ព័ត៌មានជាតិ
តុលាការចោទនាយប៉ុស្តិ៍ពោធិ៍អង្គ្រងពី«បទឃាតកម្ម» ប្រឈមជាប់ពន្ធនាគារពី១០ទៅ១៥ឆ្នាំ
តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺសម្រេចចោទប្រកាន់នាយប៉ុស្តិ៍ពោធិ៍អង្គ្រង លោក ទ្រី បូរិន ពី«បទឃាតកម្ម» ក្រោយពីបានសួរចម្លើយ និងពិនិត្យលើភស្តុតាង ជុំវិញករណីផ្ទុះអាវុធបណ្ដាលឱ្យយុវជនម្នាក់បាត់បង់ជីវិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចេញនៅល្ងាចថ្ងៃទី ៧ ខែតុលា។

សូមរំលឹកថា កាលពីវេលាម៉ោង១០ យប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៥ នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិក្រញូង ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ មានករណីផ្ទុះអាវុធចំនួន០១គ្រាប់ ដែលបង្កឡើងដោយជនសង្ស័យ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង បណ្តាលឲ្យជនរងគ្រោះឈ្មោះ ផាន ផាយុ វ័យ១៧ឆ្នាំ ស្លាប់បាត់បង់ជីវិត។
ករណីផ្ទុះអាវុធនេះ កើតឡើងនៅពេលដែលនាយប៉ុស្ត៍ពោធិ៍អង្គ្រង ទ្រី បូរិន ដឹកនាំកម្លាំងចុះល្បាតក្នុងមូលដ្ឋាន លុះដល់ចំណុចកើតហេតុ ប្រទះឃើញមានយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ផ្លាកលេខ កំពង់ស្ពឺ 1Z-2338 ពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ដើម្បីសួរនាំ ប៉ុន្តែជនរងគ្រោះបើកម៉ូតូរត់គេចមិនព្រមឈប់ ទើបកើតមានករណីផ្ទុះអាវុធបណ្ដាលឱ្យជនរងគ្រោះ ផាន ផាយុ បាត់បង់ជីវិតតែម្ដង។

ក្រោយហេតុការណ៍ អនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍ពោធិ៍អង្គ្រង បានរាយការណ៍ភ្លាមៗទៅលោកអធិការនគរបាលស្រុកបសេដ្ឋ និងបានប្រគល់ខ្លួនមកផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើង និងការធ្វេសប្រហែសរបស់ខ្លួនក្នុងពេលចុះបំពេញភារកិច្ចការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គម។
បន្ទាប់មកនៅថ្ងៃទី៦ ខែតុលា កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនលោក ទ្រី បូរិន រួមជាមួយវត្ថុតាង កាំភ្លើងAK47 រួចកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។
គួរបញ្ជាក់ថា ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៩៩ បានបញ្ញត្តិថា «បទឃាតកម្ម» គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ)។ «បទឃាតកម្ម» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ដល់ ១៥ឆ្នាំ៕
ដោយ៖ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


