ព័ត៌មានជាតិ
ក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋប្រុងប្រយ័ត្នពីការពុលចំណីអាហារ និងពុលស្រាក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ និងធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្ត នូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លងជំងឺផ្សេងៗ រួមទាំងការបង្ការ សុខភាពបណ្តាលជាយថាហេតុមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាពពេលធ្វើដំណើរ ការបង្ការការ ចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីវិធានការការពារសុខភាពក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥ ចុះថ្ងៃទី៨កញ្ញានេះ ក្រសួងសុខាភិបាលបានណែនាំដល់ពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាព ដោយត្រូវលាងសម្អាតដៃ មុនចាប់កាន់ចំណីអាហារ និងលាងឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសម្អាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត និងអាហារសមុទ្រ ព្រមទាំងកុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាមដងផ្លូវ ត្រូវប្រាកដថា អាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាពសម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ ទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា។ កុំរក្សាទុកអាហារក្នុងកន្លែងដែលមានសីតុណ្ហភាព ធម្មតាលើសច្រើនម៉ោង (ត្រូវរក្សាអាហារនៅសីតុណ្ហភាពត្រជាក់តិចជាង ៥អង្សាសេ និងបើក្តៅ គឺត្រូវ លើសពី ៦០អង្សាសេ។ សុវត្ថិភាពល្អ គឺចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុក អាហារសេសសល់យូរដែលអាចផ្ទុម ដែលបង្កឱ្យមានការជំងឺរាក ឈឺពោះ ក្អួតជាដើម)។កុំប្រើប្រាស់ចំណីអាហារហួសកាលកំណត់ប្រើប្រាស់មេតាណុលមិនមែនជាមេស្រាទេ កុំប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ។ បញ្ឈប់ជាដាច់ខាត នូវការលក់ដូរស្រា ស ឬស្រាថ្នាំ ដែលផលិត ឬបិត ឬលាយផ្សំមិនត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេសដាច់ខាតមិនត្រូវលក់ ទិញ ឬពិសាស្រា ស ឬស្រាថ្នាំ មានសារធាតុមេតាណុល ដែលអាចបង្កគ្រោះថ្នាក់ ខ្លាំងរហូតដល់បាត់បង់ជីវិត។

លើសពីនេះទៀតក្រសួងសុខាភិបាលបានណែនាំឱ្យជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព ចៀសវាងមធ្យោបាយធ្វើដំណើរ ដែលមានផ្ទុកមនុស្ស ច្រើនហួសហេតុត្រូវប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍រាល់ពេលបើកបរ ដើម្បីចៀសវាងគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ ដោយសារតែការបើកបរលើសល្បឿនកំណត់ ឬមិនគោរពច្បាប់។ កុំពិសាគ្រឿងស្រវឹងមុនឬនៅពេលបើកបរនិងដាច់ខាតមិនត្រូវសេពគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចឈានទៅរក សេចក្តីស្លាប់។
ក្រសួងក៏បានណែនាំឱ្យពលរដ្ឋត្រូវចៀសវាងការក្អក ឬកណ្តាស់ សាយភាយដល់អ្នកដទៃ ដោយត្រូវខ្ទប់មាត់ ពាក់ម៉ាស ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវខាកស្តោះ ឬបន្ទោរបង់ពាសវាលពាសកាលកុំប៉ះពាល់ ឬទទួលទានមាន់ទាឈឺ ឬងាប់ពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយ ស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោម។ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សម្លៀកបំពាក់ទាំងនៅក្នុង និងក្រៅផ្ទះឱ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់ បន្ថយជម្រកមូស។

ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យ និង ព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិត បំផុតជាបន្ទាន់ (មិនឱ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្ដៅខ្លួន) ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺ គ្រុនក្តៅខ្លាំងភ្លាមៗនេះដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជនដែល មិនមានសមត្ថភាពព្យាបាលជំងឺគ្រុនឈាមឱ្យសោះ។
ក្រសួងបានសូមឱ្យអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ជួយធ្វើការណែនាំការអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចំណីអាហារ នៅតាមទីតាំងនានា និងរៀបចំទុកដាក់ម្ហូបអាហារឱ្យបាន ល្អនៅតាមទីវត្តអារាម (កុំទុកដាក់ច្របូកច្របល់គ្នា) ដើម្បីចៀសវាងការពុលចំណីអាហារ ឬ ជំងឺ បណ្តាលមកពីអាហារមិនមានសុវត្ថិភាព និងទប់ស្កាត់ការលក់ស្រាបិតឬលាយគ្មានបច្ចេកទេសត្រឹមត្រូវ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចៀសវាងយកសារធាតុមេតាណុល លាយធ្វើស្រា ស ឬស្រាថ្នាំ ដែល បង្កឱ្យពុលនិងស្លាប់បាត់បង់អាយុជីវិត៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


