ព័ត៌មានជាតិ
ថ្ងៃនេះ ខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ គឺជាខួប១៧ឆ្នាំ ដែលប្រាសាទព្រះវិហារដ៏មានតម្លៃរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសារអបអរសាទរ ភ្ជាប់នឹងការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ បន្តភារកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបានគង់វង្សយូរអង្វែង។

សារខ្លីរបស់ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា «ប្រាសាទព្រះវិហារ ជាដួងព្រលឹងរបស់ជនជាតិខ្មែរ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។ ដូចគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានចេញសារអបអរសាទរខួប១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។

សម្ដេចធិបតី លើកឡើងថា ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ និងប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ។ បើតាមសម្ដេចធិបតី ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺសិខរិស្វរ និងភទ្រស្វរ ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី មកតម្កល់នៅលើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រចំនួន ៨ព្រះអង្គ។

គួរជម្រាបថា ការសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ការសម្រេចរបស់អង្គការយូណេស្កូ គឺជាជោគជ័យដ៏ធំធេងមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បន្ទាប់ពីការទាមទារសិទ្ធិក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេច និងប្រកាសជាផ្លូវការថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដី និងស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា មិនមែនរបស់ថៃឡើយ ពោលគឺប្រកាសប្រគល់ភាពជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។

ប៉ុន្តែជម្លោះព្រំដែនក្បែរតំបន់ប្រាសាទព្រះវិហារនេះ ក៏បានកើតឡើងជាថ្មី នៅខែកក្កដា ឆ្នាំ២០០៨ ក្រោយពេលទាហានថៃបានចូលឈ្លានពានទឹកដីខ្មែរ ដែលជម្លោះប្រាសាទព្រះវិហារ ជាថ្មីពេលនោះ គឺបន្ទាប់ពីអង្គការយូណេស្កូ (NESCO) បានដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ បានផ្ទុះឡើងជាច្រើនលើក បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង។ ក្រោយពីមានជម្លោះយោធាដ៏តានតឹង កម្ពុជាសម្រេចបញ្ជូនសំណុំរឿងប្រាសាទព្រះវិហារ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឱ្យបកស្រាយសាលក្រមឆ្នាំ១៩៦២ឡើងវិញ ក្នុងពេលដែលកម្ពុជាបានឈ្នះក្ដីលើប្រទេសថៃ កាលពីពេលនោះ ជុំវិញរឿងក្ដីប្រាសាទព្រះវិហារ។

ជាជោគជ័យមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា លើការតស៊ូមតិលើឆាកអន្តរជាតិនោះ គឺតុលាការយុត្តិធម៌អន្តរជាតិ ក៏បានប្រកាសសាលក្រមឡើងវិញ តាមការប្ដឹងរបស់កម្ពុជា គឺនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រោយពេលតុលាការបានបើកសវនាការស្ដាប់ការបកស្រាយដោយផ្ទាល់មាត់ពីតំណាងរដ្ឋាភិបាលកម្ពុជា និងថៃ ដោយរក្សាអំណាចសាលក្រមនេះ គឺតុលាការបានបង្គាប់ឱ្យថៃត្រូវដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ ហើយថែមទាំងបានបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជាសម្បត្តិវប្បធម៌របស់កម្ពុជា៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


