រដ្ឋប្រហារយោធាទាំង ៩ ដែលធ្វើឱ្យកក្រើកពិភពលោករយៈពេលមួយទសវត្សរ៍ចុងក្រោយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

រដ្ឋប្រហារយោធាទាំង ៩ ដែលធ្វើឱ្យកក្រើកពិភពលោករយៈពេលមួយទសវត្សរ៍ចុងក្រោយ

បានផុស

នៅ

ពិភពលោកកំពុងមានការភ្ញាក់ផ្អើលខ្លាំង ក្រោយរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ដែលដឹកនាំដោយឧត្តមសេនីយ៍ Min Aung Hlaing នៅដើមខែនេះ។ ក្រុមយោធាបានចាប់ឃុំខ្លួន វរជនឈ្នះរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសានស៊ូជី រួមទាំងមេដឹកនាំដទៃទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដោយការចោទប្រកាន់ពីបទ «លួចបន្លំសន្លឹកឆ្នោត»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំស៊ីវិល លោកស្រី អ៊ុងសានស៊ូជី រួមជាមួយប្រធានាធិបតីរបស់ប្រទេសនេះ និងអ្នកនយោបាយកំពូលៗផ្សេងទៀតត្រូវបានឃុំខ្លួនកាលថ្ងៃទី ១ ខែកុម្ភៈ ដោយក្រុមយោធារបស់ប្រទេសមីយ៉ាន់ម៉ា។ ពេលនេះដែរ មេបញ្ជាការកងទ័ព Min Aung Hlaing បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នពេញមួយឆ្នាំ។

ក្រៅពីរដ្ឋប្រហារដ៏ក្ដៅគគុកនៅមីយ៉ាន់ម៉ា នាដើមឆ្នាំ ២០២១​​នេះ តើពិភពលោកមានរដ្ឋប្រហារយោធានៅបណ្ដាប្រទេសផ្សេងដែរឬយ៉ាងណា?

សាធារណរដ្ឋ ម៉ាលី

កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២០ ក្រុមយោធាបានបង្កឱ្យមានការផ្ទុះអាវុធនៅសាធារណរដ្ឋម៉ាលី ស្ថិតនៅមូលដ្ឋានយោធាក្បែររដ្ឋធានី បាម៉ាកូ (Bamako)។

ក្រុមបះបោរទាមទារឱ្យមានកំណែទម្រង់នយោបាយ ដោយផ្លាស់ប្តូរអំណាច និងការបោះឆ្នោតទូទៅថ្មីមួយ ក្រោយចាប់ឃុំខ្លួនមន្រ្តីជាន់ខ្ពស់ក្នុងប្រទេសរួមមាន ប្រធានាធិបតី Ibrahim Boubacar Keita និងនាយករដ្ឋមន្ត្រី Boubou Cisse។

នៅថ្ងៃទី ១៩ សីហា ប្រធានាធិបតី Keita ប្រកាសលាលែងពីរដ្ឋាភិបាល និងរំលាយសភាចោល។ រីឯមេដឹកនាំរដ្ឋប្រហារលោកវរសេនីយ៍ឯក Assimi Goita បានប្រកាសបង្កើតគណៈកម្មាធិការជាតិដើម្បីសង្គ្រោះប្រជាជន និងបិទព្រំដែន ព្រមទាំងដាក់បំរាមគោចរនៅក្នុងប្រទេស។

នៅថ្ងៃទី ២៧ សីហា ឆ្នាំដដែល អតីតប្រធានាធិបតី ត្រូវបានដោះលែង។

រហូតដល់ថ្ងៃទី ២៥ ខែកញ្ញា អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិម៉ាលីគឺលោក Ba Ndau បានឡើងកាន់ដំណែងជាប្រធានាធិបតី ដោយមានលោកវរសេនីយ៍ឯក Assimi Goita ស្បថចូលកាន់តំណែងជាអនុប្រធាន។

ប្រទេស ស៊ូដង់

ប្រធានាធិបតីស៊ូដង់ លោក Omar al-Bashir ត្រូវបានបណ្តេញចេញនិងចាប់ខ្លួននៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩ ដោយក្រុមយោធា បន្ទាប់ពីមានការប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋាភិបាលជាច្រើនខែ។

នៅខែឧសភា ឆ្នាំ ២០១៩ លោក Omar al-Bashir ត្រូវបានចោទប្រកាន់ពីបទញុះញង់និងចូលរួមក្នុងការសម្លាប់បាតុករដែលចូលរួមបាតុកម្មនៅក្នុងប្រទេសរបស់លោក។ អតីតប្រធានាធិបតីរូបនេះក៏ត្រូវចោទប្រកាន់ពីបទឆបោកហិរញ្ញវត្ថុ ហើយបច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំនៅពន្ធធនាគារ Kober ក្នុងក្រុង Khartoum។

ប្រទេស ហ្សីមបាវេ

នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ យោធាហ្ស៊ីមបាវេបានបង្ខំឱ្យប្រធានាធិបតី Robert Mugabe  (១៩២៤-២០១៩) លាឈប់ពីតំណែង បន្ទាប់ពីបង្ខាំងឲ្យជាប់ឃុំឃាំងក្នុងគេហដ្ឋាន។ ពេលនោះ លោក Emerson Mnangagwa អនុប្រធានាធិបតីរបស់ប្រទេសបានចូលបំពេញតួនាទីនេះជំនួស។

មកដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៩ Robert Mugabe បានទទួលមរណភាពនៅមន្ទីរពេទ្យមួយក្នុងប្រទេសសិង្ហបុរី។

ប្រទេស ប៊ូគីណាហ្វាសូ (Burkina Faso)

នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៥ សមាជិកកងវរសេនាធំនៃសន្តិសុខប្រធានាធិបតី (RSP) ដែលជាអង្គភាពយោធាស្វយ័តមួយបានបង្កើតឡើងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Blaise Compaore ។ ពួកគេបានឃុំខ្លួនរដ្ឋាភិបាលរបស់ប្រទេសនេះរួមមាន ប្រធានាធិបតីជាប់ឆ្នោត Michel Kafando  នាយករដ្ឋមន្រ្តី Yacouba Isaac Zida និងសមាជិកជាច្រើនទៀតក្នុងជួរគណៈរដ្ឋមន្រ្តី។

អ្នកនយោបាយដែលដណ្តើមបាននៅឆ្នាំ ២០១៥ ក្រោយមកត្រូវបានដោះលែង ហើយមេដឹកនាំនៃរដ្ឋប្រហារនិងកងទ័ពស្មោះត្រង់បានចុះកិច្ចព្រមព្រៀងដើម្បីការពារអំពើហឹង្សានៅក្នុងរដ្ឋធានី Ouagadougou។

ប្រទេសថៃ

នៅខែឧសភា ឆ្នាំ ២០១៤ ប្រទេសថៃ កើតមានការធ្វើរដ្ឋប្រហារយោធាមួយក្រោមពាក្យស្លោកនៃការផ្សះផ្សាជាតិ បន្ទាប់ពីមានជម្លោះនយោបាយជាច្រើនឆ្នាំរវាងអ្នកគាំទ្រនិងក្រុមអ្នកប្រឆាំងនៃត្រកូល ស៊ីណាវ៉ាត្រា។ ក្នុងរដ្ឋប្រហារ យោធាបានបណ្ដេញលោក ថាក់ស៊ីនស៊ីណាវ៉ាត្រា និងប្អូនស្រីលោកស្រី យីងឡាក់ ចេញពីតំណែងនាយករដ្ឋមន្រ្តី។

ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា មេបញ្ជាការកងកម្លាំងជើងគោកដែលដឹកនាំការធ្វើរដ្ឋប្រហារបានឡើងកាន់តំណែងជាប្រធានក្រុមប្រឹក្សាជាតិ និងបង្កើតរដ្ឋាភិបាលយោធាដែលមានអំណាចនីតិប្បញ្ញត្តិ។

សកម្មភាពនយោបាយគ្រប់ប្រភេទត្រូវបានហាមឃាត់ក្នុងការបង្ក្រាប ការប្រឆាំង និងការរិះគន់ រហូតដល់ខែធ្នូ ឆ្នាំ ២០១៨ ទើបក្រុមប្រឹក្សាភិបាល NCPO បានដកការរឹតត្បិតលើការប្រមូលផ្តុំសាធារណៈ និងសកម្មភាពនយោបាយដើម្បីឱ្យគណបក្សនយោបាយនានាអាចធ្វើយុទ្ធនាការបោះឆ្នោត ហើយរហូតដល់នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៩ ថៃបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភាជាធម្មតាវិញ។

ប្រទេសអេហ្ស៊ីប

នៅឆ្នាំ ២០១២ ស្ថាប័នអ៊ីស្លាម Brotherhood ដែលបង្កើតឡើងកាលពីឆ្នាំ ១៩២៩ បានទទួលជោគជ័យក្នុងការប្រើប្រាស់ស្ថានការណ៍នយោបាយមិនប្រាកដប្រជានៅអេហ្ស៊ីបដើម្បីទម្លាក់អតីតប្រធានាធិបតី Hosni Mubarak ហើយតែងតាំងសមាជិករបស់ខ្លួនគឺលោក Mohamed Morsi សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំនោះ។

ទោះយ៉ាងណាក្នុងខែកក្កដា ឆ្នាំ ២០១៣ បន្ទាប់ពីមានការមិនពេញចិត្តលើចលនាអ៊ីស្លាម មេបញ្ជាការកងទ័ពអេហ្ស៊ីបឧត្តមសេនីយ៍ Abdel Fattah al-Sisi ដឹកនាំក្រុមចម្រុះបណ្តេញប្រធានាធិបតី Mohamed Morsi ចេញពីអំណាច។

អាជ្ញាធរថ្មីបើកប្រតិបត្តិការបង្រ្កាបប្រឆាំងនឹងចលនាចាប់ខ្លួនមេដឹកនាំ Morsi និងបងប្អូនមូស្លីម ហើយប្រកាសប្រធានយុត្តិធម៌នៃតុលាការធម្មនុញ្ញកំពូលលោក Adly Mansour ជាប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសអេហ្ស៊ីប។

ចំណែកលោក Morsi និងមនុស្សជាង ១០០ នាក់ផ្សេងទៀតត្រូវកាត់ទោសប្រហារជីវិតកាលពីខែឧសភា ឆ្នាំ ២០១៥ បន្ទាប់ពីត្រូវបានផ្តន្ទាទោសពីបទឃុបឃិតជាមួយក្រុមសកម្មប្រយុទ្ធបរទេស។ ប៉ុន្តែតុលាការបានបដិសេធការកាត់ទោសនោះ។

នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ លោក Morsi បានទទួលមរណភាពក្នុងវ័យ ៦៧ ឆ្នាំដោយសារគាំងបេះដូង ក្នុងពេលបើកសវនាការលើសំណុំរឿងចារកិច្ចនៅទីក្រុង Cairo ។

សាធារណរដ្ឋអាហ្វ្រិកកណ្តាល

នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៣ សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) បានជួបប្រទះនូវភាពចលាចល ខណៈប្រធានាធិបតីរបស់ខ្លួនគឺ Francois Bozize ត្រូវបានផ្តួលរំលំដោយក្រុមឧទ្ទាមមូស្លីម Seleka ។ មេដឹកនាំក្រុមឧទ្ទាមលោក Michel Jotodia បានប្រកាសខ្លួនជាប្រធានាធិបតី ស្របពេលដែលមេដឹកនាំ CAR François Bozizet ត្រូវបណ្តេញចេញ ហើយបង្ខំចិត្តភៀសខ្លួនទៅប្រទេស Cameroon ។

ទោះយ៉ាងណាមេដឹកនាំអាហ្វ្រិកភៀសខ្លួន បដិសេធមិនទទួលស្គាល់លោក Jotodia ក្នុងនាមជាប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាលឡើយ។ រហូតដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៤ មេដឹកនាំឧទ្ទាមក៏ប្រកាសលាលែងពីតំណែងដោយឯកឯង។

ប្រទេស ហ្គីនៀ – ប៊ីសៅ ( Guinea-Bissau ) ស្ថិតនៅអាហ្វ្រិកខាងលិច

នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១២ រដ្ឋប្រហារមួយបានកើតឡើងក្នុងប្រទេស ហ្គីនៀ – ប៊ីសៅ នៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី ២ ដែលគ្រោងធ្វើនៅថ្ងៃទី ២៩ ខែមេសា។ រដ្ឋប្រហារដឹកនាំដោយលោក Carlos Gomes Junior លេចឡើងដើម្បីប្រឆាំងនឹងប្រធានាធិបតី Kumba Iala ។

ទោះយ៉ាងណា ប្រធានាធិបតីស្តីទី Raymund Pereira រួមទាំងលោក Gomes Junior ត្រូវបានចាប់ខ្លួន។ រីឯសមាជិកនៃក្រុមប្រឹក្សាយោធាបានគ្រប់គ្រងប្រទេស រហូតដល់ក្រុមប្រឹក្សាបណ្តោះអាសន្នជាតិត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៥ ខែមេសា។

នៅចុងខែមេសាមេដឹកនាំដែលត្រូវបានបណ្តេញចេញពី ហ្គីនៀ – ប៊ីសៅ ត្រូវបានដោះលែង និងភៀសខ្លួនចេញពីប្រទេស។

នៅខែឧសភា ឆ្នាំ ២០១៤ បន្ទាប់ពីលទ្ធផលបោះឆ្នោតជុំទី ២ លោក Jose Mario Vaz តំណាងមកពីគណបក្សអាហ្វ្រិកដើម្បីឯករាជ្យភាពនៃហ្គីនៀនិង Cape Verde (PAIGC) ត្រូវបានជ្រើសរើសជាប្រធានាធិបតីនៃប្រទេស៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ា Min Aung Hlaing ជានរណា?

ចុចអាន៖ សាវតារលោក ប្រាយុទ្ធ ចាន់អូចា មុនក្លាយជានាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services