Connect with us

នយោបាយ

ប្រធានសភាស្នើ​អាមេរិកបន្តតាមដានបទ​ឈប់បាញ់ខណៈដែល​ថៃ​នៅ​តែ​បន្ត​បំពាន

បានផុស

នៅ

ប្រធានសភា​កម្ពុជា សម្ដេច​សភាធិបតី ឃួន សុដារី បាន​ស្នើ​ដល់​សមាជិក​សភាអាមេរិក​ជួយ​ផ្ដល់​ព័ត៌មាន​និង​ជំរុញ​ដល់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​តាមដាន​ការ​អនុវត្តបទ​ឈប់​បាញ់​កម្ពុជា​-ថៃ បន្ទាប់ពីថៃ​នៅ​តែ​បំពាន​ជា​បន្តបន្ទាប់​។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​សម្ដេច​ប្រធាន​សភា​ជួប​ជាមួយ​គណប្រតិភូសភាអាមេរិក​ដឹក​នាំ​ដោយ​សមាជិកសភាបក្សសាធារណរដ្ឋ​លោកស្រី Beth Van Duyne នៅវិមាន​រដ្ឋសភាព្រឹក​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ២០២៥នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករង​ខុទ្ទកាល័យ​សម្ដេច​ប្រធាន​សភា​លោក ប៉ែន ប្រាកដ បាន​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​នៅព្រឹក​ថ្ងៃទី​២៨ ខែ​សីហា​នេះ​ថា ក្នុង​ជំនួបនេះ​សម្ដេច​ប្រធានសភាបានថ្លែង​អំណរ​គុណ​ដល់​សហរដ្ឋអាមេរិក​ដែល​បានអន្តរាគមន៍​ទាន់​ពេល​វេលាបញ្ជប់​នូវ​ការ​ឈ្លាន​ពាន​ពី​ថៃដែល​នាំ​ឱ្យ​មាន​បទ​ឈប់បាញ់កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា កន្លង​ទៅ។ ជាមួយ​គ្នា​នេះ​សម្ដេច​ក៏​បាន​ស្នើ​ឱ្យរដ្ឋាភិបាល​អាមេរិក​មាន​ការ​តាម​ដានការ​អនុវត្តបទ​ឈប់បាញ់​នេះ​ផងដែរ។

លោក ប៉ែន ប្រាកដ​ បាន​លើក​ឡើង​ថា៖ «នេះ​ជា​គឺ​សំណូម​ពរ​យ៉ាង​ទទូច​នៅ​ក្នុង​ជំនួប»។

សម្ដេច​សភា​ធិបតី​បាន​បញ្ជាក់​ចំពោះ​មុខ​សមាជិក​សភា​អាមេរិក​ទាំង​បក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យថាកម្ពុជា​មិន​ចង់​បាន​សង្គ្រាម​នោះ​ទេ និង​ចង់​រួម​រស់​ដោយ​សន្ដិភាព​ជា​មួយ​ប្រទេស​ជិតខាង។

តំណាងប្រតិភូ​សភាអាមេរិកលោកស្រី Beth Van Duyne បាន​ជម្រាប​សម្ដេច​ប្រធាន​រដ្ឋសភាថាការ​ធ្វើ​ដំណើរ​មក​កម្ពុជា​នៅពេល​នេះ​គឺ​ដើម្បីមក​ពិនិត្យ​លើ​ស្ថានភាព​ពិតជាក់ស្ដែងនៃជម្លោះប្រដាប់​អាវុធកម្ពុជា​ថៃ​និង​ការ​អនុវត្តបទ​ឈប់បាញ់​រវាង​ប្រទេស​ទាំង​ពីរ។

លោកស្រីក៏បានគូសបញ្ជាក់ថា មុនមកបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រីក៏បានបំពេញទស្សនកិច្ចនៅប្រទេសថៃផងដែរ។ តាមរយៈដំណើរទស្សនកិច្ចនេះ ឃើញថាប្រជាពលរដ្ឋប្រទេសទំាងពីរត្រូវការសន្តិភាព និងស្រឡាញ់សន្តិភាពដូចគ្នា។ 

បន្ទាប់ពីមាន​ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃចំនួន​៥​ថ្ងៃ​កាលពី​ចុង​ខែ​កក្កដា ប្រទេស​ទាំង​ពីរ​បាន​សម្រេច​បាន​បទ​ឈប់បាញ់​មួយ​នៅ​យប់​ថ្ងៃទី​២៨ ខែ​កក្កដា ក្រោម​ការ​ផ្ដួច​ផ្ដើម​គំនិត​ពី​សហរដ្ឋអាមេរិក និងសម្របសម្រួល​ដោយ​ប្រទេស​ម៉ាឡេស៊ី ខណៈចិន​ជាអ្នក​សង្កេត​ការណ៍។ ទោះ​ជា​យ៉ាង​ណា​ក្រោយ​បទ​ឈប់បាញ់​នេះ​ថៃ​បាន​ធ្វើការ​បំពាន​ជា​បន្តបន្ទាប់ដូច​ជា​ចូល​មក​ចាប់​ទាហាន​ខ្មែរ ដើរល្បាតចូលដី​ខ្មែរ រាយ​បន្លាលួសចូល​ភូមិស្រុក​ពលរដ្ឋ​ខ្មែរ​ជា​ដើម ខណៈកម្ពុជា​បាន​ធ្វើ​ការ​តវ៉ា​ និងអំពាវនាវ​ឱ្យ​ថៃ​បញ្ឈប់​សកម្មភាព​នេះជាបន្តបន្ទាប់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម