ព័ត៌មានជាតិ
អាជ្ញាធរមីន សហការជាមួយសាកលវិទ្យាល័យអង់គ្លេស អភិវឌ្ឍដ្រូនគ្មានមនុស្សបើកគាំទ្រការបោសសម្អាតមីននៅកម្ពុជា
អាជ្ញាធរមីន និងសាកលវិទ្យាលេនកាហ្សៀរនៃចក្រភពអង់គ្លេស បានចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើក គាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។ ពិធីចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងនៅថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងសាកលវិទ្យាល័យលេនកាហ្សៀរ (University of Lancashire) នៃចក្រភពអង់គ្លេស ដើម្បីពង្រឹងភាពជាគូរក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីដ្រូនគ្មានមនុស្សបើកគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងកិច្ចប្រតិបត្តិការសកម្មភាពមីន។

ការចុះអនុស្សរណៈនេះ បានផ្តោតសំខាន់លើការគាំទ្រគោលដៅរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាផ្តោតសំខាន់ផងដែរលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីជួយពន្លឿន បង្កើនសមត្ថភាព កាត់បន្ថយហានិភ័យ និងគាំទ្រក្នុងអំឡុងកិច្ចប្រតិបត្តិការសកម្មភាពមីន។
តាងនាមឱ្យរាជរដ្ឋាភិបាល លោក លី ធុជ បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យលេនកាហ្សៀរ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍឧបករណ៍ប្រកបដោយនវានុវត្តន៍ ជាពិសេសការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកក្នុងគោលបំណងគាំទ្រដល់ការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
លោកបានលើកឡើងថា ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តឥតងាករេចំពោះសកម្មភាពមីន សន្តិភាព និងសន្តិសុខរបស់មនុស្សជាតិ ហើយបាននឹងកំពុងបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ដៃគូអភវិឌ្ឍន៍ និងប្រតិបត្តករដោះមីន ដើម្បីបន្តបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅរកគោលដៅកម្ពុជាគ្មានមីន។ ជាក់ស្តែងថ្ងៃនេះ អាជ្ញាធរមីន ជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានពង្រឹងភាពជាដៃគូថ្មី ក្នុងការស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាដ្រូនគ្មានមនុស្សបើកជាមួយសាកលវិទ្យានៃចក្រភពអង្គគ្លេស គាំទ្រដល់វិស័យសកម្មភាពមីនផងដែរ។ លោកបញ្ជាក់ថា៖«ភាពជាដៃគូនេះ មិនត្រឹមតែជួយកម្ពុជាក្នុងការស្វែងរកវិធីសាស្រ្តថ្មីសម្រាប់ការសិក្សាស្រាវជ្រាវ និងការបោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសមត្ថភាពជាតិ បង្កើនការបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹង និងនាំមកនូវការចាប់អារម្មណ៍ជាសកលដល់ភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន»។

លោក លី ធុជ បានថ្លែងទៀតថា ទោះបីមានការរីកចម្រើនគួរឱ្យកត់សំគាល់នូវបច្ចេកវិទ្យាថ្មីៗសម្រាប់ប្រើប្រាស់គាំទ្រក្នុងវិស័យសកម្មភាពមីនក៏ដោយ កម្ពុជានៅតែស្ថិតជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្ពស់ដោយសារមីនលើពិភពលោក។ វត្តមានគ្រាប់មីនដែលនៅសេសសល់ តែងតែបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស ជាពិសេសប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងការស្តារឡើងវិញរបស់សហគមន៍។
ជាមួយគ្នានោះលោក លី ធុជ លើកទឹកចិត្តឱ្យសាកលវិទ្យាលេនកាហ្សៀនបន្តធ្វើការជាមួយកម្ពុជា មិនត្រឹមតែជាអ្នកស្រាវជ្រាវបង្កើតបច្ចេកវិទ្យាថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូដែលដើរទន្ទឹមគ្នាជាមួយកម្ពុជានៅលើផ្លូវទៅកាន់សន្តិភាព។
លោកសាស្រ្តាចារ្យ Darren Anzell បានលើកឡើងថា សាកលវិទ្យាលេនកាហ្សៀរ គឺជាសាកលវិទ្យាធំជាងគេមួយរបស់ចក្រភពអង់គ្លេស បង្កើតឡើងក្នុងឆ្នាំ១៨២៨ ដោយផ្តោតសំខាន់លើផ្នែកវិទ្យាសាស្រ្ត សិល្បៈ និងអក្សរសាស្រ្ត។ ចាប់ពីឆ្នាំ២០១៥ សាកលវិទ្យាល័យ បានធ្វើជាដៃគូជាមួយអាជ្ញាធរមីន កងយោធពលខេមរភូមិន្ទ និងអង្គភាពនានា គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកសាស្រ្តាចារ្យ Darren Anzell មានមោទនភាពក្នុងការចូលរួមចំណែកបណ្តុះបណ្តាលដល់សិក្ខាកាមកម្ពុជាលើការប្រើប្រាស់ដ្រូនគ្មានមនុស្សបើកដែលជាបច្ចេកវិទ្យាថ្មីសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន ហើយលោកសង្ឃឹមថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ នឹងគាំទ្រដល់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០៣០ ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


