ព័ត៌មានជាតិ
កម្ពុជាឱ្យថៃរួមអនុវត្តឱ្យបានជាក់ស្ដែងតាមកិច្ចព្រមព្រៀងលើបទឈប់បាញ់
អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានប្រាប់ទៅភាគីថៃឱ្យបង្ហាញឆន្ទៈជាមួយកម្ពុជាក្នុងការគោរពអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានឯកភាពក្នុងកិច្ចប្រជុំពិសេសថ្ងៃទី២៨ ខែកក្កដា និងតាមខ្លឹមសារនៃកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែសីហានេះ ថា លទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា នៅប្រទេសម៉ាឡេស៊ី បានឆ្លុះបញ្ចាំងពីការតាំងចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការសហការគ្នាដើម្បីជំរុញឱ្យមានសន្តិភាពយូរអង្វែង ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឃ ដើម្បីជាឧត្តមផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ។

ប៉ុន្តែយ៉ាងនេះក្ដី ជាជំហានបន្ទាប់ដែលសំខាន់បំផុតនោះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថា ទាមទារឱ្យភាគីកម្ពុជា និងថៃ ត្រូវតែបង្ហាញឆន្ទៈ និងការប្ដេជ្ញាចិត្ត គោរព និងអនុវត្តដោយស្មោះត្រង់ ពិតប្រាកដ និងជាក់ស្ដែងស្របជាមួយនឹងអ្វីដែលបានឯកភាពគ្នាកន្លងមកនេះ។
ការលើកឡើងដូច្នេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងក្រោយការប្រកាសរបស់មេបញ្ជាការយោធភូមិភាគទី២ថៃ លោក ប៊ុនស៊ីន ផាត់ក្លាង ដែលចង់វាយដណ្តើមយកប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ការប្រកាសនេះត្រូវបាន លោកស្រី ម៉ាលី សុជាតា ថ្លែងចាត់ទុកថា ជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន រួមទាំងការបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានព្រមព្រៀងដោយភាគីទាំងពីរក្នុងកិច្ចប្រជុំ GBC ថ្មីៗនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅម៉ោង៤រសៀលថ្ងៃនេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានរំលឹកឡើងវិញពីខ្លឹមសារមួយចំនួន ដែលមានចែងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្លាំងយោធាផងដែរ ដោយភាគីទាំងពីរ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ រាប់បញ្ចូលទាំងការប្រើប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងការវាយប្រហារទៅលើប្រជាជនស៊ីវិល ទ្រព្យសម្បត្តិស៊ីវិល និងគោលដៅយោធារបស់ភាគីម្ខាងៗនៅគ្រប់ករណីនិងគ្រប់តំបន់ទាំងអស់។ ពិសេសនោះ គឺភាគីទាំងពីរត្រូវតែជៀសវាងដាច់ខាតនូវរាល់ការបាញ់គ្នាដោយគ្មានមូលហេតុច្បាស់លាស់ទៅលើទីតាំង ឬកងទ័ពរបស់ភាគីម្ខាងទៀត ហើយម្យ៉ាងទៀត មិនត្រូវរំលោភបំពានលើកិច្ចព្រមព្រៀងនេះឡើយ ទោះក្នុងស្ថានការណ៍ណាក៏ដោយ។

ស្មារតីនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ភាគីទាំងពីរ ក៏បានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើង ក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅវេលាម៉ោង១២យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ដោយមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការចល័តទ័ពទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។
ភាគីទាំងពីរ បានព្រមព្រៀងមិនអនុញ្ញាតឱ្យមានសកម្មភាពរំខានណាមួយដែលអាចបង្កភាពតានតឹងឡើងវិញផងដែរ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បន្ថែមយ៉ាងដូច្នេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


