Connect with us

ព័ត៌មានជាតិ

ត្រឹម៧ថ្ងៃ​ ក្រសួង​ការងារ​ផ្សាយ​ឱកាស​ការងារ​ដល់​ពលករ​មក​ពី​ថៃជាង៦ម៉ឺន​នាក់ ខណៈ​អ្នក​បាន​ការងារ​ធ្វើភ្លាមៗ​ជាង​១ម៉ឺននាក់

បានផុស

នៅ

ភ្នំពេញ ៖ គិតពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ផ្សព្វផ្សាយ​ស្តី​ពី​ឱកាសការងារ និង​ការ​បណ្តុះបណ្តាលជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ និងពលករ​ដែល​ទើប​មក​ពី​ប្រទេសថៃបានចំនួនជាង ៦ម៉ឺននាក់ ខណៈដែលអ្នកចូលរួមប្រមាណជាង ១ម៉ឺននាក់ទទួលបានការងារបឋម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺ​ជា​ការ​បញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដែលបានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ។

លោក ស៊ុន មេសា បានបញ្ជាក់ថា ​ក្នុងរយៈពេល ៧ថ្ងៃ​នៃ​យុទ្ធនាការចុះផ្សព្វផ្សាយ​ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ពលរដ្ឋនៅតាមមូលដ្ឋាន​ជា​ពិសេស​បង​ប្អូន​ពលករ​ខ្មែរ​ដែល​ទើប​មក​ពី​ថៃ​បាន​ទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ រួមទាំងអត្ថប្រយោជន៍ប.ស.ស. ហើយជាមួយគ្នានេះ ខ្ញុំ​ក៏​សូមអបអរសាទរដល់បងប្អូនដែលទទួលបាន​ឱកាសការងារភ្លាមៗជាង ១ម៉ឺននាក់ដែលទទួលបានឱកាសការងារភ្លាមតាមរយៈ​យុទ្ធនាការទ្រង់ទ្រាយ​ធំ​ជំហានទី២​របស់ក្រសួង។

បើតាមអ្នកនាំពាក្យដដែល ក្នុងយុទ្ធនាការថ្ងៃទី៧ នេះ លោក​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយដល់ឃុំសង្កាត់ចំនួន ២០០​ក្នុង​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ៦ម៉ឺន​នាក់ដែលភាគច្រើនបំផុតគឺជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ។

សូម​រម្លឹក​ថា ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បើកយុទ្ធនាការ​ចុះ​ផ្សព្វផ្សាយ​ជំហានទី១ តាំង​ពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ដែលបានចុះផ្សព្វផ្សាយ​ដល់​ឃុំសង្កាត់​ចំនួន១០២ឃុំ ខណៈ​ដែលយុទ្ធនាការទ្រង់ទ្រាយធំជំហានទី២នេះ មានរយៈពេល១០ថ្ងៃ ដែល​នឹង​ត្រូវ​ចុះផ្សព្វផ្សាយចំនួន៣០០ឃុំពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម