Connect with us

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំកំពូលៗផ្ញើសារអបអរសាទរខួបលើកទី ១៧ នៃការដាក់បញ្ចូលប្រាសាទ​ព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជានៅតាមស្ថាប័ននានា បានផ្ញើសារចូលរួមអបអរសាទរខួបលើកទី ១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក។
នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំបានរំឭកខួប ១៧ឆ្នាំ ដែលសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា គឺ ប្រាសាទព្រះវិហារ ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧កក្កដា ២០០៨ -៧ កក្កដា ២០២៥)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយគូសបញ្ជាក់ថា៖« កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរនៅលើបណ្តាញសង្គមថា ការដាក់តំបន់ប្រាសាទព្រះវិហារ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមរតកលោកតា។ សម្តេចតេជោក៏បានរំឭកថា៖«បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ថៃបានលើកទ័ពចូលមកឈ្លានពានទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារថែមទៀត»។


សម្តេចតេជោ ហ៊ុន សែន ខេមរបុត្រដែលមានចិត្តមុះមុតក្នុងការការពារជាតិនិងទឹកដីនោះ បានប្រឹងប្រែងតស៊ូទប់ទល់ គ្រប់មធ្យោបាយ ទាំងមធ្យោបាយកម្លាំងប្រដាប់អាវុធ និងមធ្យោបាយច្បាប់អន្តរជាតិ រហូតការពារសម្បត្តិដ៏មានតម្លៃរបស់កម្ពុជានេះមិនឱ្យបាត់បង់នោះឡើយ។

ការដែលអង្គការយូណេស្កូ សម្រេចដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិ ក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ ៤០៥គីទ្បូមែត្រ ពីទីក្រុងភ្នំពេញ តែបើធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ មានចម្ងាយត្រឹមតែ ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំក្សាន្ត។

ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។

ប្រាសាទព្រះវិហារបានប្រគល់ឱ្យប្រទេសថៃ ដោយពួកអាណានិគមបារាំងនៅក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញ ដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ សម្តេច នរោត្តម សីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ វិនាទី មុន

ថ្នាក់ដឹកនាំកំពូលៗផ្ញើសារអបអរសាទរខួបលើកទី ១៧ នៃការដាក់បញ្ចូលប្រាសាទ​ព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ទន្ទឹម​បទឈប់បាញ់ថ្មី​នៅហ្គាហ្សារំពឹង​​​សម្រេចក្នុងសប្តាហ៍នេះ ការ​វាយ​​ប្រហារ​របស់​អ៊ីស្រាអែល​កាន់តែ​សាហាវ​​

កីឡា១៣ នាទីutes មុន

ស្ថិតិ​របស់​​ក្រុម​បាល់ទាត់​នារី កម្ពុជា រីក​ចម្រើន​​ខ្លាំង​គួរទទួល​បាន​ការ​លើក​ទឹក​ចិត្ត

ព័ត៌មានជាតិ១៤ នាទីutes មុន

ថ្ងៃនេះ ខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អ៊ីរ៉ង់ប្រាប់ BRICS ថា ជនស៊ីវិលជាង ៦ ០០០​នាក់ស្លាប់​និង​របួសក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម