Connect with us

នយោបាយ

ក្រុមការងារ បក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ គាំទ្រសកម្មភាពលោក ចាប ញ៉ាលីវុធ ដើម្បីកែទម្រង់គណបក្ស

បានផុស

នៅ

ក្រុមការងារគណៈកម្មាធិការប្រតិបត្តិ គណបក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ បានប្រកាសគាំទ្រសកម្មភាពរបស់សហជីវិន ចាប ញ៉ាលីវុធ ក៏ដូចជាសេចក្តីថ្លែងការណ៍របស់សហជីវិន ចាប ញ៉ាលីវុធ ដើម្បីដឹកនាំគណបក្សធ្វើកំណែទម្រង់គណបក្សហ៊្វុនស៊ិនប៉ិច ទៅរកប្រក្រតីភពឡើងវិញ និងទប់ស្កាត់ភាពអាណាធិបតេយ្យ។ ការប្រកាសគាំទ្រនេះ បានធ្វើឡើងបន្ទាប់ ពីមានការចេញលិខិតមួយ បានបញ្ចប់សមាជិកភាព ពីថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៣រូប គឺ ១. សហជីវិន ហេង ចាន់ថា ២. សហជីវិន សាយ ហាក់ ៣. សហជីវិន ផាន់ សិទ្ធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមញត្តិគាំទ្រ របស់ក្រុមការងារគណៈកម្មាធិការប្រតិបត្តិ គណបក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ ដែលមានចុះហត្ថលេខា និងត្រា របស់តំណាងខណ្ឌទាំងអស់នៅរាជធានីភ្នំពេញ ដែលកម្ពុជាថ្មីទើបទទួលបាន នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះបានបញ្ជាក់ថា “សូមប្រកាសជាឱឡារិកគាំទ្រសេចក្តីសម្រេច របស់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលសម្រេចប្រគល់សិទ្ធិជូនសហជីវិត ចាប ញ៉ាលីវុធ ជាប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច និងគាំទ្រសេចក្តីថ្លែងការណ៍របស់សហជីវិន ចាប ញ៉ាលីវុធ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ធ្វើកំណែទម្រង់ក្នុងគោលបំណងរៀបចំដំណើរការ និងការប្រព្រឹត្តទៅរបស់គណបក្សហ៊្វុនស៊ិនប៉ិច មកភាពប្រក្រតីវិញ ស្ដារប្រជាប្រិយភាពរបស់គណបក្ស ទប់ស្កាត់ភាពអាណាធិបតេយ្យ ក្នុងការដកហូតតួនាទី និងការតែងតាំងមុខតំណែងនានា ក្នុងគណបក្សដោយប្រើប្រាស់ត្រាព្រះហស្តលេខាសម្ដេចក្រុមព្រះ ត្រាព្រះប្រធាន និងយកព្រះនាមសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ មកប្រើប្រាស់ក្នុងខណៈដែលព្រះសុខភាពសម្ដេចប្រធាន កំពុងទន់ខ្សោយ”។

បើតាមញត្តិគាំទ្រ ការបង្ហាញរូបភាពរបស់សម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ តាមរយៈបណ្ដាញសង្គម កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញនូវស្ថានភាពព្រះសុខភាពរបស់ព្រះអង្គ ដែលកំពុងមានសភាពយ៉ាប់យឺនគួរឲ្យសង្វេគ ដោយព្រះអង្គមានព្រះភ័ក្រ្តស្រពាប់ស្រពោន មិនឃើញមានព្រះបន្ទូលអ្វីសោះ ហើយក៏មិនឃើញមានកំរើកកាយវិការអ្វីផងដែរ។ ដូច្នេះការយាងព្រះអង្គផ្គរបង្ហាញព្រះភ័ក្រ តាមបណ្ដាញសង្គមនេះ ដូចជាការបង្ខិតបង្ខំសម្ដេចព្រះប្រធាន ដើម្បីកេងយកផលប្រយោជន៍ពីព្រះអង្គតែប៉ុណ្ណោះ ខណៈដែលព្រះអង្គមានសុខភាពទន់ខ្សោយមិនអាចទ្រង់ការបាន។

ជាមួយគ្នានោះ ក្រុមការងារគណៈកម្មាធិការប្រតិបត្តិ គណបក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ បានប្រកាសប្ដេជ្ញាខិតខំប្រឹងប្រែងរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីពង្រឹងគណបក្ស ពង្រឹងរចនាសម្ព័ន្ធមូលដ្ឋាន ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឲ្យបានជោគជ័យ ថ្វាយសម្ដេចក្រុមព្រះនរោត្ដម រណឫទ្ធិ ព្រះប្រធានគណបក្ស ក្នុងពេលដែលព្រះអង្គយាងនិវត្តន៍ មកកាន់មាតុប្រទេសវិញ។

ទាក់ទងញត្តិនេះ លោក ផាន់ សិទ្ធី អគ្គលេខាធិការប្រតិបត្តិស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងថា នោះជាញត្តិពិត មិនមែនក្លែងក្លាយទេ  ពីព្រោះលោកជាប្រធានក្រុមការងារគណៈកម្មាធិការប្រតិបត្តិ គណបក្សហ៊្វុនស៊ិនប៉ិចរាជធានីភ្នំពេញ។ លោកថា យើងមិនអាចទទួលស្គាល់ ការដកតួនាទីនេះបានទេ ពីព្រោះបើតាមនីតិវិធី គឺត្រូវប្រជុំគណៈកម្មាធិការវិន័យ ហើយគណៈកម្មាធិការវិន័យនេះ ក៏មិនអាចដកបានដែរ គឺលុះត្រាតែអង្គសមាជ ដែលមានអាណត្តិ ៥ឆ្នាំទើបអាចដកបាន។ ពីព្រោះសមាជិក ដែលបានស្នើដកនេះសុទ្ធ តែជាថ្នាក់ដឹកនាំកំពូល គឺជាអនុប្រធាន “មិនមែនចេះតែវាយត្រាដកដក ដូចដកកូនស្ពៃបែបនេះទេ”។

លោក ផាន់ សិទ្ធី ថា “ពួកអ្នកកាន់ត្រាចេះតែយកមកវាយទៅ លោកប្អូនគិតមើល អគ្គលេខាធិការឋានៈតូចជាងអនុប្រធាន ទៅជាស្នើដកអនុប្រធាន អាហ្នឹងវាអត់មានត្រូវរឿងអីបន្តិចសោះ ដកអត់មើលលក្ខន្តិកៈបែបនេះ ពួកខ្ញុំមិនទទួលស្គាល់ទេ ហើយបើទទួលស្គាល់ លុះត្រាតែលិខិតស្នាមនោះ មកដល់ដៃខ្ញុំ ហើយជាលិខិតច្បាប់ដើមទៀត ទើបយើងកំណត់ថា ជាលិខិតផ្លូវការ បើគ្រាន់តែបង្ហោះចោលនៅលើបណ្ដាញសង្គម យើងមិនអាចទទួលស្គាល់ទេ។ ពួកខ្ញុំបើខ្លាចត្រា ដូចខ្លាចទីងមោងយកមកបំភ័យ យើងខ្ញុំមិនអាចខ្លាចទេ។ ពួកយើងនៅតែប្រកាន់ថាជាសមាជិកជាថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិចដដែល”។

បើតាម លោក ផាន់ សិទ្ធី ក្នុងនាមថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច បានដាក់ពាក្យទៅក្រសួងមហាផ្ទៃរួចហើយកាល​​ពីថ្ងៃចន្ទ ដើម្បីសុំមោឃភាពត្រានោះចោល ហើយធ្វើត្រាថ្មីសម្រាប់ថ្នាក់ដឹកនាំគណបក្សប្រើប្រាស់។ ប៉ុន្តែនៅមិនទាន់ទទួលបានការឆ្លើយតប ពីក្រសួងមហាផ្ទៃនៅឡើយទេ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម