ព័ត៌មានជាតិ
ព្រឹទ្ធសភាប្រមូលធាតុចូលបន្ថែមពីបក្សនយោបាយចម្រុះដើម្បីវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា
ព្រឹទ្ធសភាបានផ្លាស់ប្ដូរយោបល់ និងប្រមូលបានធាតុចូលបន្ថែមទៀតពីបណ្ដាគណបក្សនយោបាយចម្រុះ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានដល់ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាប្រកបដោយភាពត្រឹមត្រូវ នាពេលខាងមុខ។

សិក្ខាសាលាដែលរៀបចំឡើងដោយព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មានការចូលរួមពីសមាជិកព្រឹទ្ធសភា តំណាងគណៈកម្មការទាំង១០នៃរដ្ឋសភា តំណាងគណបក្សនយោបាយ តំណាងគណៈកម្មការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ សម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុងស្រុកខណ្ឌឃុំសង្កាត់ និងក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា។ ខណៈសមាជិកព្រឹទ្ធសភាចំនួន៣រូបមកពីគណបក្សឆន្ទៈខ្មែរ ក៏មានវត្តមានចូលរួមផងដែរ។

តាមការចុះផ្សាយដោយព្រឹទ្ធសភា ក្នុងសិក្ខាសាលានេះ គឺមានការលើកជាសំណួរ និងមតិចូលរួមជាច្រើន ដើម្បីផ្លាស់ប្តូរយោបល់ បទពិសោធ និងព័ត៌មានពាក់ព័ន្ធសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ក្នុងនោះ អង្គសិក្ខាសាលា បានចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់គណៈកម្មការពិសេសព្រឹទ្ធសភា រហូតរៀបចំបាននូវសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះឡើង។

គម្រោងវិសោធនកម្មច្បាប់នេះ គឺអនុវត្តតាមការចង្អុលបង្ហាញរបស់ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យមានការសិក្សាមួយក្នុងការរៀបចំឡើងវិញនូវប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាឱ្យមានទម្រង់ដូចទៅនឹងប្រព័ន្ធបោះឆ្នោតរដ្ឋសភា ដោយដូរពីការបោះឆ្នោតតាមភូមិភាគ ទៅជាសមាមាត្រតាមមណ្ឌលរាជធានីខេត្តទាំង២៥ ជំនួសវិញ។
គោលដៅចម្បងនៃសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភានេះ គឺដើម្បីពង្រឹងគណនេយ្យភាព និងការទទួលខុសត្រូវរបស់សមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើយ៉ាងណាឱ្យសមាជិកព្រឹទ្ធសភាត្រូវចុះជាប់ជាប្រចាំនៅមូលដ្ឋានរបស់ខ្លួន។

គួរបញ្ជាក់ថា សិក្ខាសាលាខាងលើ ក៏មានបទបង្ហាញដោយលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការពិសេស ដើម្បីសិក្សារៀបចំ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពាក់ព័ន្ធនឹងផ្នែកសំខាន់ៗមួយចំនួន ជាអាទិ៍ប្រវត្តិរៀបចំស្ថាប័នព្រឹទ្ធសភាកម្ពុជា ការស្រាវជ្រាវលើប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាតាមបណ្ដាប្រទេសផ្សេងៗនៅអាស៊ី និងអឺរ៉ុប រាប់ទាំងអាម៉េរិក និងបទបង្ហាញពីសេចក្តីព្រាងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


