Connect with us

នយោបាយ

៥៥ឆ្នាំកន្លងទៅនេះ តើទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម មានការវិវត្តបែបណាខ្លះ?

បានផុស

នៅ

ឆ្នាំ២០២២នេះ គឺជាឆ្នាំរំឮកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម។ នៅក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងការទូតកម្ពុជា និងវៀតណាម មានទាំងល្អផង និងមិនល្អផង។ ប៉ុន្តែ បន្ទាប់ពីបញ្ចប់របបប្រល័យពូជសាសន៍ប៉ុល ពត ទៅ គឺទំនាក់ទំនងនៃប្រទេសជិតខាងទាំង២ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ហើយមកដល់ពេលនេះ វាបានក្លាយទៅជាទំនាក់ទំនង«មិត្ត​ភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា និងវៀតណាម បានបង្កើតចំណងការទូតនឹងគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ពោល គឺនៅក្នុងសម័យសង្គមរាស្រ្តនិយមដែលដឹកនាំដោយសម្តេច ព្រះនរោត្តម សីហនុ។ ប៉ុន្តែ នៅពេលដែលសម័​យ​សង្គមរាស្រ្តនិយមត្រូវបានបញ្ចប់នៅក្នុងឆ្នាំ១៩៧០ ដោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ពីសំណាក់ក្រុមលោកសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់សិរិមតៈ ទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ក៏ត្រូវបានកាត់ផ្តាច់។ លុះចូលដល់សម័យខ្មែរក្រហម ទំនាក់ទំនងការទូតនៃ​ប្រ​ទេសទាំង២ កាន់តែអាក្រក់ទៅៗ ដោយសារបក្សកុម្មុយនីស្តកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាមលែងទុកចិត្តគ្នាតទៅទៀត។

នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ក្រុមប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ គឺកម្ពុជា និងវៀតណា​មតែងតែប៉ះទង្គិចគ្នាដោយអាវុធជាបន្តបន្ទាប់ ដែលបង្កឲ្យប្រជាពលរដ្ឋនៃប្រទេសទាំង២បានស្លាប់បាត់​បង់ជីវិតជាច្រើននាក់។ នៅក្នុងខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពរំដោះជាតិកម្ពុជា សហការជាមួយកងទ័ពស្ម័គចិត្តវៀតណាម បានវាយលុកចូលក្នុងប្រទេសកម្ពុជា ពោល គឺធ្វើសង្រ្គាមផ្តួលរំលំរបបខ្មែរក្រហម ដើម្បីសង្រ្គោះប្រជាពលរដ្ឋកម្ពុជាពីរបបដ៏សែនឃោរឃៅនេះ។ នេះ គឺជាសច្ចភាពប្រវត្តិសាស្រ្តមួយដែលគ្មាននរណាម្នា​ក់​អាចប្រកែកបាន បើទោះបីមានការលើកឡើងដ៏មានហេតុផលផ្សេងៗយ៉ាងណាក៏ដោយចុះ។

ប៉ុន្តែ សច្ចភាពប្រវត្តិសាស្រ្តមួយទៀតដែលគួរត្រូវលើកមកនិយាយ និងមិនអាចបំភ្លេចបានដែរនោះ គឺកម្ពុជា បានជួយវៀតណាមក្នុងការបង្រួបបង្រួមវៀតណាមខាងត្បូង និងវៀតណាមខាងជើង មកជាប្រទេសតែមួយដោយជោគជ័យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។ កម្ពុជា បានអនុញ្ញាតឲ្យកងទ័ពរំដោះជាតិវៀតណាម ហៅថា វៀតកុង ប្រើប្រាស់ទឹកដីជាប់ព្រំដែន ដើម្បីដឹកស្បៀង សព្វាវុធ វាយលុកផ្តួលវៀតណាមខាងត្បូង។ ចុងក្រោយ វៀតណាមទទួលបានជោគជ័យ ប៉ុន្តែ កម្ពុជាទទួលបាននូវគ្រាប់បែកទម្លាក់មកដូចគ្រាប់ភ្លៀងរបស់អាមេរិកស្លាប់គរជើងគ្នារាប់មិនចង់អស់។

ជារួម គឺកម្ពុជា និងវៀតណាម បានជួយរំដោះប្រទេសឲ្យគ្នាទៅវិញទៅមក ជួយបញ្ចប់សង្រ្គាម ហើយបង្កើតសន្តិភាពឲ្យគ្នា។ ត្រង់ចំណុចនេះ លោក Nguyễn Huy Tăng ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា ធ្លាប់បានអះអាងប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានវៀតណាមកាលពីចុងឆ្នាំ២០២១ថា៖ «បើគ្មានជំនួយពីសហគមន៍អន្តរជាតិ រួមទាំងកម្ពុជាទេ វៀតណាមនឹងពិបាកណាស់ក្នុងការទទួលបានធនធានសម្រាប់ការតស៊ូរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសឡើងវិញ។ បើគ្មានជំនួយ និងការគាំទ្រទាន់ពេលវេលា និងមានប្រសិទ្ធភាពពីកងទ័ព និងប្រជាជនវៀតណាមទេ វានឹងពិបាកសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្តួលរំលំរបបប្រ​ល័យ​ពូជសាសន៍ ប៉ុល ពត និងធ្វើឱ្យប្រទេសជាតិរស់ឡើងវិញ»។

ចំណែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្មីៗក៏ចង់មានការរំឮកពីគុណរបស់កម្ពុជាចំពោះការបង្រួបបង្រួមវៀតណាមដែរ។  សម្តេចតេជោ ហ៊ុន សែន បានអះអាងថា៖ «គម្រោងទៅអនាគត គឺស្តូបអនុស្សាវរីយកម្ពុជា-វៀតណាមទាំងអស់ ត្រូវសរសេរឲ្យមានគ្រប់លក្ខណៈ គឺការការសង់ស្តូបនេះ សំដៅមើលឲ្យឃើញអំពីការដែលប្រជាជនកម្ពុជា ជួយប្រជាជនវៀតណាម ក្នុងការរំដោះភាគខាងត្បូង និងឈានទៅឯកភាពជាតិ និងការអភិវឌ្ឍ ហើយស្តូបនេះ ក៏កសាងឡើង ដើម្បីឲ្យឃើញអំពីការជួយរបស់វៀតណាម ឲ្យប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។

ក្រោយពីរបបខ្មែរក្រហម ត្រូវបានបញ្ចប់ដោយការជួយពីកងទ័ពវៀតណាម គឺទំនាក់ទំនងកម្ពុជា និងវៀតណាម មានស្ថានភាពល្អផូរផង់មែនទែន អាចនិយាយថា ជាការចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញនៃប្រទេសទាំង២ក្រោយបញ្ចប់សង្រ្គាម។ ចូលដល់ឆ្នាំ២០០៥ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ត្រូវបានដំឡើងទៅជា«ទំនាក់ទំនងមិត្តភាព ជិតខាងល្អជាប្រពៃណី និងប្រកបដោយសហប្រតិបត្តិការរឹងមាំ យូរអង្វែង និងគ្រប់វិស័យ»។ ជាការកត់សម្គាល់ ចាប់តាំងពីរបបខ្មែរក្រហម បានរលាយរលត់បាត់ទៅ ទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម មិនឃើញមានបញ្ហាល្អក់កករណាមួយកើតឡើងនោះទេ។​ រីឯ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ តែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ដើម្បីរឹតបន្តឹងបន្ថែមនូវទំនាក់ទំនងទ្វេភាគី។

នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាង២ឆ្នាំមកនេះ កម្ពុជា និងវៀតណាម តែងតែបានជួយគ្នាទៅវិញទៅមកទាំងជំនួយជាថវិកា បច្ចេកទេស និងសម្ភារបរិក្ខារវេជ្ជសាស្រ្តជាដើម។ ប៉ុន្តែ ក៏មានបញ្ហាបន្តិចបន្តួចដែរទាក់ទងនឹងការបិទព្រំដែនជាឯកតោភាគីរបស់ភាគីវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឆ្លងដែននៃជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ បញ្ហានេះ ក៏ត្រូវបានសម្របសម្រួលបញ្ចប់ដោយការយោគយល់គ្នានៃប្រទេសទាំង២។

ស្របពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន និងចំឆ្នាំនៃខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម គឺកាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ លោក ង្វៀង ស៊ួនហ្វុក (NGUYEN XUAN PHUC) ប្រធា​នាធិបតីវៀតណាម បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយលោក បានជួបពិភាក្សាគ្នាដោយផ្ទាល់ជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ។ ប្រមុខដឹកនាំទាំង២ បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ ដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធ កាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា -វៀតណាម រយៈពេល៥៥ឆ្នាំកន្លងមកនេះ បើទោះបីជាស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក៏ដោយ៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២ នាទី មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

សន្តិសុខសង្គម៦ នាទី មុន

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនសិស្សសាលាជាង១០០នាក់

សេចក្ដីជូនដំណឹង១០ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៤ ជូនមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រះសីហនុ

ព័ត៌មានជាតិ២៥ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ ណែនាំពលករខ្មែរធ្វើការនៅថៃ កុំធ្វើដំណើរតាម​ច្រករបៀង ចៀសវាងប៉ះពាល់ដល់សុខសុវត្ថិភាព

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម