Connect with us

អាជីព

លោក មុំ វ៉ារិន ចាប់ផ្ដើមពីដើមទុន ៣០០០ដុល្លារ រហូតបង្កើតបានក្រុមហ៊ុនធំៗ ចំនួន ៣

បានផុស

នៅ

អ្នកជំនួញមួយរូប បានចាប់ផ្ដើមចេញរកស៊ី ដោយប្រើប្រាស់ដើមទុនពីដំបូងប្រមាណ ៣០០០ដុល្លារ រហូត​បង្កើត​​បាន​ក្រុម​ហ៊ុនធំៗ ចំនួន ៣។ អ្នកជំនួញរូបនេះ មានឈ្មោះថា មុំ វ៉ារិន ហើយកំពុងដឹកនាំក្រុមហ៊ុន ៣ ដែល​ពាក់ព័ន្ធ​វិស័យ​ថាមពល, វិស័យអប់រំ, និងវិស័យ E-commerce។ ខាងក្រោមនេះ ជាប្រវត្តិខ្លះៗ អំពីការសិក្សា ការងារ និងមុខរបរ របស់លោក មុំ វ៉ារិន។

លោក មុំ វ៉ារិន កើតនៅឆ្នាំ១៩៧៧ ហើយមានស្រុកកំណើត នៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយ​រៀង។ លោកកើតនៅក្នុងគ្រួសារ ដែលមានឪពុក-ម្ដាយ ជាកសិករ ហើយមានបងប្អូនទាំងអស់ ៥នាក់។ កុមារា វ៉ារិន ចូលរៀននៅបឋមសិក្សានៅឯស្រុកកំណើត មុននិងបន្តសិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅទីរួមខេត្ត​ស្វាយ​រៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន មុំ វ៉ារិន បានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ១៩៩៦ ហើយបានមកបន្តការសិក្សានៅរាជធានីភ្នំពេញ។ មក​ភ្នំពេញ យុវជនរូបនេះ បានប្រឡងជាប់មហាវិទ្យាល័យចំនួន ៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, វិទ្យាស្ថាន​ពាណិជ្ជសាស្រ្ដ, និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ហើយបានបន្តរៀនទាំង ៣មហាវិទ្យាល័យ រហូតដល់ឆ្នាំទី៣ ទើបសម្រេចចិត្ត ជ្រើសរើសយកមួយមុខវិជ្ជាវិញ។ ចុងក្រោយយុវជន វ៉ារិន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក​កសិក​ម្ម ពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ចំពោះការប្រឡងជាប់រហូតដល់ ៣មហាវិទ្យាល័យនោះ លោក មុំ វ៉ារិន បានប្រាប់ថា នៅពេលយើងសិក្សា​នៅ​ថ្នាក់​វិទ្យាល័យនោះ ទិសដៅសំខាន់បំផុត គឺប្រឡងឲ្យជាប់ថ្នាក់បាក់ឌុបហ្នឹងតែម្ដង ដូច្នេះសិស្សម្នាក់ៗ ត្រូវតែខិតខំរៀន​សូត្រ ហើយរៀនឆ្អិន និងឲ្យច្បាស់។ មែនទែនទៅយុវជន មុំ រ៉ារិន ជាសិស្សពូកែម្នាក់នៅខេត្តស្វាយរៀង ដែល​កាល​សម័យនោះ អ្នកនៅស្វាយរៀងភាគច្រើនស្គាល់យុវជនរូបនេះ។ ដោយសារតែ មានការខិតខំប្រឹងប្រែងរៀនសូត្រ នៅ​ថ្នាក់វិទ្យាល័យ ដូច្នេះពេលប្រឡងចូលមហាវិទ្យាល័យ គឺមានភាពងាយស្រួល ព្រោះវិញ្ញាសារប្រឡង​ប្រហាក់​ប្រហែលគ្នា។

នៅក្នុងអំឡុងពេលរៀនមហាវិទ្យាល័យនោះ លោក មុំ​ វ៉ារិន បានប្រឹងប្រែងរៀនសូត្រផង និងខិតខំធ្វើការងារក្រៅ​ម៉ោង​ផង ដើម្បីផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃ។ ក្រោយមកលោក បានចូលបម្រើការងារ ក្នុងស្ថាប័នអង្គការ​ក្រៅ​រដ្ឋា​ភិបាល រហូត​ក្លាយជាប្រធានក្នុងអង្គការមួយផងដែរ។ បន្ទាប់មកទៀតនៅឆ្នាំ ២០០៨​ លោក វ៉ារិន បានបោះបង់​ចោល​ការងារជាប្រធានអង្គការ ដោយចាប់យកមុខជំនួញតូចមួយ នោះគឺបើកលក់ប្រេងឥន្ធនៈ នៅតាមបណ្ដោយ​ផ្លូវជាតិលេខ ២។

បន្ទាប់ពីមានភាពរីកចំរើនបន្តិចមក នៅឆ្នាំ ២០១៤ លោកបានបង្កើតក្រុមហ៊ុនមួយឈ្មោះ Japan Tech ដែល​ពាក់​ព័ន្ធនឹងថាមពល ហ្គាស សាំង និងឡចំហាយជាដើម។ ការចាប់ផ្ដើមធ្វើជំនួញដំបូង លោក មុំ វ៉ារិន បានចំណាយ​ដើម​ទុនប្រមាណ ៣០០០ដុល្លារប៉ុណ្ណោះ ព្រោះពីដំបូងឡើយ គ្រាន់តែជាការលក់ប្រេងឥន្ធនៈដាក់ធុង ដើម្បីស្ទាប​ស្ទង់​ទីផ្សារ។ មិនថាតែរឿងតូច ឬរឿងធំ ឬមិនថាតែជាការចាប់ផ្ដើមដំបូង ឬក៏ធ្វើយូរហើយក៏ដោយ ឧបសគ្គ ឬបញ្ហា​ប្រឈមនានា តែងតែកើតមានជាបន្តបន្ទាប់ គ្រាន់តែថា ការចាប់ផ្ដើមត្រូវតែការប្រយ័ត្នប្រយែង និងផ្ចិតផ្ចង់បន្តិច។

លើសពីនេះទៀត រឿងដែលសំខាន់នោះ គឺការសំឡឹងមើលទីផ្សារឲ្យបានត្រឹមត្រូវ ព្រោះកាលណា យើងសំឡឹង​មើល​ទីផ្សារបានត្រឹមត្រូវហើ​យ នោះជាសក្ដានុពលនៃចំណុចចាប់ផ្ដើម នៃភាពរីកចំរើនសម្រាប់អាជីវកម្មហើយ។ «ការចាប់ផ្ដើមយើងដឹងហើយ វាមានឧបសគ្គ អញ្ចឹងអ្វីដែលយើងឈ្នះឧបសគ្គបាន គឺការអត់ធ្មត់ និងការដែលយើង​ត្រូវខំធ្វើការងារហ្នឹងបន្តទៅទៀត ព្រោះរឿងខ្លះវាមិនអាចថា យើងចាប់ផ្ដើមទៅវាជោគជ័យភ្លាមទេ»។ នេះជាកា​រ​យល់​​ឃើញ របស់លោក មុំ វ៉ារិន។

សព្វថ្ងៃនេះលោក មុំ វ៉ារិន មានក្រុមហ៊ុនធំៗ​ ក្នុងដៃចំនួន ៣ ដែលរួមមាន៖ ទី១. ក្រុមហ៊ុន Japan Tech ត្រូ​វបាន​បង្កើត​ឡើងនៅឆ្នាំ ២០១៤ ហើយជាក្រុមហ៊ុន​បម្រើ​សេវាកម្មសាងសង់ ស្ថានីយ៍ប្រេងឥន្ធនៈ និងហ្គាស ឡចំហាយ និង​ផ្គត់​ផ្គង់​សម្ភារៈផងដែរ។ ទី២. ក្រុមហ៊ុន មុំ វ៉ារិន អ៊ិនវេសម៉ិន ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ហើយជា​ក្រុម​ហ៊ុនបម្រើសេវាផ្នែក E-commerce និងការនាំចេញ-នាំចូល។ ទី៣. សាលាអន្តរជាតិ Asia-Pacific Fredfort International School (AFIS) ត្រូវបានបង្កើតនៅឆ្នាំ ២០១៥ ដែលផ្តោតសំខាន់លើវិស័យអប់រំបណ្ដុះបណ្ដាល។

មូលហេតុដែលលោក មុំ វ៉ារិន ចាប់យកមុខជំនួញទាំងអស់នេះ ដោយសារតែការស្រលាញ់ចូលចិត្ត ហើយក៏យល់ថា ជាវិស័យសំខាន់ៗ ដែលប្រជាពលរដ្ឋត្រូវការខ្វះមិនបានផងដែរ។ សម្រាប់វិ​ស័​យ​អប់រំ គឺលោកមានការស្រលាញ់​ចូល​​ចិត្ត ហើយចង់ចែករំលែកផ្នត់គំនិត សម្រាប់ក្មេងជំនាន់ក្រោយ។ វិស័យអប់រំគឺជាវិស័យ ដែលត្រូវការចាំបាច់​សម្រាប់​មនុស្សជាតិ មិនថាតែកូនអ្នកមាន ឬកូនអ្នកក្រនោះទេ សុទ្ធសឹងតែត្រូវការរៀនសូត្រ។

សម្រាប់ជំនួញក្នុងវិស័យថាមពល លោកមើលឃើញថា ទោះបីនាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត និងប្រទេ​ស​ជាតិ មាន​​ការរីកចំរើនប៉ុណ្ណាក៏ដោយ ក៏ត្រូវការថាមពលដែរ។ ចំណែកមុខជំនួញ ពាក់ព័ន្ធនឹងវិស័យ E​-commer ceវិញ លោក មុំ វ៉ារិន បានសំឡឹងឃើញថា នាពេលអនាគតទៅ ប្រជាពលរដ្ឋខ្មែរយើង មិនខុសពីប្រជាពលរដ្ឋ​នៅ​លើពិភពលោកទេ គឺត្រូវផ្ដោតលើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ពាក់ព័ន្ធទៅនឹងប្រព័ន្ធ Technology។ ដូច្នេះនា​ពេល​អនាគតប្រជាពលរដ្ឋខ្មែរយើង នឹងត្រូវធ្វើអ្វីមួយពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យាដែរ ដែលនេះជាចំណុចលោក​មើល​ឃើញ ពីទស្សនៈវិស័យដែលលោកបើកក្រុមហ៊ុនទាំង ៣ខាងលើនេះ។

ការដឹកនាំ ឬរបៀបដឹកនាំក្រុមហ៊ុនទាំង ៣នេះ លោក មុំ វ៉ារិន បានបង្កើត​នូវ​គោល​នយោបាយ​ស​ម្រា​ប់​​ដឹក​នាំ​ក្រុមហ៊ុននីមួយៗ ហើយការជ្រើសរើសមនុស្ស ដើម្បីយកមកបម្រើការងារក្នុង​ផ្នែក​នីមួយ​ៗ គឺជាចំណុច​ស្នូលនៃ​ដំណើរ​ការរបស់ក្រុមហ៊ុន។ លោកថា ការបង្កើតបទដ្ឋានគោលនយោបាយ និងច្បាប់ទម្លាប់របស់ក្រុមហ៊ុន ជារឿងចាំបាច់ទី​១ ការជ្រើសរើសមនុស្សឲ្យត្រូវ គឺជារឿងទី២ ការផ្ដល់មនុស្សឲ្យត្រូវ គឺជារឿងទី៣ ការបណ្ដុះបណ្ដាលមនុស្សឲ្យត្រូវ គឺជារឿងសំខាន់ទី៤ សម្រាប់ការគ្រប់គ្រងស្ថាប័ន ឬក្រុមហ៊ុនមួយ។

នៅពេលដែលសម្រេចចិត្ត ធ្វើជាអ្នកដឹកនាំមុខជំនួញហើយ លោក មុំ វ៉ារិន បានដឹង និងតាំងចិត្តរួចហើយ ទៅលើ​ប្រឈមបញ្ហា​លំបាកនានា ដែលជួបប្រទះ និងត្រូវដោះស្រាយ។ បញ្ហាតែងតែកើតមានជារឿងធម្មតា ដូចអ្វីដែល​យើងហូបបាយដូច្នេះដែរ មានន័យថា ពេលយើងជួបបញ្ហា យើងត្រូវដោះស្រាយ ដូចដែលយើងហូបបាយរាល់​ថ្ងៃ​ដែរ។ លោក មុំ វ៉ារិន បាននិយាយថា «ចឹងវាសាមញ្ញ គ្រាន់តែពេលខ្លះ វារឿងតូច ឬធំ ដែលយើងត្រូវដោះស្រាយ ហើយក៏​ដោះស្រាយ ក៏ជាវិញ្ញាសារមួយសម្រាប់យើងដែរ បើសិនជាយើងដោះស្រាយបាន បានន័យថាយើងខ្លាំង បើជាយើងដោះស្រាយមិនបាន មានន័យថាយើងខ្សោយ»។ ដូច្នេះក្នុងមួយថ្ងៃៗ យើងត្រូវពង្រឹងនូវយន្តការ ការងារ​ប្រ​ចាំថ្ងៃផង និងយន្តការដោះស្រាយបញ្ហានានាផង។

បញ្ហាការរាតត្បាតជំងឺកូវីដ-១៩ គឺជាបញ្ហាសកល ដែលធ្វើឲ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច-សង្គម ប្រទេសនានា​នៅ​លើពិភពលោក។ មិនខុសគ្នាដែរ ក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ បញ្ហាជំងឺកូវីដ-១៩ បានធ្វើឲ្យក្រុមហ៊ុនរបស់​លោក មុំ វ៉ារិន ជួបបញ្ហាប្រឈមមួយចំនួនដែរ ដោយសារក្រុមហ៊ុនរបស់លោក ធ្វើការងារជាមួយដៃគូនៅក្រៅ​ប្រទេស​។ នៅពេលជំងឺរាតត្បាតនេះ កើតឡើងធ្វើឲ្យប៉ះពាល់ដល់សង្វាក់ផលិតកម្ម នៅក្រៅប្រទេស ដែលនាំឲ្យ​ការដឹកជញ្ជូន និងការផលិតពីខាងក្រៅមានការយឺតយ៉ាវ ហើយធ្វើប៉ះពាល់ដល់ដំណើរក្រុមហ៊ុនរបស់លោកដែរ។

រឿងរ៉ាវខ្លះ វាត្រូវពឹងផ្អែកទៅលើពេលវេលា ដើម្បីដោះស្រាយ ដូចជាករណីការរាតត្បាតជំងឺកូវីដ-១៩អញ្ចឹង នៅ​ពេល​ដែលប្រទេស​នានានៅលើពិភពលោក បានចាក់វ៉ាក់សាំងបង្ការបានច្រើនហើយនោះ ដំណើរការសង្គម-សេដ្ឋ​កិច្ចសម្រាប់ប្រទេសនានា ក៏ចាប់ផ្ដើមកំរើកឡើងវិញដែរ។ រីឯក្រុមហ៊ុនរបស់លោក មុំ វ៉ារិន ក៏ចាប់ផ្ដើមធ្វើដំណើរ​ការ ជាប្រក្រតីឡើងវិញដែរ​ ដែលនេះសញ្ញាណល្អមួយ មិនមែនតែសម្រាប់លោកនោះទេ តែសម្រាប់ប្រជាពលរដ្ឋ របស់​យើងទាំងអស់គ្នា។

នៅពេលសួរថា តើលោកគិតថា លោកកំពុងទទួលបានជោគជ័យហើយឬនៅ? លោក មុំ វ៉ារិន បាននិយាយថា លោកមិនដឹងថា អ្នកជោគជ័យ ត្រូវយកអ្វីទៅវាស់នោះទេ។ ប៉ុន្តែសម្រាប់លោក ភាពជោគជ័យ គឺការសម្រេចទៅ​លើគោលបំណង តើថាអ្វីជាគោលបំណងចុងក្រោយ របស់យើង? លោកបាននិយាយដូច្នេះថា «សម្រាប់ខ្ញុំ ភាព​ជោគជ័យ គឺបាន​ន័យ​ថា ខ្ញុំធ្វើឲ្យគ្រួសារមួយភាពកក់ក្ដៅ កូនចេះដឹងរៀនបានខ្ពង់ខ្ពស់ ដែលអាចជាចំណុចមួយ ហើយគ្រួសារមិន​ឈ្លោះ​ប្រកែកគ្នា អាហ្នឹងវាជារឿងសំខាន់ទីមួយ ចំណុចទីពីរ ពាក់ព័ន្ធទៅនឹងគោល​បំណង​របស់​យើង បានន័យថា តើអ្វីជា​បំណងចុងក្រោយរបស់យើង? ខ្ញុំគិតថា មកដល់ពេលនេះ វាជាដំណើរផ្លូវដែល​យើង​ត្រូវទៅទេ អញ្ចឹងខ្ញុំយល់ថា រឿងរ៉ាវច្រើនទៀត ដែលយើងត្រូវធ្វើ ដើម្បីសម្រេចនូវគោលបំណងរបស់យើង អញ្ចឹង​នៅពេលយើងសម្រេច នូវគោលបំណងចុងក្រោយរបស់យើង នោះបានហៅថា ជោគជ័យទីពីរ អញ្ចឹងសម្រាប់ភាព​ជោគជ័យ នៅក្នុងគោលបំណងរបស់ខ្ញុំ គឺមិនទាន់ដល់នោះទេ»។

សម្រាប់ចំណុច​ទីបីរ នៃភាពជោគជ័យ របស់មនុស្សម្នាក់ៗ គឺការអាចជួយសង្គមបាន។ លោក មុំ វ៉ារិន បាន​លើក​ឡើងថា រាល់ថ្ងៃក្រៅពីផលចំណេញ ក្រុមហ៊ុនរបស់លោក ក៏ផ្ដោតទៅលើការបណ្ដុះបណ្ដាលធនធានមនុស្ស និង​ផ្នែកបច្ចេកទេសផងដែរ ដែលនេះដំណើរផ្លូវមួយដែរ សម្រាប់លោកនៅក្នុងភាពជោគជ័យ។ ដូច្នេះភាពជោគជ័យ សម្រាប់មនុស្សម្នាក់ៗ ត្រូវមាន ៣ គឺ ជោគជ័យក្នុងគ្រួសារ, ជោគជ័យនៅក្នុងការងារ, និងជោគជ័យនៅ​ក្នុងការ​ជួយសង្គម។

ការរកស៊ី វាមិនមែនជាផ្លូវរលោងស្រិល ដូចកន្លែងដែលយើងលេងប៊ូលីងនោះទេ។ ការរកស៊ី ត្រូវជួបឧបសគ្គ និង​បញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយ។ សម្រាប់លោក មុំ វ៉ារិន បានផ្ដល់នូវគំនិតមួយចំនួន ដ​ល់​អ្នក​ដែល​ចង់​រកស៊ីនូវមុខរបរ ឬអាជីវកម្មអ្វីមួយថា៖ ចំណុចទីមួយ ត្រូវប្រកបមុខរបរ ឬអាជីវកម្មណា ដែលយើងអាចចេះ ព្រោះ​ដើម្បីទប់ស្ថានភាពនៃអាជីវកម្ម ឬមុខរបររបស់យើងបាន។ ចំណុចពីរ គឺត្រូវមានភាពអត់ធ្មត់ ភាពអត់ធ្មត់ គឺជាកត្តា​ឈ្នះមួយ បើគ្រាន់តែយើងមានចំណេះ តែខ្វះការអត់ធ្មត់ ក៏យើងមិនអាចឈ្នះបានដែរ។ ចំណុចទីបីរ គឺត្រូវឲ្យអ្នក​ពាក់ព័ន្ធ​ទាំងអស់យល់ អំពីអាជីវកម្ម ឬមុខរបររបស់យើង។ ឲ្យពួកគេយល់ថាតើ យើងស្ថិតក្នុងដំណាក់កាលណា ហើយថាតើ ត្រូវរួមគ្នាដោះស្រាយយ៉ាងដូចម្ដេច? ចំណុចទាំងនេះ អាចឲ្យអាជីវកម្ម ឬមុខរបរមួយ អាចដំណើរការ​ទៅ​មុខបាន។

ក្នុងនាមជាអ្នកដឹកនាំជំនួញធំៗ ចំនួន ៣ លោក មុំ វ៉ារិន បានលើកទឹកចិត្តឲ្យយុវជនជំនាន់ក្រោយ គួរតែហ៊ានចាប់​ផ្ដើមពីអ្វីដែលខ្លួនមាន ដោយយើងចំណេះអ្វី យើងធ្វើហ្នឹងទៅ យើងមានធនធានប៉ុនណា យើងចាប់ផ្ដើមពីធនធាន​ប៉ុននោះទៅ។ លោកយល់ថា ការចូលរួមរបស់យុវជនជំនាន់ក្រោយ នៅក្នុងកិច្ចការងារសង្គម និងការអភិវឌ្ឍន៍ គឺជា​រឿងចាំបាច់មិនអាចខ្វះបាន ដែលយុវជនអាចជួយ ធ្វើឲ្យប្រទេសរបស់យើងរុងរឿង ទៅមុខបាន។ ប៉ុន្តែប្រសិនបើ យុវជនជំនាន់ក្រោយ ចាំតែអង្គុយមើល និងចាំតែថានោះ ក៏មិនអាចធ្វើឲ្យប្រទេសរបស់យើង មានវឌ្ឍនភាពទៅ​បាន​ល្អនោះ​ដែរ។ ដូច្នេះប្រទេសជាតិមួយ រុងរឿងទៅបាន វាទាមទារពលរដ្ឋសកម្ម៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម