Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើអាជ្ញាធរ ពិនិត្យមើលទីតាំងផ្លូវជាប់គល់ស្ពានព្រែកព្នៅកំពុងរងការខូចខាត

បានផុស

នៅ

ប្រជាពលរដ្ឋ ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ ​ជួយ​ពិនិត្យ​មើលផ្លូវ ១ កន្លែង ជាប់​គល់​ស្ពាន​ព្រែក​ព្នៅ កំពុង​រង​ការ​ខូចខាត​ជា​បណ្ដើរៗ ដោយ​នៅ​ផ្នែក​មួយ​ចំនួន​មាន​ការ​ស្រុត ផ្នែក​ខ្លះ​ទៀត​បែក​ប្រេះ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ តែងតែ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ គេច​ពី​ជង្ហុក​ខូចខាត បែរ​ជា​ទៅ​ប៉ះ​រថយន្ត​ផ្សេងទៀត​ទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ទីតាំង​កំពុង​រង​ការ​ខូចខាត​នេះ​ស្ថិតនៅ​ត្រង់​ចំណុច​ជាប់​គល់​ស្ពាន​ព្រែក​ព្នៅ បត់​ពី​ផ្លូវជាតិ​លេខ ៥ ឆ្ពោះ​មក​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។

លោក ឆា ដា ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ បាន​ឲ្យ​ដឹង​ថា កាលពីដើម​ឡើយ នៅ​ចំណុច​នេះ មិន​មាន​ការ​ខូចខាត​ដល់​ថ្នាក់​នេះ​នោះ​ទេ តែ​ដោយសារ​មាន​រថយន្ត​ដឹកទំនិញ​ធំៗ បើក​ឆ្លងកាត់​រាល់ថ្ងៃ សង្ស័យ​ដឹក​លើស​ទម្ងន់​ធ្វើ​ឲ្យ​ស្រុត​បន្តិច​ម្ដងៗ។

លោក​បាន​បន្ត​ថា បើ​រថយន្ត​ដឹក​ដី ដីខ្សាច់​វិញ ពេល​ដឹក​ឆ្លងកាត់​ម្ដងៗ តែងតែ​ឃើញ​មាន​ទឹក​ហូរ​ពេញ​ផ្លូវ នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច ដោយសារ​ពេល​មាន​ទឹក​ដក់​យូរ​ៗ ទៅ ផ្លូវ​ស្រុត ប្រេះ ខូច។

ចំណែក អ្នក​ស្រី លីកា ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​ចុះ​ពិនិត្យ និង​ធ្វើការ​ជួសជុល​ផ្លូវ​ខាង​លើ​ឲ្យ​បាន​ឆាប់​កាន់តែ​ល្អ ពីព្រោះ​អាណិត​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ពេល​មាន​ភ្លៀង​ធ្លាក់​មក​លិច​ជង្ហុក​បាត់​មើល​មិន​ឃើញ តែងតែ​ដួល​គ្រោះថ្នាក់​ជា​ញឹកញាប់ ចំណែក​ខ្លះ​ទៀត គេច​កន្លែង​ស្រុត​តែងតែ​ទៅ​ប៉ះ​ជាមួយ​រថយន្ត​ធ្វើ​ដំណើរ​ស្របគ្នា បើ​រថយន្ត​តូចៗ មិន​អី នោះ​ទេ តែ​បើ​រថយន្ត​ធ្ងន់​ធំ​អាច​ប៉ះពាល់​ដល់​អាយុជីវិត។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ធឹម សំអាន អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ប្រាប់​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា លោក​អរគុណ​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​មក​កាន់​អាជ្ញាធរ។ លោក​សូម​ឲ្យ​ប្រជាពលរដ្ឋ​មេត្តា​យោគយល់ និង អធ្យាស្រ័យ ទៅដល់​ការងារ​ជួសជុល​ផង​ដែរ ដោយ​មួយ​រយៈ​នេះ កម្លាំង​ជំនាញ​កំពុង​បន្ត​ការ​ជួសជុល​ជង្ហុក​មួយ​ចំនួន​នៅ​ទីតាំង​ផ្សេងទៀត ក្នុង​មូលដ្ឋាន​ខណ្ឌ ហើយ​ចំណុច​ទីតាំង​ខូចខាត​នេះ​ដែរ លោក​នឹង​ចាត់​កម្លាំង​ជំនាញ​ចុះ​មក​ជួសជុល​ជាបន្ទាន់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ណាមួយ​កើត​ឡើង​ជាយថាហេតុ។

លោក​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ បញ្ជាក់​ថា ជង្ហុក​នានា ក្នុង​មូលដ្ឋាន ភាគច្រើន​ខូច​ដោយសារ​តែ​រថយន្ត​ធុន​ធំ​បើកបរ​ឆ្លងកាត់។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​បាន​ឃើញ​ផ្លូវ​ខូច​កើត​ទៅ​ជា​ជង្ហុក​ ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ សូម​ប្រញាប់​រាយការណ៍​ជូន​អាជ្ញាធរ​ជំនាញ ដើម្បី​ចុះ​ទៅ​ជួសជុល​ជូន៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម