ព័ត៌មានជាតិ
តួលេខចរចាប្រាក់ឈ្នួលបឋម៖ ភាគីកម្មករស្នើថែម១០ដុល្លារ ខណៈថៅកែសុំមិនឡើង
កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតក្នុងឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរ សម្រាប់ឆ្នាំ២០២៦ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ភាគីកម្មករនិយោជិត ស្នើថែម១០ដុល្លារ ខណៈភាគីនិយោជក ស្នើសុំរក្សាតួលេខចាស់។

ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ជុំទី២ ថ្ងៃនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា តំណាងភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនចំនួន ១០ដុល្លាអាមេរិកលើតួលេខបច្ចុប្បន្ន២០៨ដុល្លារអាមេរិក និងតំណាងភាគីនិយោជកបានស្នើរក្សាតួលេខបច្ចុប្បន្នចំនួន ២០៨ដុល្លារអាមេរិកដដែល។

ជាការរំលឹក ឆ្នាំ២០២៥នេះ ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករនិយោជិត មានចំនួន២០៨ដុល្លារក្នុងមួយខែ បើធៀបនឹងឆ្នាំ២០២៤ មានត្រឹម២០៤ដុល្លារ ពោលគឺកើនឡើង៤ដុល្លារ ក្រោយមានការបោះឆ្នោតដោយកិច្ចប្រជុំត្រីភាគី ដោយបានឯកភាពដំឡើង២ដុល្លារ និងការបន្ថែម២ដុល្លារទៀតពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ប៉ុន្តែសម្រាប់តួលេខចរចាពេលនេះ គ្រាន់តែជាតួលេខបឋមប៉ុណ្ណោះ ដោយអង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគីជាបន្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ លោក ហេង សួរ លើកឡើងថា ភាគីកម្មករនិយោជិត និងភាគីនិយោជក នឹងជួបប្រជុំទ្វេភាគីបន្ថែមទៀតផងដែរ ដើម្បីស្វែងរកចំណុចរួម ធ្វើយ៉ាងណាគឺមានជំនឿទុកចិត្តទៅវិញទៅមក និងទទួលយកបាននូវជំហររួមមួយ ដើម្បីជាប្រយោជន៍ទាំងសម្រាប់កម្មករនិយោជិត ទាំងនិយោជក។

ការស្នើរក្សាតួលេខ២០៨ដុល្លារដដែលរបស់ភាគីនិយោជក គឺដោយការជះឥទ្ធិពលពីអត្រាពន្ធខ្ពស់របស់សហរដ្ឋអាមេរិក បើទោះជាការយកពន្ធរបស់អាមេរិកលើទំនិញកម្ពុជា បានទម្លាក់ក្នុងអត្រា១៩ភាគរយក៏ដោយ។ លោករដ្ឋមន្ត្រី ហេង សួរ ថ្លែងបញ្ជាក់បែបនេះ ហើយលោក បន្ថែមថា ដោយឡែក លំហូរប្រជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ ភាគីនិយោជក បានកត់សំគាល់ពីភាពវិជ្ជមាន ដែលនឹងជួយបំពេញបន្ថែមដល់តម្រូវការកម្លាំងពលកម្មក្នុងស្រុក។

គួរជម្រាបថា នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំរបស់ខ្លួន សម្រាប់ជុំទី២ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ សម្រាប់ឆ្នាំ២០២៦ បន្ទាប់ពីបានបើកកិច្ចប្រជុំជុំទី១ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។
មុនដំណើរការកិច្ចប្រជុំត្រីភាគីដែលមានតំណាងរាជរដ្ឋាភិបាល ភាគីតំណាងកម្មករនិយោជិត (សហជីព) និងតំណាងភាគីនិយោជក ថ្ងៃនេះ តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក ក៏បានជួបប្រជុំផ្ទៃក្នុងសម្ងាត់រៀងៗខ្លួនផងដែរ ដើម្បីសម្រេចនូវកិច្ចការផ្ទៃក្នុងមួយចំនួនរបស់ខ្លួន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


