ព័ត៌មានជាតិ
កិច្ចប្រជុំ RBC ថ្ងៃនេះ យោធាកម្ពុជា-ថៃ បញ្ជាក់ពីការរួមគ្នាខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី
ក្រោយបញ្ចប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ភាគីយោធាកម្ពុជានិងថៃ បានបញ្ជាក់ឡើងវិញពីការបន្តរួមគ្នាខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី ធ្វើយ៉ាងណាបញ្ចៀសការប៉ះទង្គិចគ្នាដោយប្រដាប់អវុធ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលបានចាប់ផ្តើមនៅម៉ោង១០៖៣០នាទីព្រឹកថ្ងៃនេះ បានបញ្ចប់ដោយជោគជ័យ នៅវេលាម៉ោង១១៖២០នាទីព្រឹក។
នៅក្នុងកិច្ចប្រជុំវិសាមញ្ញនេះ ភាគីកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងការរក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។

ភាគីទាំងពីរ ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញសហប្រតិបត្តិការលើគ្រប់វិស័យ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ នេះយោងតាមខ្លឹមសារនៃសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាដដែល។

គួរជម្រាបថា កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាតរបស់ថៃ នៅថ្ងៃទី២៥ ខែសីហានេះបានប្រព្រឹត្តទៅដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងភាគីថៃដឹកនាំដោយឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត មេបញ្ជាការការពារព្រំដែនខេត្តច័ន្ទបុរី និងខេត្តត្រាត។

កិច្ចប្រជុំវិសាមញ្ញនេះ គឺធ្វើឡើងក្រោយកិច្ចប្រជុំថ្នាក់លេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលបានប្រព្រឹត្តទៅកាលពីម្សិលមិញ ថ្ងៃទី២៤ ខែសីហានោះ ហើយការបន្តកិច្ចប្រជុំជាវិសាមញ្ញ នាព្រឹកថ្ងៃនេះ ក៏ជាកិច្ចប្រជុំលើកទី៣សម្រាប់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ។ ក្នុងនោះលើកទី១ រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការដ្ឋានការងារច័ន្ទបុរី-ត្រាត របស់ថៃ កាលពីថ្ងៃទី១៦ ខែសីហា និងជាលើកទី២ កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងយោធភូមិភាទី១ របស់ថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ប្រទេសថៃ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


