Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ ចាត់ទុក«រុក្ខទិវា»ជាចលនាជាតិដ៏សំខាន់ជំរុញការដាំដើមឈើ និងអភិរក្សធម្មជាតិ

បានផុស

នៅ

ស្តេចយាងជាព្រះរាជាធិបតីភាពក្នុងព្រះរាជពិធីរុក្ខទិវា ស្ថិតនៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា មានព្រះរាជបន្ទូលចាត់ទុក «រុក្ខទិវា» ថា ជាចលនាជាតិដ៏សំខាន់ ដើម្បីជំរុញនូវការដាំដើមឈើឡើងវិញ និងការរួមពួតគ្នាការពារព្រៃឈើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះរាជសុន្ទរកថាព្រះករុណាព្រះមហាក្សត្រ៖ ពិធី “រុក្ខទិវា” គឺជាវប្បធម៌ដ៏ប្រសើរ និងជាចលនាជាតិមួយដ៏សំខាន់ក្នុងកម្មវិធីស្តារ និងអភិរក្សធម្មជាតិ ស្របតាមគោលនយោបាយជាតិ ក្នុងគោលបំណងអភិរក្ស និងលើកស្ទួយនូវសម្បត្តិធម្មជាតិ ប្រកបដោយចីរភាព ជាពិសេសរក្សាការពារព្រៃឈើ ដែលជាជម្រកដ៏សំខាន់បំផុតរបស់សត្វគ្រប់ប្រភេទ រក្សាទឹក និងជីវៈចម្រុះ ទុកជាប្រយោជន៍សម្រាប់មនុស្សគ្រប់ជំនាន់

ព្រះមហាក្សត្រ បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជានុរាស្ត្រទាំងអស់នៅទូទាំងប្រទេសចូលរួមដាំដើមឈើ ក្រោមទស្សនទានរួម គឺដាំដើមឈើ និងការពារព្រៃឈើ ជាការជួយខ្លួនឯង ការបង្កើនធនធានធម្មជាតិដែលមានតម្លៃសម្បូរគ្រប់យ៉ាង ធានាបានជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាអាចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ សុវត្ថិភាពពីគ្រោះធម្មជាតិ។

ព្រះមហាក្សត្រ ក៏បានឧទ្ទិសឱ្យពិធី “រុក្ខទិវា” នេះ ស្ថិតក្នុងបេះដូងរបស់ប្រជារាស្ត្រកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនិងចលនាជាតិនៃការរួមសាមគ្គីដាំដើមឈើគ្រប់ប្រភេទ ការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ សត្វព្រៃ ឱ្យបានគង់វង្សរហូតតទៅ។ ព្រះអង្គ ទ្រង់សង្កត់ធ្ងន់ថា «ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ គឺជាការវិនិយោគបៃតងលើធម្មជាតិដែលផ្តល់ពហុប្រយោជន៍ ទាំងសម្រាប់មនុស្ស សត្វ ភពផែនដី និងធ្វើឱ្យមូលដ្ឋានមានទេសភាពពណ៌បៃតងនិងរស់រវើកគ្រប់រដូវកាល»

គួរជម្រាបថា ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានផ្តួចផ្តើមរៀបចំពិធី “រុក្ខទិវា” ជាចលនាជាតិដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំតាមខេត្តនានាក្នុងសម័យសង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យប្រជានុរាស្ត្រចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស។

បន្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ក៏តែបានបន្តរៀបចំពិធី “រុក្ខទិវា”ជារៀងរាល់ឆ្នាំ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម