Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំមេភូមិភាគ៤កម្ពុជា និងមេភូមិភាគ២ថៃ ឯកភាពគ្នាមិនទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងៗ

បានផុស

នៅ

ក្រោយបញ្ចប់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា និងមេបញ្ជាការកងទ័ពភូមិភាគទី២ថៃ បានបញ្ជាក់ឡើងវិញពីការបន្តរួមគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី ធ្វើយ៉ាងណាបញ្ចៀសការប៉ះទង្គិចដោយប្រដាប់អាវុធ។ មេយោធាទាំងពីរ ក៏ឯកភាពគ្នាមិនពង្រីកជម្លោះ តាមរយៈសកម្មភាពទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា គឺក្នុងកិច្ចប្រជុំជាវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ចប់ដោយជោគជ័យ ដោយភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមសេចក្តីសម្រេចនៃកិច្ចប្រជុំពិសេសរវាងប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ កាលពីថ្ងៃទី២៨ ខែកក្កដា និងកិច្ចប្រជុំជាវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

មេបញ្ជាការយោធភូមិភាគទី៤កម្ពុជា និងមេបញ្ជាការកងទ័ពភូមិភាគទី២ថៃ បានឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំរវាងបណ្តាយោធភូមិភាគ និងតំបន់យោធា ព្រមទាំងបណ្តាអង្គភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា។

ភាគីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ។ តាមរយៈការប្រាស្រ័យទាក់ទងគ្នានេះ ភាគីទាំងពីរ បានសង្កត់ធ្ងន់អំពីការវិវត្តជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានកន្លងមក សំដៅជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

នៅចំពោះមុខសភាពការណ៍ពេលនេះ មេភូមិភាគ៤កម្ពុជា និងមេភូមិភាគ២ថៃ ក៏បានឯកភាពគ្នាមិនពង្រីកវិសាលភាព និងទំហំនៃវិវាទ រួមបញ្ចូលទាំងសកម្មភាពបង្កហេតុរបស់ទាហាន ឬប្រជាជន ដែលអាចនាំឱ្យមានភាពតានតឹង ដូចជាសម្ដីអុជអាល និងសកម្មភាពរបស់ទាហានដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀត ក្រោយមានបទឈប់បាញ់ចូលជាធរមាន។

ការឯកភាពគ្នាត្រង់ចំណុចនេះ គឺធ្វើឡើងចំពេលដែលកម្លាំងយោធាថៃបានព្យាយាមប៉ុនប៉ងយកលួសបន្លាមករាយចូលដីកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិ Nong Chan ក្នុងខេត្តស្រះកែវ ប្រទេសថៃ។ ប៉ុន្តែសកម្មភាពនេះ ត្រូវបានពលរដ្ឋខ្មែរដែលជាម្ចាស់ដី និងពលរដ្ឋផ្សេងៗទៀតរារាំងទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃយកបន្លាលួសរបស់ខ្លួនត្រឡប់ចូលទៅវិញ។

ការប៉ះទង្គិចនេះ ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា បានកើតឡើងដោយសារតែប្រជាពលរដ្ឋកម្ពុជាទាំងនោះការពារទ្រព្យសម្បត្តិរបស់ពួកគាត់ពីការព័ទ្ធយកដោយយោធាថៃ តាមរយៈការាយបន្លាលួស និងដាក់កង់ឡានខុសច្បាប់ ដែលផ្ទុយពីបទឈប់បាញ់ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

ជុំវិញបញ្ហាខាងលើ ក្នុងកិច្ចប្រជុំ RBC នាថ្ងៃនេះ ភាគីកម្ពុជា និងថៃ បានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សចំពោះការតវ៉ាទៅលើជម្លោះណាមួយដែលកើតមានឡើងតាមព្រំដែន ហើយបានយល់ព្រមបញ្ជូនបញ្ហាផ្សេងៗដែលមិនអាចដោះស្រាយបាននៅកម្រិតគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ទៅកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ឬយន្តការសមស្របផ្សេងទៀត តាមការព្រមព្រៀងរបស់ភាគីទាំងពីរផងដែរ។ នេះជាលទ្ធផលដែលបានគូសបញ្ជាក់ក្នុងសេចក្ដីប្រកាសក្រសួងការពារជាតិដដែល។

គួរជម្រាបថា កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅនៅខេត្តស៊ីសាកេត ប្រទេសថៃ ដោយភាគីកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ និងថៃដឹកនាំដោយឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការកងទ័ពភូមិភាគទី២៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម