នយោបាយ
មេធាវីនិយាយថា នៅតែមានក្រុមអ្នកនយោបាយយកឈ្មោះលោក កឹម សុខា ទៅប្រើបោកប្រាស់រកការគាំទ្រ
លោក ចាន់ ចេន ដែលជាសហមេធាវីការពារក្តីឲ្យលោក កឹម សុខា បានចេញមកអះអាងថា រហូតមកដល់ពេលនេះ នៅតែមានក្រុមអ្នកនយោបាយយកឈ្មោះលោក កឹម សុខា ទៅបោកប្រាស់ ដើម្បីស្វែងរកការគាំទ្រ លោកថា បើលោក កឹម សុខា អស់ប្រជាប្រិយហើយ ម៉េចក៏នៅតែយកឈ្មោះគាត់ទៅនិយាយភ្ជាប់ជាមួយ។
តាមរយៈហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ លោក ចាន់ ចេន បានលើកឡើងថា មានក្រុមអ្នកនយោបាយ បញ្ឆោតក៏ដូចជាក្រុមបញ្ឆេះដែរ នៅតែយកឈ្មោះលោកប្រធាន កឹម សុខា ទៅប្រើបោកប្រាស់ម្ចាស់ឆ្នោត គួរឲ្យអស់សំណើច។ លោកថា “ម្តងថា គេធ្វើរង់ចាំ កឹម សុខា គេស្វាគមន៍កឹម សុខា មកចូលរួម ឬដឹកនាំ គេមិនបែកពី កឹម សុខា ទេ គេព្យាយាមចង់ជួបអ្នកការទូតដូចលោក កឹម សុខា ដែរ។ល។ ពួកទាំងពីរក្រុមនេះ (បញ្ឆោត និងបញ្ឆេះ) និយាយមកហាក់បីដូចជាដឹង និងទទួលស្គាល់នូវគុណតម្លៃរបស់លោក កឹម សុខា។

ទន្ទឹមគ្នានេះដែរ ក្រុមពីរនេះ ទាំងមេទាំងកូនវាយប្រហារ ជេរប្រមាថ មួលបង្កាច់ បន្តុះបង្អាប់ លោក កឹម សុខា ថា ប្រជាពលរដ្ឋលែងគាំទ្រគាត់ហើយ ជួបអ្នកការទូតតំណាងប្រទេសនានា ជាការងារអត់ប្រយោជន៍ អត់បានធ្វើអីសោះ កុំរង់ចាំគាត់អី ជាអាយ៉ង។ល។ ផ្ទុយពីចំណុចខាងលើពួកទាំងពីរក្រុមនេះ ហាក់បីដូចជាមិនឲ្យតម្លៃ ឬចង់កម្ទេចប្រជាប្រិយភាពលោក កឹម សុខា”។
លោកមេធាវីលើកជាសំណួរសួរថា “ពួកក្រុមបក្សបញ្ឆោត និងបក្សបញ្ឆេះទាំងនោះ ដែលដើរចេញពីលោក កឹម សុខា ចេញពីស្មារតីរួបរួម ដែលជាឆន្ទៈពិតរបស់ប្រជាពលរដ្ឋ ដែលលោក កឹម សុខា នៅតែប្រកាន់ខ្ជាប់នោះ តើចង់បានអី្វពីលោកប្រធាន កឹម សុខា ឲ្យពិតប្រាកដ បានជាធ្វើនយោបាយគ្មានគោលជំហ៊រសោះ ម្តងថាអញ្ចេះ ម្តងថាអញ្ចោះនោះ? បើយល់ថា លោក កឹម សុខា អស់ប្រជាប្រិយហើយ ម៉េចក៏នៅតែយកឈ្មោះគាត់ទៅនិយាយភ្ជាប់ជាមួយក្រុមខ្លួនធ្វើអី្វ? បើថា អ្នកការទូតនៃប្រទេសប្រជាធិបតេយ្យជួបលោក កឹម សុខា អត់បានការអី ម៉េចក៏មេៗខ្លួនខំទៅសុំស្វែងរកជួបគេពឹងឲ្យគេជួយធ្វើអី?
គួររំលឹកថា លោក កឹម សុខា បានចេញមុខវាយប្រហារលើលោក សម រង្ស៊ី ក៏ដូចជាបក្សពួកថា នៅតែបន្តយកឈ្មោះ និងរូបថតលោកទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដោយពុំមានការអនុញ្ញាត។ លើសពីនេះទៅទៀត លោក សម រង្ស៊ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងរបស់ខ្លួនឯង ជាពិសេសថ្មីៗនេះ ត្រលប់ទៅគាំទ្រដោយចំហ និងនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។
លោក កឹម សុខា បានអះអាងថា ទង្វើរបស់ពួកគេសបញ្ជាក់ថា “សម រង្ស៊ី និងកឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬជាជំហររបស់ខ្ញុំឡើយ”។ ជាមួយគ្នានោះ លោកបានអំពាវនាវឲ្យលោក សម រង្ស៊ី និងបក្ខពួក ឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថតលោកទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។
លោក កឹម សុខា បញ្ជាក់ចុងក្រោយថា “ខ្ញុំមិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមនោះឡើយ”៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់