ព័ត៌មានជាតិ
បទយកការណ៍៖ ភាពជាអ្នកជិតខាងរវាងពលរដ្ឋខ្មែរ-ថៃនៅភូមិព្រៃចាន់ត្រូវកាត់ផ្ដាច់ដោយបន្លាលួស
ព្រះពុទ្ធត្រាស់សំដែងថា «អ្វីៗទាំងអស់មានទំនាក់ទំនងគ្នា និងអាស្រ័យគ្នាទៅវិញទៅមក» ដូចដែលរុក្ខជាតិអាស្រ័យពន្លឺព្រះអាទិត្យ ទឹក និងដីដើម្បីលូតលាស់ មនុស្សត្រូវការធម្មជាតិដើម្បីការរស់នៅ។ ព្រះពុទ្ធបង្រៀនយើងថាការយល់ដឹងពីការរស់នៅជាមួយធម្មជាតិពិភពលោក និងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស មិនត្រឹមតែចែករំលែកនូវភាពរីករាយ ធ្វើឱ្យមានសុខដុមរមនាផ្ដល់កិត្តិយសដល់តុល្យភាពនៃជីវិត ធ្វើឱ្យមនុស្សជាតិមានក្ដីសុខប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកផ្ដល់មេត្តាធម៌ដល់ពិភពលោក និងនិរន្តរភាពដល់មនុស្សជំនាន់ក្រោយផងដែរ។

ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ពលរដ្ឋបានតាំងទីលំនៅរស់នៅរាប់សិបឆ្នាំមកហើយឆ្លងកាត់ចាប់ពីពេលមានសង្គ្រាម របបវាលពិឃាដ និងសន្តិភាពដូចពេលបច្ចុប្បន្ន ដោយសារភូមិនេះជាប់ព្រំដែនថៃពលរដ្ឋនៅទីនេះបានប្រាស្រ័យទាក់ទងជាមួយពលរដ្ឋថៃរហូតក្លាយជាមិត្តជិតស្និត មានខ្លះបានរៀបការប្រពន្ធប្ដីជាមួយជនជាតិថៃផងដែរ។ ទោះជាយ៉ាងណាកាលពីពាក់កណ្ដាលខែសីហាទាហានថៃបានចូលមករាយលួសបន្លាដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែងរបស់ពួកគេរស់នៅដោយសំអាងថាពលរដ្ឋទាំងនោះនៅលើដីរបស់គេជាយូរមកហើយ និងប្រុងបណ្ដេញពលរដ្ឋឱ្យចេញពីភូមិនេះបន្ថែមទៀតផងដែរ។
ការរាយបន្លាលួសនេះបានកាត់ផ្ដាច់ទំនាក់ទំនងមិត្តភាពរវាងពលរដ្ឋក្នុងភូមិនេះជាមួយពលរដ្ឋថៃដែលនៅជាប់គ្នាទាំងស្រុងដោយគ្មានសង្ឃឹមថាមិត្តភាពនេះអាចស្ដារឡើងវិញបានដោយរបៀបណានោះទេ។

អង្គុយក្រោមតង់ក្បែរបន្លាលួសនិងកង់ឡានដែលកងទ័ពថៃបានព័ទ្ធយកជាព្រំដែនថ្មីដែលគេគូសមកឱ្យកម្ពុជា លោក តាំង នី អាយុ៥៩ឆ្នាំ ដែលជាជនពិការជើងដោយសារត្រូវគ្រាប់មីនដាច់សរសៃជើងតាំងពីអំឡុងទសវត្សឆ្នាំ៩០នោះ កំពុងរំពៃមើលទៅផ្ទះរបស់លោកដែលត្រូវបានទាហានថៃយកធ្វើជាកន្លែងយាមកាមរបស់ពួកគេ បាននិយាយថាលោកសោកស្ដាយណាដែលដីនិងផ្ទះដែលលោករស់នៅរាប់ឆ្នាំមកត្រូវបានទាហានថៃចូលមកយកស្រស់នឹងភ្នែក។ លោកថាជាច្រើនឆ្នាំមកហើយដែលលោកនិងក្រុមគ្រួសារបានចេញចូលរកស៊ី រាប់អានជនជាតិថៃមានភាពជិតស្និទ្ធដូចជាបងប្អូនតែអ្វីៗប្រែប្រួលអស់ត្រឹមពេលថៃដាក់បន្លាលួសនេះ។ លោកក៏បានរម្លឹកពេលមួយដែលថៃបាត់គោចូលដីខ្មែរលោកក៏នាំកូនចៅជួយរកឱ្យថៃយកទៅវិញទៀតផង។

លោកថា៖ «ពីមុនដូចបងប្អូនហើយហ្នឹងបាយឯណាក៏បានហើយហ្នឹង យើងទៅបាយផ្ទះវាបើកឆ្នាំងបាយវា(ថៃ)បានដូចបងប្អូនហើយតើ អ្នកណាទៅដឹងគំនិតវាអ៊ីចឹង! មើលវាមិនឃើញ។ បើមើលឃើញខ្ញុំមិនលើកផ្ទះ(សាងសង់ផ្ទះថ្មី)ទេ»។
អ្នកស្រី វ៉ាន សាន អាយុ៧៣ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានកម្ពុជាថ្មីថាមុនពេលដែលមានជម្លោះព្រំដែនជាមួយកម្ពុជា អ្នកភូមិព្រៃចាន់និងអ្នកភូមិណងចាន់របស់ថៃរស់នៅជាមួយគ្នាដោយសុខសប្បាយមិនមានបញ្ហាអ្វីនឹងគ្នានោះទេ។ អ្នកស្រីថាពីមុនជារៀងរាល់ព្រឹកអ្នកស្រីអាចទៅដកព្រលិត បេះត្រកួននៅទឹកដីថៃ លក់នៅថៃបានចំណូលសម្រាប់គ្រួសារបន្ថែមក្រៅពីរបរធ្វើស្រែចម្ការរបស់អ្នកស្រី។
អ្នកស្រី វ៉ាន សាន៖ «ទៅវាឱ្យស្អីៗមក ទាហានវាក៏វាឱ្យលុយឱ្យអីយើងពេលបុណ្យទានវាចិត្តល្អដែរ តែដល់មានរឿងអញ្ចេះទៅចប់បណ្ដោយ»។

នៅក្បែរអ្នកស្រី វ៉ាន សាន គឺអ្នកស្រី សុខ ចក់ អាយុ ៦០ឆ្នាំ បានរម្លឹកថាមុនពេលមានបញ្ហាជាមួយគ្នាអ្នកភូមិខ្មែរ និងថៃចេញចូលគ្នាធម្មតាប្រាស្រ័យទាក់ទងធម្មតាដូចជាអ្នកស្រុកភូមិនិងគ្នា។ តែក្រោយពីដាក់បន្លាលួស ព័ទ្ធយកផ្ទះរបស់គាត់ ហើយបានឃើញសកម្មភាពពលរដ្ឋថៃមកច្រៀងរាំឌឺដងវាបានធ្វើឱ្យអ្នកស្រីកាន់តែឈឺចាប់។
តាមការសង្កេតរបស់ពលរដ្ឋ អ្នកដែលបង្ករឿង ឌឺដងមិនមែនជាពលរដ្ឋជាយដែនដែលមានមិត្តភាពល្អជាមួយពួកគាត់ទេតែជាអ្នកដែលមកពីចម្ងាយដែលមិនស្គាល់ភូមិសាស្ត្រ និងគ្មានទំនាក់ទំនងជាមួយខ្មែរពីមុនមក។


កាលពីថ្ងៃទី១៧ ខែកញ្ញា ក្នុងហេតុការណ៍ប៉ះទង្គិចជាមួយពលរដ្ឋខ្មែរបន្ទាប់ពីទាហានថៃព្យាយាមរាយបន្លាលួសបន្ថែមនៅភូមិព្រៃចាន់ កម្លាំងរបស់ថៃបានបាញ់គ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកមកលើប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃដែលបានតវ៉ាដោយសន្តិវិធី បណ្ដាលឱ្យពលរដ្ឋនិងព្រះសង្ឃ២៩នាក់រងរបួសក្នុងនោះក៏មានព្រះចៅអធិការវត្តសុវណ្ណសិក្ខារាម ហៅវត្តព្រៃចាន់ ព្រះតេជគុណ ញ៉ឹល ឌី ផងដែរ។
«៣គ្រាប់ចំក និងមួយគ្រាប់ចំពោះ» នេះជាអ្វីដែលព្រះអង្គបញ្ជាក់ប្រាប់អ្នកយកព័ត៌មានរបស់យើងខ្ញុំ។ ព្រះអង្គមានសង្ឃដីកាបន្ថែមថា៖ «អាត្មាមិនប្រកាន់ខឹងនឹងគាត់ទេដោយសារតែគាត់ស្ដាប់ថ្នាក់ដឹកនាំរបស់គាត់ដែរ បើថាគ្នាមិនធ្វើចឹងគ្នាវាខុសនឹងថ្នាក់ដឹកនាំគ្នា»។
ព្រះអង្គមានសង្ឃដីកាថា ការដែលចង់បានអ្វីដែលមិនមែនជារបស់ខ្លួន នឹងបង្កើតបញ្ហាមិនចេះចប់មិនចេះហើយ គឺជាអំពើបាបដែលមិនគួរកើតមានក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនានោះទេ។

វត្តព្រៃចាន់មានទីតាំងក្នុងភូមិព្រៃចាន់ តែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីទីតាំងដែលថៃព័ទ្ធបន្លាលួស កាលពីមិនទាន់មានអរិភាពនឹងគ្នារវាងកម្ពុជាថៃ ពលរដ្ឋថៃតែងមកធ្វើបុណ្យនៅវត្តនេះជាមួយពលរដ្ឋខ្មែរផងដែរ។ ព្រះអង្គ ញ៉ឹល ឌី មានថេរដីកាថាសមិទ្ធផលក្នុងវត្តនេះមួយចំនួនក៏ជាការរួមបច្ច័យរបស់ពលរដ្ឋថៃដែលរស់នៅជាប់ព្រំដែនខ្មែរក្នុងការកសាងចាប់មគ្គផលជាមួយពលរដ្ឋកម្ពុជាផងដែរ តែរូបភាពទាំងនេះបានបាត់ហើយចាប់តាំងពីបន្លាលួសបានចូលមកជំនួសឱ្យព្រំដែនសន្តិភាពរវាងប្រទេសទាំងពីរ។

អាជ្ញាធរថៃកាលពីចុងខែកញ្ញាបានប្រកាសពីការអនុវត្តច្បាប់របស់ខ្លួនលើពលរដ្ឋខ្មែរដែលរស់នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ខណៈទាហានថៃបានដាក់លក្ខខន្តឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ មុនថៃចូលរួមកិច្ចប្រជុំ GBC តាមសំណើរបស់កម្ពុជា។ កម្ពុជាបញ្ជាក់ថារឿងព្រំដែនគឺជាសិទ្ធរបស់ JBC មិនមែនជាអ្វីដែល GBC ត្រូវធ្វើទេ។ មេបញ្ជាការភូមិភាគ៥កម្ពុជា លោក ឯក សំអូន បានបញ្ជាក់ក្នុងលិខិតនោះថា៖ «កិច្ចប្រជុំ RBC ក្នុងកម្រិតយោធភូមិភាគ គឺមានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែមិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះទេ»។
អ្នកតាមដានភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថា ការគំរាមរបស់ថៃជាបន្តបន្ទាប់មកលើពលរដ្ឋខ្មែរ រួមទាំងការប្រើហិង្សាមកលើពលរដ្ឋខ្មែរនោះ ជាការធ្វើទុក្ខបុកម្នេញដើម្បីដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែងរបស់ពួកគេបន្ថែមទៀត សកម្មភាពរបស់ថៃបានរំលោភដែនអធិបតេយ្យ សិទ្ធិមនុស្ស បំពាននូវទំនាក់ទំនងរវាងអ្នកជិតខាងទាំងពីរ។

លោកថា៖ «ការរំលោភទាំងនេះបានបង្ហាញអង្គការក្នុងតំបន់ អន្តរជាតិក៏ដូចជាអង្គការសហប្រជាជាតិក៏ដូចជាតុលាការយុត្តិធម៌និងស្ថាប័នអន្តរជាតិផ្សេងៗទៀតឱ្យបានយល់ច្បាស់ពីចិត្តគំនិតតែងតែងមាក់ងាយមកលើអ្នកជិតខាងតែងតែចិញ្ចឹមចិត្តក្នុងការរំលោភបំពានឈ្លានពានដែនអធិបតេយ្យភាព ការមិនគោរពសិទ្ធិមនុស្ស កិច្ចព្រមព្រៀងផ្សេងៗសន្ធិសញ្ញាផ្សេងៗដែលខ្លួនបានចុះហត្ថលេខានេះជាការបង្ហាញការបកស្បែកមុខថៃលើឆាកអន្តរជាតិ»។
គួរឱ្យដឹងថាទាហានបានចាប់ផ្ដើមដើរមករាយបន្លាលួសចួលដីភូមិព្រៃចាន់ និងចាប់ផ្ដើមបណ្ដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែងពួកគាត់ចាប់តាំងពីរថ្ងៃទី១២ ខែសីហា មក និងព្យាយាមបង្កអរិភាពជាមួយពលរដ្ឋកម្ពុជាជាបន្តបន្ទាប់។ ព័ត៌មាននៃការចូលមកដេញពលរដ្ឋខ្មែរនេះត្រូវបានកម្ពុជាពាំនាំទៅដល់អង្គការសហប្រជាជាតិ ហើយក្នុងពេលដែលឡើងថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា វាគឺជារឿងឈឺចាប់បំផុតដែលលោកត្រូវមកជម្រាបជូនមហាសន្និបាតថា សន្តិភាពដែលកម្ពុជាទទួលបានដោយលំបាក ហើយស្រលាញ់យ៉ាងជ្រាលជ្រៅ និងចែករំលែកអស់ពីដូងចិត្តនៅជុំវិញពិភពលោកកំពុងរងការគំរាមកំហែង មិនមែនដោយការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេ តែគឺដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាង។ លោកបានអំពាវនាវដល់អន្តរជាតិបន្តគាំទ្រដល់បទឈប់បាញ់ លើកទឹកចិត្តដោះស្រាយជម្លោះដោយសន្តិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត។

លោកថា៖ «កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា និងទំនាក់ទំនងអ្នកជិតខាងល្អ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា»។
ត្រលប់មកពលរដ្ឋនៅភូមិព្រៃចាន់វិញ ជាមួយក្ដីសង្ឃឹមថានឹងអាចវិលត្រលប់ទៅផ្ទះរបស់ពួកគាត់វិញ ពួកគាត់ក៏សង្ឃឹមថាស្ថានភាពនឹងអាចវិលត្រលប់ទៅដូចដើមវិញ ជាពេលដែលព្រំដែនដែលគ្មានការបំពានដោយបន្លាលួស ជាព្រំដែនដែលគ្រាន់តែកំណត់ដែនរដ្ឋបាល មិនមែនជាព្រំដែនដែលគូសដោយខ្លួនឯងបំបែកមិត្តភាពភាព ភាពសុខដុមនៃអ្នកជិតខាងដូចដែលទាហានថៃបានកំណត់ឱ្យពលរដ្ឋនៃប្រទេសទាំងពីរដូចពេលនេះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


