Connect with us

ព័ត៌មានជាតិ

កំណាត់ផ្លូវ ២៧១ កែង ៣៧១ កំពុងរងការខូចខាតធ្ងន់ធ្ងរ អ្នកដំណើររអ៊ូរទាំ ពិបាកធ្វើដំណើរ

បានផុស

នៅ

កំណាត់​ផ្លូវ ២៧១ កែង ៣៧១ កំពុង​រង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រអ៊ូរទាំ​ពី​ផល​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ប្រចាំថ្ងៃ ហើយ​ជួនកាល​អ្នក​ជិះ​ម៉ូតូ​គេច​ជង្ហុក​ក៏​ដួល​របួស​រលាត់​ដៃ​-​ជើង​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំង​ផ្លូវ​កំពុង​រង​ការ​ខូចខាត​នេះ​នៅ​ត្រង់​ចំណុច​ស្តុប​បឹងទំពុន តាម​បណ្ដោយ​ផ្លូវ ២៧១ កែង​ផ្លូវ ៣៧១ ក្នុង​សង្កាត់​បឹងទំពុន ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

លោក ជា ដែល​ជា​អ្នក​ដំណើរ​ឆ្លងកាត់ បាន​លើក​ឡើង​ថា ផ្លូវ​ខាង​លើ​នេះ គាត់​ធ្វើ​ដំណើរ​ជាប្រចាំ។ ដំបូង​ឡើយ ផ្លូវ​នេះ​មាន​ជង្ហុក​តូចៗ នោះ​ទេ តែ​ដោយសារ​មាន​អ្នក​លក់ដូរ​ម្ហូប​ពេលយប់ លាងចាន ឆ្នាំង រួច​ចាក់​ទឹក​បង្ហូរ​មក​លើ​ផ្លូវ​យូរៗ ទៅ កើត​ជា​ជង្ហុក​ធំ​ទៅៗ ហើយ​បើ​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​មក​ទៀត ជង្ហុក​ទាំងអស់​មាន​លើ​ផ្លូវ​គឺ​មើល​មិន​ឃើញ​នោះ​ទេ។

លោក​បន្ត​ទៀត​ថា នៅ​ពេល​ភ្លៀង​ធ្លាក់​ម្តងៗ គឺ ទឹក​ក្នុង​ជង្ហុក អ្នកដំណើរ​មើល​មិន​ឃើញ ជិះ​ធ្លាក់​ជង្ហុក ប៊ិះ​ដួល​ម្តងៗ ទៅ​ហើយ​។ និយាយ​រួម គឺ​លំបាក​ធ្វើដំណើរ​មែនទែន បើ​ចៀស​បាន គឺ ចៀស​ហើយ មិន​ធ្វើដំណើរ​តាម​ផ្លូវ​មួយ​ខ្សែ​នេះ​ទេ។

ដោយឡែក លោក រតនៈ ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាង​លើ លើក​ឡើង​ដែរ​ថា បើសិនជា​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួសជុល​ឲ្យ​ទាន់​ពេលវេលា​នោះ​ទេ ផ្លូវ​មួយ​នេះ​អាច​នឹង​ខូច​ខ្លាំង​ជាង​នេះ ហើយក៏​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ច្រើន​ផង​ដែរ។

លោក រតនៈ បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ សូម​មេត្តា​ជួយ​ចុះ​មក​ពិនិត្យ និង​ធ្វើការ​ជួស​ជុល​ឲ្យ​បាន​ស្អាត​ឡើងវិញ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​បញ្ចៀស​គ្រោះថ្នាក់​កើត​ឡើង​។

ជុំវិញ​បញ្ហា​នេះ លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កម្ពុជា​ថ្មី​ថា លោកស្រី​អរគុណ​សម្រាប់​ការ​រាយការណ៍​ផ្ដល់​ព័ត៌មាន។ លោកស្រី នឹង​ផ្តល់​ព័ត៌មាន​ទៅ​មន្ទីរ​សាធារណការ ដើម្បី​ចូល​ពិនិត្យ និង​ធ្វើការ​ជួសជុល​ជាបន្ទាន់៕

អត្ថបទ ៖ ម៉េង

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម