Connect with us

ព័ត៌មានជាតិ

អ្នកជំនាញសង្គម៖ ការដកតំណែងមន្រ្តីដែលប្រើហិង្សា និងប្រើសម្តីអសីលធម៌ដាក់ពលរដ្ឋជាគំរូដ៏ល្អ

បានផុស

នៅ

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញកិច្ចការសង្គម យល់ថាការដកតំណែងមន្ត្រីនគរបាល ឬមន្ត្រីក្នុងក្រសួង ស្ថាប័នណាដែលមិនគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ ប្រើអំពើហិង្សាលើពលរដ្ឋ ឬប្រើសម្តីមិនសមរម្យ គឺជារឿងត្រឹមត្រូវ ដើម្បីកុំឱ្យពលរដ្ឋបន្តរងគ្រោះ និងក៏ជាគំរូល្អដល់មន្ត្រីដទៃ ព្រមទាំងជួយលើកកេរ្តិ៍ឈ្មោះដល់អង្គភាពដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការសង្កេតឃើញថា មន្ត្រីមួយចំនួន បានប្រើប្រាស់អំណាចខ្លួនហួសហេតុ ហ៊ានប្រើអំពើហិង្សាលើពលរដ្ឋ ឬនិយាយសម្តីមិនសមរម្យ ស្រែក សម្លុត ឬជេរប្រមាថជាដើម។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក៏បានចាត់វិធានការភ្លាមៗចំពោះបុគ្គលដែលបង្ក ដូចជាហៅទៅទូន្មាន ធ្វើកិច្ចសន្យា ឬឈានដល់ការបណ្តេញចេញពីក្របខ័ណ្ឌ និងដកតំណែងតែម្តង ប្រសិនជារឿងនោះធ្ងន់ធ្ងរ ឬជនបង្កនៅតែមិនរៀងចាល។

ពាក់ព័ន្ធករណីខាងលើ លោកបណ្ឌិត ឈត ប៊ុនថង ប្រាប់ កម្ពុជាថ្មី ថា ជាទូទៅនៅក្នុងរដ្ឋមួយ ឬប្រទេសមួយ មិនអាចខ្វះមន្ត្រីបានទេ ហើយមន្ត្រី និងពលរដ្ឋក៏ត្រូវគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ និងសមត្ថកិច្ចរបស់ខ្លួនដែរ។ លោកបានបញ្ជាក់ថា មន្ត្រីដែលមានតួនាទីនោះ មិនមែនជាចៅហ្វាយរបស់ប្រជាជនឡើយ ពោល គឺជាអ្នកដឹកនាំដែលជាអ្នកបម្រើសង្គម និងពលរដ្ឋក្នុងវិស័យដែលខ្លួនកាន់កាប់ ដោយមានចងដោយច្បាប់ និងគោលការណ៍ផ្សេងៗ។

លោកបន្តថា ប្រសិនជាមន្ត្រីណាម្នាក់មិនបានគោរពតាមក្រមសីលធម៌របស់ខ្លួន នោះត្រូវអនុវត្តតាមច្បាប់ហើយ ដូចជាការហៅមកទូន្មាន ឬធ្វើកិច្ចសន្យា ឬបណ្តេញចេញពីក្របខ័ណ្ឌ ដកតំណែង ប្រសិនបើបុគ្គលនោះមិនកែប្រែកំហុសរបស់ខ្លួន។ លោកបណ្ឌិត ឈត ប៊ុនថង និយាយថា៖ “ទី១ ប្រសិនជាទុកគាត់ ប៉ះពាល់ទៅដល់អង្គភាព ទៅដល់វិស័យ ទៅដល់ក្រសួងស្ថាប័នហ្នឹង ហើយក៏អាចរាលដាលទៅដល់មន្ត្រីផ្សេងៗទៀត។ ហើយទី២ ប្រសិនជាមិនដកគាត់ទេ ទុកទៅ ប្រជាពលរដ្ឋនឹងបន្តរងគ្រោះ បន្តរងការប្រមាថ ការមើលងាយ ឬការប្រើហិង្សាអីផ្សេងៗទៀត​ពីបុគ្គលបែបហ្នឹង”

លោកបណ្ឌិត ឈត ប៊ុនថង សង្កត់ធ្ងន់ថា ប្រសិនជាមានការរកឃើញនូវកំហុងរបស់មន្ត្រីនោះពិតមែន ការដកដំណែងគឺជារឿងត្រឹមត្រូវ ដែលនាំឱ្យប្រជាពលរដ្ឋទទួលបានភាពយុត្តិធម៌ សមធម៌ ការការពារ ភាពកក់ក្តៅ និងក្តីស្រឡាញ់។ បន្ថែមពីនេះ អាចស្តារកេរ្តិ៍ឈ្មោះ កត្តិយសរបស់អង្គភាព និងទប់ស្កាតើការរាលដាលបន្តទៀត។

អ្នកជំនាញរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទោះបីមានមន្ត្រីមួយចំនួនបានប្រព្រឹត្តខុស ហើយក៏បានទទួលទោសរួចហើយ សូមកុំនាំគ្នាសន្និដ្ឋានទាំងអស់ថា មន្ត្រីអាជ្ញាធរទាំងអស់សុទ្ធតែអាក្រក់ និងមិនចង់គោរពច្បាប់ ឬមិនគោរពអាជ្ញាធរនោះទេ។ ត្រង់ចំណុចនេះ លោកថា នៅពេលអាជ្ញាធរ និងពលរដ្ឋមិនចុះសម្រុងគ្នា មិនមានក្តីស្រឡាញ់ មិនធ្វើការជាមួយគ្នាដោយហេតុផល នោះមានន័យថា មិនអាចមានសុខដុមក្នុងសង្គមបានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម