Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីព័ត៌មាន និងរដ្ឋមន្ត្រីការងារ អញ្ជើញបិទព្រឹត្តិការណ៍​​ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥

បានផុស

នៅ

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញបានរកឃើញម្ចាស់ជ័យលាភីរួមមាន ជ័យលាភីលេខ១ គឺវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) (ITC), ជ័យលោភីលេខ២ បានទៅលើសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជ័យលោភីលេខ​៣ បានទៅលើវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ចាប់តាំងពីការរៀបចំលើកទី១២ នៅក្នុងឆ្នាំ២០១៤ យើងបានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញ បច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យរ៉បូតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យមានការវិវត្តរីកចម្រើនលើផ្នែកចំណេះដឹង សមត្ថភាព ជំនាញពីមួយឆ្នាំទៅមួយឆ្នាំ គួរឱ្យកត់សំគាល់។

រដ្ឋមន្ត្រីក្រសួងការងារបានបន្ថែមថា នៅក្នុងបរិបទនៃការរីកចម្រើននៃបញ្ញាសិប្បនិមិ្មត ការកើនឡើងនៃឌីជីថលបនីយកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្ម រ៉ូបូត និងបរិវត្តកម្មឌីជីថល គឺជាកត្តាដ៏សំខាន់គាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង និងបន្តលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយនិរន្តរភាព។ បច្ចេកវិទ្យាថ្មីៗទាំងនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផលិតកម្ម និងមានសក្តានុពលជួយដល់កម្លាំងពលកម្មមនុស្សដើម្បីជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងធុរៈកិច្ច។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងទស្សនៈវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងជំរុញពន្លឿនការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាឃ្នាស់លើស្ទួយវិស័យពាក់ព័ន្ធនានា ជាពិសេសវិស័យឧស្សហកម្មនៅកម្ពុជា ដូចមានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

បើតាមលោក រដ្ឋមន្ត្រី ហេង សួរ ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ យើងទាំងអស់គ្នាសុទ្ធតែបានសង្កេតឃើញនូវការខិតខំប្រឹងប្រែងបញ្ចេញទេពកោសល្យដ៏អស្ចារ្យ ការលះបង់ ភាពអត់ធន់ ភាពវៃឆ្លាត ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់របស់បេក្ខជនម្នាក់ៗ ក្នុងការប្រកួតដណ្តើមយកជ័យលាភីលើដៃគូប្រកួត។ ការប្រកួតប្រជែងមិនត្រឹមតែចង់បានមេដាយប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបង្ហាញពីទេពកោសល្យ ចំណេះដឹង សមត្ថភាព និងជំនាញដើម្បីរៀបចំអនាគតនៃឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ។ សូមចាំថាទោះក្មួយៗទទួលបានជ័យលាភី ឬមិនទទួលបានជ័យលាភី ក៏ក្មួយជាបេក្ខជនតំណាងដ៏ល្អបំផុតឱ្យគ្រឹះស្ថានសិក្សារបស់ក្មួយ នឹងជាជើងឯករួចទៅហើយ។

រដ្ឋមន្រ្តីក្រសួងការងារ បានគូសបញ្ជាក់ថា តាមរយៈការប្រកួតនេះ គឺជាការទទួលយកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ដើម្បីប្រើប្រាស់ជាទុនសម្រាប់អភិវឌ្ឍជំនាញរបស់ខ្លួនក្នុងការចាប់ផ្តើមអាជីព ឱកាស និងការច្នៃប្រឌិតឆ្ពោះទៅរកភាពជោគជ័យរបស់ក្មួយៗ និងការអភិវឌ្ឍប្រទេសជាតិ។ ការប្រកួតប្រជែងមិនមែនជាការចាញ់ឈ្នះ តែជាការរួមគ្នាអភិវឌ្ឍកម្រិតសមត្ថភាពជំនាញឱ្យកាន់តែប្រសើរឡើង។

គួរឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតរ៉ូប៉ូត នៅឆ្នាំ២០២៥នេះ មានសិស្ស និសិស្ស ៨ក្រុម មកពី ៥គ្រឹះស្ថានសិក្សា ដែលរួមមាន៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដើម្បីស្វែងរកជើងឯកតំណាងកម្ពុជា ទៅប្រកួតប្រជែងនៅក្នុងព្រឹត្ដិការណ៍អន្តរជាតិ (ABU Robocon 2025) នៅប្រទេសម៉ុងហ្គោលី ឆ្នាំ២០២៥ ខាងមុខនេះ ដែលអាចឱ្យក្មួយៗមានឱកាសចែករំលែកបទពិសោធន៍រវាងយុវជន និងយុវជនពីប្រទេសមួយទៅប្រទេសមួយ ហើយក៏ជាកម្មវិធីមួយដែលបានបំផុស និងលើកទឹកចិត្តដល់យុវជនឱ្យងាកមកសិក្សាផ្នែកបច្ចេកវិទ្យាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម