មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ា Min Aung Hlaing ជានរណា?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

មេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ា Min Aung Hlaing ជានរណា?

Published

on

ឧត្តមសេនីយ៍ Min Aung Hlaing ក្លាយជាមេដឹកនាំបច្ចុប្បន្នរបស់មីយ៉ាន់ម៉ា ក្រោយធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។

អគ្គមេបញ្ជាការវ័យ ៦៥ ឆ្នាំរូបនេះ បានចូលកាន់មុខតំណែងជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១១ ហើយក៏ជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិ (NDSC) ដែលដឹកនាំដោយប្រធានាធិបតីមីយ៉ាន់ម៉ាផងដែរ។

លោកធ្លាប់ជាអគ្គសេនាធិការចម្រុះនៃក្រសួងការពារជាតិមីយ៉ាន់ម៉ា ហើយត្រូវបានតំឡើងឋានៈជាឧត្តមសេនីយ៍ផ្កាយបួននាដើមឆ្នាំ ២០១១ និងជាឧត្តមសេនីយ៍ផ្កាយ ៥ ក្នុងខែមីនាឆ្នាំ ២០១៣។

តើមេដឹកនាំថ្មីរូបនេះ មានប្រវត្តិដូចម្ដេច? សក្ដានុពលប៉ុនណា ទើបអាចក្ដោបអំណាចមីយ៉ាន់ម៉ាក្នុងរដ្ឋប្រហារបានដោយជោគជ័យ?

ការសិក្សាអប់រំ

Min Aung Hlaing កើតនៅថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ១៩៥៦ មានឪពុកឈ្មោះ Thaung Hlaing ជាវិស្វករសំណង់ស៊ីវិលដែលធ្វើការនៅក្រសួងនគរូបនីយកម្មនិងសំណង់។

អគ្គមេបញ្ជាការរូបនេះ ជាអតីតនិស្សិតសិក្សាជំនាញនីតិសាស្ត្រនៅសាកលវិទ្យាល័យសិល្បៈនិងវិទ្យាសាស្ត្រ រ៉ង់ហ្គូន ពីឆ្នាំ ១៩៧២ ដល់ ១៩៧៣ មុនពេលចូលរៀននៅបណ្ឌិតសភាសេវាការពារជាតិជំនាន់ទី ១៩ នាឆ្នាំ ១៩៧៤ ក្រោយព្យាយាមដាក់ពាក្យចូលសិក្សាទីនោះជាលើកទី៣។

  • ឆ្នាំ ១៩៧២ សិក្សានីតិសាស្ត្រ នៅសាកលវិទ្យាល័យសិល្បៈនិងវិទ្យាសាស្ត្រ រ៉ង់ហ្គូន
  • ឆ្នាំ ១៩៧១-១៩៧៤ ហ្វឹកហ្វឺនថ្នាក់ពលបាល នៅសាកលវិទ្យាល័យបណ្តុះបណ្តាលកងទ័ព
  • ១៩៧៤ ចូលរៀននៅបណ្ឌិត្យសភាសេវាការពារជាតិ
  • ១៩៧៧ តែងតាំងជាអនុសេនីយឯកទី ២ ក្នុងជួរកងទ័ពភូមា

អាជីព

បន្ទាប់ពីបញ្ចប់ការសិក្សា Min Aung Hlaing ចូលកាន់តំណែងនៅរដ្ឋ Mon ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។ លុះឆ្នាំ ២០០២ លោកត្រូវតំឡើងឋានៈជាមេបញ្ជាការតំបន់ត្រីកោណក្នុងរដ្ឋ Shan ភាគខាងកើតនៃប្រទេស និងក្លាយជាឥស្សរជនកណ្តាលក្នុងការចរចាជាមួយក្រុមឧទ្ទាម២គឺ កងទ័ពសហរដ្ឋអាមេរិក (UWSA) និងកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិ (NDAA) ។

ក្នុងឆ្នាំ ២០០៩ ឧត្តមសេនីយ៍រូបនេះ ក៏កាន់តែលេចធ្លោក្នុងចំណោមប្រជាជាតិខ្លួន បន្ទាប់ពីដឹកនាំការវាយលុកប្រឆាំងនឹងកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យសញ្ជាតិភូមានៅ តំបន់ កុកគង (Kokang) ដែលជាប់ព្រំដែនជាមួយចិន។ លុះខែមិថុនា ឆ្នាំ ២០១០ លោក Min Aung Hlaing បានជំនួសតំណែងអតីតឧត្តមសេនីយ Shwe Mann ក្លាយជាអគ្គសេនាធិការចម្រុះនៃកងទ័ពជើងទឹកនិងកងទ័ពអាកាស។

អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ

ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១១ ក្លាយជាអគ្គមេបញ្ជាការថ្មីនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាជំនួសតំណែងប្រមុខរដ្ឋនិងយោធាគឺ ឧត្តមសេនីយ Than Shwe។

នៅចុងឆ្នាំដដែល សារព័ត៌មាន The Irrawaddy បានរាយកាណ៍ថា លោក Min Aung Hlaing និងថ្នាក់ដឹកនាំរបស់ខ្លួនបានជួបប្រជុំជាមួយមន្រ្តីយោធាចិនក្នុងការបង្កើតកិច្ចព្រមព្រៀងទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិជាមួយចិន។ លោកក៏បានជួបពិភាក្សាជាមួយអនុប្រធានាធិបតីរបស់លោក ស៊ីជីនពីង ទាក់ទងនឹងកិច្ចសហប្រតិបត្តិការដោះស្រាយជម្លោះនៅរដ្ឋ Kachin។

ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១២ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសតំឡើង Min Aung Hlaing ជាឧត្តមសេនីយរងនៅក្នុងកងកម្លាំងប្រដាប់អាវុធ ហើយលោកបានឡើងឋានៈជាឧត្តមសេនីយ៍ឯកក្នុងខែមីនា ឆ្នាំ ២០១៣ ។

ការរំលោភសិទ្ធិមនុស្ស

ក្រៅពីកាន់តួនាទីជាមេធំក្នុងជួរកងទ័ព ឧត្តមសេនីយ៍ Min Aung Hlaing​ ក៏មានរឿងអាស្រូវពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសផងដែរ។

យោងតាមរបាយការណ៍ពី ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UNHRC) បានឱ្យដឹងថា ទាហានដែលគ្រប់គ្រងដោយ Min Aung Hlaing បានប្រព្រឹត្តទង្វើរើសអើងជាប្រព័ន្ធ ក៏ដូចជារំលោភសិទ្ធិមនុស្សក្នុងសហគមន៍ភាគតិចនៅរដ្ឋ Rakhine ។ ជាពិសេសលោកត្រូវស្ថាប័នសិទ្ធិមនុស្សចោទប្រកាន់ពីបទធ្វើទុក្ខបុកម្នេញជនជាតិភាគតិចប្រឆាំងនឹងប្រជាជនរ៉ូហ៊ីងយ៉ា។ UNHRC និយាយថា ការបំពានសិទ្ធិមនុស្សទាំងនេះអាចជាអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។

ដោយសារបញ្ហាចម្រូងចម្រាសទាក់ទិនការរើងអើងពូជសាសន៍នោះដែរ ហ្វេសប៊ុកហាមមិនឱ្យ Min Aung Hlaing បញ្ចេញសកម្មភាពលើបណ្ដាញសង្គមរបស់លោកឡើយ។ រីឯមន្រ្តីកំពូលៗរបស់ភូមាចំនួន ១៩ នាក់ទៀតត្រូវបានហាមឃាត់ដូចគ្នា ដើម្បីការពារជម្លោះរវាងជនជាតិភាគតិចនិងសាសនានៅប្រទេស។ ក្រោយមក Twitter ក៏ហាមប្រាមបុរសរូបនេះនៅលើបណ្ដាញរបស់ខ្លួននាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៩ ។

នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៩ មានការចោទប្រកាន់មួយទៀតលើ ឧត្តមសេនីយ៍ Min។ លោក Kyaw Zaw Oo ប្រមុខរដ្ឋ Rakhine បានចេញលិខិតទ្វេភាគីដោយចំហរទៅកាន់ Min Aung Hlaing អំពីការរំលោភបំពានជាច្រើនរបស់កងទ័ពនៅរដ្ឋ Rakhine ដែលបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ព្រមទាំងទ្រព្យសម្បត្តិរបស់ជនស៊ីវិល ដោយបំផ្លាញអគារខ្លះនៃបេតិកភណ្ឌវប្បធម៌ក្នុងរដ្ឋនេះ។

មកដល់ខែកក្កដា ឆ្នាំ ២០១៩ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានហាមឃាត់មេបញ្ជាការកងទ័ពមីយ៉ាម៉ារូបនេះមិនឱ្យធ្វើដំណើរចូលទឹកដីសហរដ្ឋអាមេរិកឡើយ។

យ៉ាងណាក្ដី នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កងកម្លាំងប្រដាប់អាវុធ Tatmadaw បានប្រកាសឋានៈឧត្តមសេនីយឯក Min Aung Hlaing ស្មើនឹងអនុប្រធានាធិបតីមីយ៉ាន់ម៉ា៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាប្រាប់រដ្ឋបាលថ្មីខ្លួនថា ការកាន់អំណាចរបស់កងទ័ពគឺជៀសមិនរួចទេ

ចុចអាន៖ តើរដ្ឋប្រហារលើកនេះអាចបញ្ចប់ជីវិតនយោបាយរបស់លោកស្រី ស៊ូជី ពិតមែនឬទេ?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services