ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងសាកល្បងអនុវត្តគន្លងអប់រំថ្មីនៅតាមវិទ្យាល័យគោលដៅមួយចំនួន នៅឆ្នាំក្រោយ
ក្រសួងអប់រំ យុវជន និងកីឡា នឹងសាកល្បងអនុវត្តគន្លងអប់រំថ្មី ចាប់ពីថ្នាក់ទី ១០ នៅតាមវិទ្យាល័យគោលដៅមួយចំនួន នៅឆ្នាំ ២០២៥-២០២៦ ខាងមុខនេះ។

ថ្លែងក្នុងកិច្ចប្រជុំស្ដីពី ការត្រៀមបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ កាលពីថ្ងៃទី ៣ តុលា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្តើមអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ជាមួយគ្នានេះដែរ ក្រសួង នឹងសាកល្បងអនុវត្តគន្លងអប់រំថ្មីរួមមាន គន្លងវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី ១០ នៅតាមវិទ្យាល័យគោលដៅមួយចំនួនផងដែរ ស្របតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន សហគ្រិនវ័យក្មេង និងជាអ្នកជំនាញផ្នែកអប់រំ បានគាំទ្រចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលអនុវត្តគន្លងអប់រំថ្មីនេះ ព្រោះអាចជួយឱ្យសិស្សអាចជ្រើសរើសការសិក្សាទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។

លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បានបន្តទៀតថា «យើងត្រូវត្រៀមលក្ខណៈដើរតាមគន្លងវិជ្ជាជីវៈថ្មីរបស់រាជរដ្ឋាភិបាលមានគន្លងវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ ដែលត្រូវមើលថាសិស្សថ្នាក់ទី ៧ ទី ៨ និងទី ៩ ដើម្បីកំណត់ទេពកោសល្យ និងចំណេះដឹងឱ្យច្បាស់ អាចនឹងមានការបំបែកកម្រិតថ្នាក់ជា ៣ នៅថ្នាក់ទី ១០ ដែលមានថ្នាក់វិទ្យាសាស្ត្រពិត វិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈដែលក្រសួងអប់រំ និងក្រសួងការងារ បូកបញ្ចូលគ្នាហើយ។ ប្រសិនបើសិស្សណាម្នាក់គាត់ពិបាកទន្ទេញមេរៀន ឬលេខពិបាកចាំ តែគាត់ពូកែធ្វើ អីចឹងនឹងត្រូវឱ្យគាត់សិក្សាលើកម្រិតវិទ្យាល័យបណ្តុះបណ្តាលបច្ចេកទេសក្នុងកម្រិតណាមួយ»។

ទន្ទឹមនឹងនេះ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បានបន្តថា អ្វីដែលយើងចង់បានក្នុងការបណ្តុះបណ្តាលកុមារពីអាយុ ២ ឆ្នាំ ដល់ ១៨ ឆ្នាំ គឺនៅថ្នាក់មត្តេយ្យសិក្សាលោកគ្រូអ្នកគ្រូត្រូវផ្តោតលើសុខភាព និងសុវត្ថិភាព ធ្វើយ៉ាងណាឱ្យសាលាមានបរិយាកាសល្អស្អាត ដើម្បីឱ្យកុមារស្រលាញ់សាលារៀន និងចូលចិត្តមករៀន។ នៅកម្រិតបឋមសិក្សា ត្រូវអប់រំសិស្សអំពីអត្តចរិត ចេះលេខ ចេះអាន និងអក្សរសាស្ត្រ និងគោរពវិន័យ។ ព្រោះថាប្រសិនបើនៅថ្នាក់បឋមយើងមិនបានអប់រំសិស្សបានល្អទេ វានឹងពិបាកក្នុងការបណ្តុះបណ្តាល និងតម្រង់ទិសវិជ្ជាជីវៈដល់សិស្សទៅថ្ងៃមុខ។
ក្រៅពីនេះ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន បន្ថែមថា ដើម្បីបណ្តុះបណ្តាលសិស្សក្លាយជាធនធានមនុស្សដ៏សំខាន់ យើងមានកម្មវិធីសិក្សាជាភាសាខ្មែរ អង់គ្លេស និងចិន និងបូកបន្ថែមនូវកម្មវិធីសិក្សាអមមួយចំនួនដូចជា កម្មវិធីសិក្សាទម្លាប់ល្អទាំង ៧ របស់បុគ្គលឆ្នើម ដែលផ្តោតទៅលើផ្នត់គំនិត អត្តចរិត បំណិនសតវត្សទី ២១ , កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនឹងជួយសិស្សឱ្យមានសមត្ថភាពក្នុងការចេះគ្រប់គ្រងហិរញ្ញវត្ថុ ចេះធ្វើការវិនិយោគ, ចំណេះដឹងឌីជីថល ដែលសិស្សចាំបាច់ត្រូវតែមាននៅក្នុងយុគសម័យបច្ចេកវិទ្យានេះ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


