាន ក៏ដូចជា​ចេនាផ្សេង​ៗ​ដែលឈ្លានពានកម្ពុជា រួម​ទាំង​ការ​ប្រើប្រាស់កម្ពុជា​ជា​ឧបករណ៍​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​នេះ»។

គួរឱ្យដឹង​ផងដែរថា ទាហាន​ថៃបាន​ឆ្មក់​ចូល​ដី​ខ្មែរ​បាញ់​​ទាហាន​ខ្មែរនៅ​លេណដ្ឋាន​ស្ថិតក្នុង​ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ ​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្ដាល​ឱ្យ​ព្រឹន្ទបាលទោ សួន រ៉ោ បាត់បង់ជីវិត។

ក្រោយ​សកម្មភាព​នេះក្រសួងការបរទេស​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​ទៅ​ប្រទេស​ថៃបញ្ជាក់​ថាសកម្មភាព​នេះ​បាន​បំពានរំលោភលើដីខ្មែរ និង​ទាមទារឱ្យ​ថៃ​ស៊ើបអង្កេត​រក​អ្នក​ទទួល​ខុស​ត្រូវនៃ​អំពើ​នេះ​មក​ទទួល​ខុស​ត្រូវ​ផងដែរ​។ រហូត​មក​ដល់​ពេល​នេះ​គ្មាន​ការ​បញ្ជាក់ថាមូលហេតុអ្វីបានជាចូលដីខ្មែរបាញ់​សម្លាប់ទាហានខ្មែរនោះទេ គ្រាន់តែនិយាយ​ថា​ការ​បាញ់​សម្លាប់ទាហានខ្មែរគឺពួកគេ​បាញ់​ការពារ​ខ្លួន៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម