Connect with us

ព័ត៌មានជាតិ

កម្ពុជា ត្រៀមបោសសម្អាតមីនក្នុងខេត្តចំនួន ០៦ ជាប់ព្រំដែនថៃ ស្មើនឹង៤៥៣ ចម្ការមីន

បានផុស

នៅ

តាងនាមឱ្យនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន គាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ដែលការចុះហត្ថលេខានេះ ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន ជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នឹងត្រូវធ្វើការបោសសម្អាតផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ០៦ រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារសហអាមេរិក។

សូមជម្រាបថា ការបោសសម្អាតមីននេះ ក្រោមគម្រោង«មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» របស់រាជរដ្ឋាភិបាលកម្ពុជា។ ផែនការបោសសម្អាតនេះ ពុំមានទាក់ទងការងារដោះមីនមនុស្សធម៌នៅតាមណ្តោយព្រំដែន កម្ពុជា-ថៃ ដែលភាគីទាំងពីរបានឯកភាពគ្នាថានឹងរៀបចំឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្តើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីននៅពេលខាងមុខឡើយ។

លោក លី ធុជ បានលើកឡើងថា ថ្ងៃនេះគឺជាថ្ងៃបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពជឿជាក់រួមគ្នា ដែលថាការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងបម្រើដល់សុខសន្តិភាព និងប្រជាជនដែលងាយរងគ្រោះ។ លោកបញ្ជាក់ទៀតថា៖« ពិធីចុះហត្ថលេខានេះ មិនត្រឹមតែជាតំណាងឱ្យភាពជាដៃគូរវាងស្ថាប័ននិងស្ថាប័ន និងការបំពេញបែបបទប៉ុណ្ណោះទេ ថែមទាំងជាការតំណាងឱ្យការសន្យា ការប្តេជ្ញាចិត្ត និងការធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅខ្ពស់មួយ គឺកម្ពុជារួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម»។

កម្ពុជា ស្គាល់យ៉ាងច្បាស់នូវការឈឺចាប់ និងទុក្ខវេទនាដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍ ដែលបានឆក់ប្លន់អាយុជីវិត និងដៃជើងរបស់ប្រជាជនរបស់ខ្លួន ព្រមទាំងបដិសេធមិនឱ្យប្រជាជនអាចប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យខ្ទេចខ្ទាំនូវក្តីសុបិន្តរបស់ប្រជាជនទៀងផង។ ទោះបីសកម្មភាពមីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជានៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសជុំវិញពិភពលោក ដែលមានផលប៉ះពាល់ដោយសារមីនខ្ពស់ជាងគេ ដែលបច្ចុប្បន្ននេះ កម្ពុជា នៅសល់ផ្ទៃដីចំនួន ១៧២៣ គីឡូម៉ែត្រការ៉េ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៣១ គីឡូម៉ែត្រការ៉េ។

ទេសរដ្ឋមន្រ្តី លី ធុជ

លោក លី ធុជ បន្តទៀតថា ឃាតករលាក់មុខទាំងនេះ នៅតែបន្តលាក់ខ្លួននៅក្រោមដី បន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្អាក់ដល់ភាពរុងរឿងរបស់កម្ពុជា។ ក៏ប៉ុន្តែ ទោះបីមានភាពភាពលំបាកយ៉ាងណាក៏ដោយ កម្ពុជា នៅតែបន្តមានក្តីសង្ឃឹម ដែលក្តីសង្ឃឹមនេះ ដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងការងារពោរពេញដោយសេចក្តីក្លាហានរបស់អ្នកដោះមីន និងសាមគ្គីភាពរបស់សហគមន៍អន្តរជាតិ។

កម្ពុជា បានបោះជំហានយ៉ាងសំខាន់ឆ្ពោះទៅសម្រចគោលដៅកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈការពង្រឹងសមត្ថភាពជាតិ និងភាពជាម្ចាស់របស់កម្ពុជាលើវិស័យសកម្មភាពមីន ជាមួយនឹងការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ប្រកបដោយបរិយាបន្ន និងសកម្មភាពបោសសម្អាតមីនដោយផ្តោតសំខាន់លើតម្រូវការរបស់មនុស្សជាអាទិភាព។ ជាមួយគ្នានោះ លោក លី ធុជ បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការងារបោសសម្អាតមីន ដែលមិនត្រឹមតែជាការស្វែងរកនិងកម្ទេចចោលនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប៉ុណ្ណោះទេ វាថែមទាំងជាការស្តារនូវភាពថ្លៃថ្នូរ កសាងឡើងវិញនូវសហគមន៍ និងក្តីសង្ឃឹមរបស់ប្រជាជន។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរចំពោះភាពជាដៃគូជាមួយបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ព័ន្ធដទៃទៀត ដែលបាននាំឱ្យកម្ពុជាអាចពង្រឹងនូវសមត្ថភាពជាតិ ក៏ដូចជាលើកកម្ពស់ និងចែករំលែកនូវចំណេះដឹង និងបណ្តុះបណ្តាលលើវិស័យសកម្មភាពមីន។ ជាងនេះទៅទៀត បានរួមចំណែកលើកកម្ពស់ភាពអ្នកដឹកនាំរបស់កម្ពុជា និងឈានមុខគេលើឆាកអន្តរជាតិ សម្រាប់វិស័យសកម្មភាពមីន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម