នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានចេញលិខិតចំនួន៣ អញ្ជើញមេដឹកនាំ៣នាក់ ឲ្យចូលរួមកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹងការជូនដំណឹង មកក្រសួងមហាផ្ទៃ ស្តីពីការបង្កើត “សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ” តាមរយៈលិខិតចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង៣ រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅសាលប្រជុំអគារ “S” ទីស្តីការក្រសួងមហាផ្ទៃ ដែលកិច្ចប្រជុំដឹកនាំលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ការអញ្ជើញមេដឹកនាំ សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មកប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីលោក ម៉ម សូណង់ដូ ប្រធានសម្ពន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានដាក់លិខិតជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ជូនដំណឹងស្តីពី ការបង្កើតសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ហើយបន្ទាប់ពីជូនដំណឹង ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ ត្រូវប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមបញ្ជាក់ថា គណបក្សនយោបាយ ចំនួន៣ ដែលបានផ្តួចផ្តើមបង្កើតកើត សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺមានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយ របស់លោក កែម រិទ្ធិសិត ហើយដឹកនាំសម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ គឺលោក ម៉ម សូណង់ដូ ជាប្រធានសម្ពន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ លោក ញឹក ប៊ុនឆៃ ជាអនុប្រធាន លោក គុជ លី (អនុប្រធានគណបក្សខ្មែរតែមួយ) ជាអគ្គលេខាធិការ។
គោលបំណង នៃការបង្កើតសម្ពន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ គឺដើម្បីបណ្តុះគំនិត ជាតិនិយមគំរូថ្មីមួយ ដើម្បីយុវជនខ្មែរបន្តវេន ដោយគ្មានវប្បធម៌លាបពណ៌ និងគ្មានវប្បធម៌ក្តិចត្រួយ ហើយគណបក្សទាំងបី គឺមានគោលដៅដូចគ្នា និងរឹត ចំណងសាមគ្គីភាព ដើម្បីការធ្វើកិច្ចសហប្រតិបត្តិការ សម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣។ រួមគ្នាដោះស្រាយវិបត្តិនានា ក្នុងសង្គមនយោបាយតាមរយៈខ្មែរ និងខ្មែរ។
សម្ពន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ មានយន្តការការងារចំនួន៣រួមមាន ១. គ្រប់គណបក្សសាមី ត្រូវចុះមូលដ្ឋានរួមគ្នា ដើម្បីពង្រឹង និងពង្រីកសកម្មជនគាំទ្រ គណបក្សសាមីគ្រប់ខេត្តទូទាំងប្រទេស។ ២. ត្រូវបង្កើតការងារបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយ ពីវត្ថុបំណងរបស់សម្ពន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ។ ៣. ត្រូវបង្កើតក្រុមវាគ្មិន និងអ្នកនាំពាក្យ ដើម្បីតស៊ូមតិគ្រប់រូបភាព ការពារផលប្រយោជន៍រួម៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើឲ្យព្រះរាជអាជ្ញាចាត់វិធានការជាបន្ទាន់ចំពោះ សម រង្ស៊ី ដែលបានប្រមាថព្រះមហាក្សត្រថា “ស្ដេចទីងមោង”