Connect with us

ព័ត៌មានជាតិ

សិស្សត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ នាំគ្នាអុជធូបសុំពរជ័យពីលោកតាដំបូងក្រញូង

បានផុស

នៅ

ប៉ុន្មានថ្ងៃកន្លងមកនេះ សង្កេតឃើញមានសិស្សានុសិស្សប្រុសស្រីជាច្រើន បាននាំគ្នាមកអុជធូបទៀន បែរបន់នៅចំពោះមុខរូបសំណាក់លោកតាដំបងក្រញូង នាខេត្តបាត់ដំបង ដើម្បីសុំសេចក្តីសុខផង និងបួងសួងឱ្យការប្រឡងរបស់ខ្លួនទទួលបានជោគជ័យនៅប៉ុន្មានថ្ងៃខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរបញ្ជាក់ដែរថា តាំងពីយូរលង់ណាស់មកហើយ ដែលរូបសំណាកលោកតាដំបងក្រញូង ល្បីរន្ទឺសុះសាយ ថាមានបារមីខ្លាំងពូកែ និងសក្ត័សិទ្ធ ទោះមនុស្សម្នាក្នុងប្រទេសក្តី ក្រៅប្រទេសក្តី ប្រសិនបើបានធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបង គឺពួកគាត់តែងនាំគ្នាចុះអុជធូបថ្វាយចេកដើម្បីសុំបែរបន់ឲ្យពួកគាត់មានក្តីសុខ និងបំណងដូចប្រាថ្នា។ ចំណែកសិស្សានុ​សិស្សដែលមកធ្វើការបន់ស្រន់នេះក៏ជាទំនៀមទម្លាប់របស់បេក្ខនដែលនិយមធ្វើនៅមុនការប្រឡងមកដល់។

យុវសិស្ស ដេត ផល្លា ជាសិស្សមកពីសាលាមធ្យមសិក្សារូងជ្រៃ ក្នុងស្រុកថ្មគោល បានរៀបរាប់ថា ថ្វីត្បិតតែប្អូនបានមកអុជធូបបែរបន់ពីលោកតាដំបងក្រញូងក៏ពិតមែន ប៉ុន្តែប្អូនក៏ចាំបាច់ត្រូវតែប្រឹងសិក្សារៀនសូត្រផងដែរ ដោយមិនពឹងទាំងស្រុងទៅលើការបែរបន់នោះទេ ។ ផល្លា បាននិយយថា ព្រោះការប្រឡងបើយើងមិនខំរៀនទេ ក៏មិនអាចប្រឡងជាប់ដូចបំណងបានដែរ ដូច្នេះខំរៀនខ្លួនឯងផង និងបន់ស្រន់ផង ទើបទទួលបានជោគជ័យ។

យុវជនរូបនេះលើកឡើងថា៖« ឯការបែបបន់ស្រន់នេះ គឺបំណងសុំសេចក្តីសុខសប្បាយ និងសុំឱ្យប្រឡងបានលទ្ធផលល្អផង ព្រោះប្អូនក៏មានជំនឿយ៉ាងមុតមាំទៅលើលោកតាដំបងក្រញូងផងដែរ ដែលលោកតាធ្លាប់មានបារមីខ្លាំងពូកែរហូតមានមនុស្សម្នាតែងបែរបន់ទៅតាមបំណងប្រាថ្នាពីលោកតាជានិច្ច»។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង នឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ នៅថ្ងៃទី ២៨-២៩ សីហា ឆ្នាំ ២០២៥ ដោយមានបេក្ខជនដាក់ពាក្យប្រឡងជាង​ ១៤ ម៉ឺននាក់ មានការកើន​ឡើង​ជិត១ ម៉ឺន​នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន​ដែល​មាន​បេក្ខជន​ត្រឹម​ជាង ១៣ ម៉ឺន​នាក់ ប៉ុណ្ណោះ៕

 អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម