Connect with us

ព័ត៌មានជាតិ

គម្រោងស្ដារស្ទឹងសៀមរាបជំហានទី ២ បញ្ចប់ ១០០ ភាគរយ នឹងលើកកម្ពស់សោភ័ណភាព កាត់បន្ថយការជន់លិចក្នុងក្រុងសៀមរាប

បានផុស

នៅ

គម្រោង​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​ទី ២ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ១០០ ភាគរយ​ហើយ ដែល​ការ​ស្ដារ​ស្ទឹង​នេះ ដើម្បី​លើក​កម្ពស់​សោភ័ណភាព កាត់បន្ថយ​ការ​ជន់​លិច​ក្នុង​ក្រុង​សៀមរាប ព្រម​ទាំង​អាច​ឱ្យ​កាណូត​ចូល​មក​ដល់​ក្នុង​ខេត្ត​ដឹកជញ្ជូន​ផលិតផល ឬ​កសិផល​ផ្សេងៗ តាម​ផ្លូវ​ទឹក​មួយ​នេះ​បាន​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សារី អភិបាលរង​ខេត្ត បាន​បង្ហាញ​ថា គម្រោង​នេះ មិន​ត្រឹមតែ​លើកកម្ពស់​សោភ័ណភាព​ក្រុង​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ផ្ដល់​កន្លែង​សម្រាប់​ប្រជាពលរដ្ឋ​ហាត់​ប្រាណ​បាន​ទៀត​ផង។ លោក​បាន​បន្ត​ថា គម្រោង​នេះ ទោះបីជា​ប្រគល់​មក​ឱ្យ​រដ្ឋបាល​ខេត្ត​គ្រប់គ្រង​ក៏ដោយ ក៏​ក្រុមហ៊ុន​នៅតែ​បន្ត​តាមដាន និង​ជួយ​មើលថែ​មួយ​ឆ្នាំ​ទៀត​ដែរ។

លោក​អភិបាល​រង​ខេត្ត ក៏បាន​ណែនាំ​បន្ថែម​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ និង​ទប់​ស្កាត់​ការ​ជីក​កកាយ ឬ​ការ​សាងសង់​សំណង់​ផ្សេងៗ នៅ​តាម​ដងស្ទឹង។ ការ​បង្ហូរទឹក​ចូល​ក្នុង​ស្ទឹង ឬ​ការ​ដាំ​ដើមឈើ ក៏​ត្រូវតែ​ស្នើសុំ​មកកាន់​រដ្ឋបាល​ខេត្ត​ជាមុន​ផង​ដែរ ព្រោះ​គម្រោង​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ម្ចាស់​ជំនួយ​នៅឡើយ។ ម្យ៉ាងវិញទៀត អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ជួយ​ថែរក្សា​អនាម័យ​បរិស្ថាន សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព ជាពិសេស​ពេល​ដែល​ពួកគាត់​ហាត់ប្រាណ​នៅ​តំបន់​នោះ។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់ដៃ​គូ​អភិវឌ្ឍន៍​របស់​កូរ៉េ ដែល​បាន​ជួយ​ដល់​ការ​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​ទី ២ នេះ បាន​ជោគជ័យ​តាម​ផែនការ​ដែល​បាន​គ្រោង​ទុក។

លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហាញ​ថា កន្លងមក​ក្រុង​សៀមរាប​តែងតែ​ជួបប្រទះ​បញ្ហា​ទឹកជំនន់​ញឹកញាប់ ដោយសារ​ស្ទឹង​សៀមរាប​ហូរ​កាត់​ក្រុង​មាន​សភាព​ចាល់ ចំណែក​ទឹក​ទន្លេសាប​ឡើង​ខ្ពស់ និង​ប្រព័ន្ធ​លូ​នានា​ហូរ​មិនទាន់។ បន្ទាប់ពី​ការ​សាងសង់ និង​ជួសជុល​រួចរាល់ ក្រសួង បាន​ផ្ទេរ​ការ​គ្រប់គ្រង​ទៅ​រដ្ឋបាល​ខេត្ត ហើយ​ក៏បាន​ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត​ជួយ​ទប់ស្កាត់​ការ​សង់​សំណង់​ផ្សេងៗ ដើម្បី​រក្សា និង​លើក​កម្ពស់​សោភ័ណភាព​ដងស្ទឹង​សៀមរាប​ឱ្យ​កាន់តែ​ស្រស់​ស្អាត។ ទន្ទឹម​នឹង​នេះ យើង​ក៏​ត្រៀម​នឹង​បន្ត​ស្តារ​ស្ទឹង​សៀមរាប​ជំហាន​ទី ៣ បន្ត​ពី​ជំហាន​ទី ២ នេះ ផង​ដែរ៕

អត្ថបទ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម