Connect with us

ព័ត៌មានជាតិ

​ទឹកចិត្ត​ជួយ​កុមារ​ក្នុង​សហគមន៍ ​ជួយ​ឲ្យ​លោក អ៊ុក យុទ្ធ ជាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ពាន់រង្វាន់​ពលរដ្ឋ​គំរូ Smart

បានផុស

នៅ

​ការជួយ​កុមារ​ក្រីក្រ​ក្នុង​សហគមន៍​ឲ្យទទួល​បាន​ឱកាស​រៀនសូត្រ គឺជា​អំពើ​ល្អ​ដែល​ជួយ​ឲ្យ​លោក អ៊ុក យុទ្ធ ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខជន​មួយរូប​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ ហើយ​ឥឡូវនេះ លោក យុទ្ធ បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បុគ្គល​ ដែល​ត្រូវបាន​ជ្រើសតាំង ១០​នាក់​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ ហើយ​បើ​លោក​ ត្រូវបាន​គេ​ជ្រើសរើស​ជា​ជយលាភី លោក​នឹង​ទទួលបាន​ប្រាក់រង្វាន់ ១​ម៉ឺន​ដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បុរស​ដែលជា​មន្ត្រី​សម្របសម្រួល​ប្រចាំ​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​តាម​ជនបទ ដែលជា​អង្គការ​មួយ​ក្នុង​ខេត្តក្រចេះ​រូបនេះ បានផ្តល់​ការសិក្សា​ដល់​សិស្ស​ក្រីក្រ និង​កុមារ​ផ្សេងទៀត​នៅក្នុង​សហគមន៍​របស់លោក​ដោយ​ឥតគិតថ្លៃ​។ គំនិត​ជួយ​កុមារ​នេះ​បាន​កើតមានឡើង​បន្ទាប់ពី​លោក​បាន​ទៅ​ទស្សនា​កោះ​ទ្រង់ ដែលជា​កោះ​អេកូ​ទេសចរណ៍​សម្បូរ​ដោយ​ភ្ញៀវ​ទេសចរ​បរទេស ស្ថិតនៅ​ត្រើយម្ខាង​នៃ​ក្រុង​ក្រចេះ​។ នៅពេលនោះ លោក​សង្កេតឃើញថា ទាំង​កុមារ​និង​មនុស្ស​ចាស់​នៅលើ​កោះ​នោះ​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​តិចតួច​ប៉ុណ្ណោះ​។ លោក​ថ្លែងថា “​ខ្ញុំ​គិតថា ប្រសិនបើ​បណ្តុះបណ្តាល​ក្មេងជំនាន់ក្រោយ វា​ធ្វើឲ្យ​តំបន់​នោះ​ក្លាយជា​រឿង​ដែល​ល្អ​នៅ​ថ្ងៃក្រោយ​សម្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​”​។ ដូច្នេះ ក្នុង​ខែមករា ឆ្នាំ​២០១៦ លោក​បាន​សហការ​ជាមួយ​សាលាបឋមសិក្សា​រដ្ឋ​មួយ​នៅលើ​កោះ​នោះ​ដើម្បី​បង្រៀន​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​ប្រហែល ៧០​នាក់​ដោយមាន​ជំនួយ​ស្ម័គ្រចិត្ត​ពី​គ្រូ​បរទេស ២​នាក់​ផ្សេងទៀត​។ តែដោយសារ​កិច្ចសហការ​នេះ​មិនមាន​ភាពរលូន ការបង្រៀន​នេះ​បានបញ្ចប់​ក្នុង​ខែកក្កដា ឆ្នាំ​ដដែល​។​

​ក្រោយមក​ក្នុង​ខែ​ដដែល​នោះ លោក​បានសម្រេច​ចិត្តបាន​ដំណើរការ​សាលារៀន​មួយ​ឈ្មោះថា សាលា​ដូ​ល​ហ្វី​ន នៅផ្ទះ​របស់​លោក​ផ្ទាល់​ក្នុង​ក្រុង​ក្រចេះ ដើម្បី​បន្ត​ឆន្ទៈ​របស់លោក​។ តែ​ក្រៅពី​ផ្តល់​ការសិក្សា​ភាសា​អង់គ្លេស សាលា​របស់លោក​ក៏បាន​បន្ថែម​មុខវិជ្ជា​កុំព្យូទ័រ​ថ្នាក់មូលដ្ឋាន និង​បណ្ណាល័យ​ថែម​ទៀតផង​។ លោក​ថ្លែងថា “​ខ្ញុំ​សម្រេច​បង្កើត​សាលា​នេះ​ ដើម្បីឲ្យ​ក្មេង​នៅ​ទី​រួម​ខេត្ត​នេះ​ទទួល​បាន​ការអប់រំ​ពិសេស​។ ជាពិសេស​ទៅទៀត ភាសា​អង់គ្លេស​របស់​ពួកគាត់​នៅ​បឋមសិក្សា រៀន​បាន​តិចតួច​នៅឡើយ​។ អញ្ចឹង​នៅពេល​ពួកគេ​ឡើង​ថ្នាក់​ទី ៧ មានការ​លំបាក​ណាស់​ផ្នែក​ភាសា​អង់គ្លេស​ហ្នឹង​”​។ លោក​បន្តថា ការបង្កើត​សាលារៀន​នេះ​ទទួលបាន​ជោគជ័យ​ដោយ​ចាប់ផ្តើម​ពី​សិស្ស ៥​នាក់​រហូតដល់​ជាង ១០០​នាក់​នៅ​សាខា​ទី​១ ក្នុង​សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ​។​

​សាលា​របស់លោក​ក៏មាន​សាខា​មួយទៀត​ផងដែរ​ស្ថិតនៅក្នុង ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែលមាន​ចម្ងាយ​ប្រហែល ៧​គីឡូម៉ែត្រ​ពីសា​ខា​ទី​១​។ នៅ​សាខា​នេះ មាន​សិស្ស​ប្រហែល​ពី ៧០ ទៅ ៨០​នាក់​។ ជា​អកុសល​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ សាលា​ទី​២​នេះ​បាន​បិទ​ដំណើរការ​បណ្តោះអាសន្ន​ហើយ​ដោយសារ​ខ្វះខាត​គ្រូ​ស្ម័គ្រចិត្ត ជាពិសេស​គ្រូ​បរទេស ដែលជា​ធម្មតា​ពួកគាត់​មក​ស្នាក់នៅ​រយៈពេល​វែង​ក្នុង​ទីក្រុង​នេះ​ក្រោយ​ការចូលនិវត្តន៍​ពី​ប្រទេស​របស់​ពួកគាត់​។ សព្វថ្ងៃ សាលា​របស់លោក យុទ្ធ មាន​គ្រូ​ស្ម័គ្រចិត្ត​ចំនួន ៥​នាក់ ក្នុងនោះ​មាន​គ្រូ​បរទេស​ម្នាក់​។ ក្នុងចំណោម​គ្រូ​ស្ម័គ្រចិត្ត​ខ្មែរ មាន​យុវតី​ម្នាក់​គឺជា​សិស្ស​ពូកែ​ប្រចាំ​សាលា ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​បង្រៀន ក្រោយ​ទទួលបាន​ចំណេះដឹង​ដែល​អាចមាន​លទ្ធភាព​បង្រៀន​បាន​។​

​លោក ហ៊ុន សុធា ជា​គ្រូបង្រៀន​បឋមសិក្សា និង​ភរិយា ហ៊ុន ដា​នី​តា ជា​ស្ត្រី​មេផ្ទះ ​គឺជា​គ្រួសារ​មួយ​ក្នុងចំណោម​គ្រួសារ​ជាច្រើន​ ដែល​បញ្ជូន​កូន​របស់​ពួកគាត់​ទៅ​សិក្សា​នៅ​សាលា​ដូ​ល​ហ្វី​ន​។​លោក​ថ្លែងថា “​សាលា​នេះ​គឺជា​សាលា​ដែលមាន​ប្រយោជន៍​ចំពោះ​កូន​ខ្ញុំ​ច្រើន​។ ទីមួយ គ្រូ​សុទ្ធតែជា​គ្រូ​ល្អៗ មានចំណេះដឹង និង​វិធីសាស្ត្រ​បង្រៀន​គាត់​ប្លែកៗ ហើយ​មួយទៀត​នោះ គឺ​ដោយសារ​ស្ថានភាព​គ្រួសារ​លុយកាក់​មិនសូវមាន​ច្រើន ទន្ទឹមនឹង​សាលា​ល្អ​ហើយ រៀន​អត់​អស់​លុយ​ទៀត​”​។​

​អ្នកស្រី សុង សុខ​ខេង អាយុ ៤០​ឆ្នាំ ជា​ស្ត្រី​មេផ្ទះ និង​មាន​ប្តី​ជាជាង​សំណង់​ ដែលមាន​ជី​វិភាព​មិនជា​ធូរធារ​ប៉ុន្មាន​នោះ បាន​បញ្ជូន​កូន ២​នាក់​ក្នុងចំណោម​កូន ៤​នាក់​របស់គាត់​ឲ្យ​ទៅ​រៀន​ភាសា​អង់គ្លេស​នៅ​សាលា​ភាសា​ដូ​ល​ហ្វី​ន​រយៈពេល ២​ឆ្នាំ​មកហើយ​។ ក្រៅពី​កូន អ្នកស្រី​ក៏មាន​ក្មួយ​៥​នាក់​ទៀត​រៀន​នៅ​សាលា​នេះ​ផងដែរ​។ អ្នកស្រី​ថ្លែងថា “​បើ​រៀន​នៅ​សាលា​ឯកជន យើង​អត់​មានលទ្ធភាព​។ អញ្ចឹង​សាលា​របស់គាត់​បានផ្តល់​ឲ្យ​កូន​រៀន​ចេះ​ដោយ​មិន​យកលុយ​”​។ អ្នកស្រី​បន្ថែមថា​៖ “​សាលា​ហ្នឹង​ជួយ​ច្រើន គាត់​មិន​រើសអើង​ចំពោះ​អ្នក​អត់ ឬ​អ្នកមាន​ទេ​។ គាត់​ទទួលយក​ទាំងអស់​ឲ្យ​តែ​កូន​ចូលរៀន​”​។​

​ទាក់ទង​នឹង​ថវិកា ដែល​ចំណាយ​លើ​សាលា លោក អ៊ុក យុទ្ធ ថ្លែងថា លោក​ប្រើប្រាស់​ប្រាក់ខែ​មួយ​ចំណែក​ដើម្បី​ចំណាយ​លើ​ប្រតិបត្តិការ ខណៈ​មានការ​ឧបត្ថម្ភ​ម្ដងម្កាល​ពី​សប្បុរសជន​ទាំង​ផ្នែក​ថវិកា និង​សម្ភារ​បង្រៀន​។ លោក​ថ្លែងថា “​នៅ​ស្រុក​ខ្មែរ​មាន​អ្នក​ចិត្តល្អ​ជាច្រើន គេ​ក៏​អាចធ្វើ​ដូច​ខ្ញុំ​អញ្ចឹង​ដែរ​។ ខ្ញុំ​មិនមាន​ថវិកា​អី​ច្រើន​ទេ ប៉ុន្តែ​យើង​ព្យាយាម​ជួយ​សង្គម​របស់​យើង​។ សង្គម​យើង​តែង​ត្រូវការ​យើង អញ្ចឹង​សូមឱ្យ​យើង​ជួយ​គ្នា​ទៅវិញទៅមក​តាម​លទ្ធភាព​ដែល​យើង​មាន កុំ​គិតថា ចាំ​យើង​មាន​ចាំ​យើង​ជួយ​”​។ លោក​បន្ថែមថា បើ​លោក​មានឱកាស​ទទួលបាន​ប្រាក់រង្វាន់ លោក​នឹង​ប្រើ​ទឹកប្រាក់​នេះ​ដើម្បី​កែលម្អ​ទីតាំង​សាលា និង​ប្រើ​សម្រាប់​ប្រតិបត្តិការ​សាលា​ដើម្បី​ទទួល​សិស្ស​បន្ថែមទៀត​។ លោក​ក៏មាន​បំណង​ផ្តល់​ការអប់រំ​ជា​ភាសា​ខ្មែរ​ផងដែរ​បើ​លោក​មានលទ្ធភាព​។​

​ក្រៅពី​ការផ្តល់​ការបង្រៀន​ដោយ​ឥត​បង់ប្រាក់ លោក​ក៏​ផ្តល់​អាហារ​ពេលព្រឹក​ដល់​កុមារ​ក្រីក្រ​ខ្លាំង​ជាង ២០​នាក់​ផងដែរ​ដូចជា​ផ្លែឈើ នំ​បុ័ង បាយ ទឹក​សណ្តែក​ឬ​ទឹកដោះគោ ដោយ​ផ្តល់ជូន ២​ថ្ងៃ​ក្នុង​មួយអាទិត្យ​។ អំពើ​ល្អ​ទាំងនេះហើយ​ដែល​ឆ្លើយតប​ទៅនឹង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ កម្មវិធី​នេះ​មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង និង​សហគមន៍​របស់ខ្លួន​។​

​ការប្រកាស​ជ័យលាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើមឡើយ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវបាន​ពន្យារ​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ កាលបរិច្ឆេទ​ថ្មី​នឹងត្រូវ​ជូនដំណឹង​នៅពេល​ក្រោយ​។ ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោក អ៊ុក យុទ្ធ សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖ https://fb.watch/4KttT4hrYj/​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម