នយោបាយ
ថ្ងៃទី៦ ខែកុម្ភៈ មេបក្សកុម្មុយនីស្តវៀតណាម នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងចូលរួមកិច្ចប្រជុំនយោបាយ
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ក្នុងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញនៅថ្ងៃទី៣ ខែកុម្ភៈ នេះ។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម មកកម្ពុជា នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកស្របតាមស្មារតី “ភាពជាអ្នកជិត ខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ។

តាមក្រសួងការបរទេស ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យ អគ្គលេខាធិការបក្ស តូ ឡឹម ចូលគាល់ដើម្បីធ្វើសវនការ និងប្រោសប្រទានពិធី លៀងសាយភោជន៍ជាកិត្តិយសជូននៅព្រះបរមរាជវាំង។ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យលោក តូ ឡឹម ចូលគាល់ និងធ្វើសវនការនៅព្រះរាជដំណាក់។

តាមការគ្រោងទុក លោក តូ ឡឹម នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” “ព្រះអតីត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។

ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម នឹងមានជំនួបកំពូលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ចេញកាលពីថ្ងៃទី២ ខែកុម្ភៈ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម នឹងចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីរវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។

តាមគណបក្សប្រជាជនកម្ពុជា លោក តូ ឡឹម ក៏នឹងចូលរួម កិច្ចប្រជុំកំពូលត្រីភាគីរវាងអ្នកដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ជាកិច្ចប្រជុំដែលដឹកនាំដោយប្រធានគណបក្ស អគ្គលេខាធិការបក្សទាំងបីរូប និងមានការចូលរួម ពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសនៃប្រទេសកម្ពុជា-វៀតណាម-ឡាវ និងឥស្សរជនរបស់គណបក្សមួយចំនួនទៀត។
សូមរម្លឹកដែរថា កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ លោក តូ ឡឹម ធ្លាប់បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្ដងរួចមកហើយ ក្នុងឋានៈជាប្រធានាធិបតីវៀតណាម។
កម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ដែលគិតមកទល់ឆ្នាំ២០២៦នេះ ឈានដល់វ័យ៥៩ឆ្នាំហើយ ប៉ុន្តែបើផ្អែកតាមប្រវត្តិសាស្ត្រ ប្រទេសទាំងពីរមានទំនាក់ទំនងគ្នាជាយូរលង់មកហើយ ពោលគឺតាំងពីសតវត្សរ៍ទី១៥ នៃគ្រិស្តសករាជមកម្ល៉េះ។ ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។
ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម បានកើនដល់ទំហំ ១១,៣៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១១,៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ ក្នុងនោះកម្ពុជានាំទៅវៀតណាម ៥,៦៦ ពាន់លានដុល្លារ ឯវៀតណាមនាំមកកម្ពុជាប្រមាណ ៥,៦៧ ពាន់លានដុល្លារ។ នេះបើតាមលោក ង្វៀន មិញ វូ (NGUYEN Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។ សម្ដេច ហ៊ុន សែន រួមជាមួយលោក តូ ឡឹម ធ្លាប់បានឯកភាពគ្នាបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២០ ពាន់លានដុល្លារអាម៉េរិក នារយៈពេលប៉ុន្មានឆ្នាំខាងមុខ។
នៅលើការផ្លាស់ប្ដូរប្រជាជន និងប្រជាជន, បើតាមក្រសួងទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរមកពីវៀតណាមចំនួន ១,២ លាននាក់ បានចូលលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ តាមរយៈនេះ នាំឱ្យភ្ញៀវមកពីវៀតណាមមឈរនៅលំដាប់លេខរៀងទី១ ជាភ្ញៀវបរទេសចំនួនច្រើនជាងគេ មកកម្សាន្តនៅកម្ពុជា។
កម្ពុជា វៀតណាម តែងតែបង្ហាញពីបំណងប្រាថ្នាក្នុងការប្រែក្លាយតំបន់ព្រំដែនឲ្យក្លាយទៅជាព្រំដែន សុខសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ រីកចម្រើន ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងបញ្ចប់ការបោះបង្គោលព្រំដែនដែលនៅសេសសល់ចំនួន១៦%ទៀតឱ្យបានឆាប់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


